ប្លង់គោលរាជធានីភ្នំពេញ ឆ្នាំ២០៣៥ ត្រូវបានកែសម្រួល ដើម្បីងាយស្រួលរៀបចំ ប្រព័ន្ធប្រឡាយ សំណង់ និងការផ្ដល់ប្លង់កម្មសិទ្ធិដីធ្លី


រាជធានីភ្នំពេញ បច្ចុប្បន្នមានផ្ទៃដីគោលទំហំ ៦៩២ គីឡូម៉ែត្រការ៉េ បែងចែកចេញជា ១៤ ខណ្ឌ និងសង្កាត់ចំនួន ១០៥ និងប្រជាជនរស់នៅជិត ៣ លាននាក់។ ការកំណត់ប្លង់គោល (Master Plan) រាជធានីភ្នំពេញ ជាកត្តាដ៏ចាំបាច់បំផុត សម្រាប់ទិសដៅអភិវឌ្ឍន៍ បែកចែកដីសម្រាប់ប្រើប្រាស់ ធានាការគ្រប់គ្រងធនធាន ប្រព័ន្ធធារាសាស្ត្រ និងការផ្ដល់ប្លង់កម្មសិទ្ធិ ជូនប្រជាពលរដ្ឋ អោយបានលឿនជាដើម។

ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំ ជុំវិញការកែសម្រួល (Update ) ប្លង់គោលរាជធានីភ្នំពេញ នូវចំណុចមួយចំនួន ដើម្បីបង្កើតនូវប្លង់គោលថ្មី សម្រាប់ការប្រើប្រាស់ ដីថ្នាក់ខណ្ឌ តាមចក្ខុវិស័យឆ្នាំ២០៣៥។ ឯកឧត្តម បានមានប្រសាសន៍ថា សម្រាប់ភូមិបាល ខណ្ឌទាំង ១៤ ខណ្ឌត្រូវក្តាបប្លង់មេ អោយបានច្បាស់លាស់ មុននឹងផ្ដល់អោយមាន ការវិនិយោគអភិវឌ្ឍន៍អ្វីមួយ ពោលគឺការអភិវឌ្ឍន៍ក្រុង ត្រូវធ្វើតាមប្លង់មេ ទាំងប្រឡាយទឹក និងសំណង់ផ្សេងៗទៀត។

ប្លង់គោលចក្ខុវិស័យ រាជធានីភ្នំពេញ ឆ្នាំ២០៣៥ នឹងត្រូវកែសម្រួល (update) នូវរយៈពេលចន្លោះពី ៨ ទៅ ១០ ឆ្នាំម្ដង ដើម្បីងាយសម្រួល ការគ្រប់គ្រងប្លង់ កម្មសិទ្ធិដីធ្លីជាប្រព័ន្ធ និងការចេញប្លង់កម្មសិទ្ធិ ជូនដល់ប្រជាពលរដ្ឋ អោយបានលឿន។

សូមបញ្ជាក់ផងដែរថា ប្លង់មេរាជធានីភ្នំពេញ ឆ្នាំ២០៣៥ បានជំរុញដល់ ការអភិវឌ្ឍន៍រាជធានី ចេញពីចំណុចស្នូលកណ្ដាល ពោលគឺចំណុចប្រសព្វ នៃទន្លេចតុមុខ ជាអត្តសញ្ញាណនៃភ្នំពេញ ដើរតួនាទីជា មជ្ឈមណ្ឌលនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ ប្រកបដោយ ភាពប្រកួតប្រជែង។ ប្លង់មេរាជធានីភ្នំពេញ ជាការកំណត់ទិសដៅអភិវឌ្ឋន៍ ប្រកបដោយវឌ្ឍនភាព សមធម៌ និងចីរភាព សម្រាប់តំបន់រដ្ឋបាល នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងធានាដល់គុណភាពរស់នៅល្អ ប្រកបដោយសុខដុមនីយកម្ម ភាពឆ្លាតវៃ និងបរិយាប័ន្នផងដែរ។