កម្ពុជា ស្នើឱ្យបណ្តាប្រទេស ជាសមាជិកអាស៊ានទាំងអស់ លើកកម្ពស់ការសិក្សាវិស្វកម្ម ឱ្យមានគុណភាព!


ថ្លែងក្នុងសន្និសីទនៃ អង្គការសហព័ន្ធវិស្វកម្មអាស៊ានលើកទី៤០ ក្រោមមូលបទ “ការផ្លាស់ប្ដូរតួនាទីវិស្វករ ក្នុងយុគសម័យឧស្សាហកម្ម ៤.០” ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សា គណៈវិស្វករកម្ពុជា បានសំណូមពរឱ្យ បណ្តាប្រទេសជា សមាជិកអាស៊ានទាំងអស់ ជួយជំរុញលើការរៀបចំ កម្មវិធីសិក្សាវិស្វកម្ម និងការទទួល ស្គាល់គុណភាពអប់រំវិស្វកម្ម ឱ្យមានស្តង់ដារ ប្រហាក់ប្រហែលគ្នាមួយ ដើម្បីឱ្យវិស្វករដែលបញ្ចប់ ការសិក្សាពីមហាវិទ្យាល័យ នៃប្រទេសក្នុងតំបន់ មានការទទួល ស្គាល់គ្នាទៅវិញទៅមក ស្របទៅនឹងកិច្ចព្រមព្រៀងទទួល ស្គាល់គ្នាទៅវិញទៅមក លើសេវាកម្មវិស្វកម្មអាស៊ាន ដែលបានចុះហត្ថលេខា ជាមួយគ្នាកាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០០៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

លើសពីនេះទៅទៀត ដើម្បីពន្លឿនការផ្លាស់ប្តូរអាស៊ាន ទៅកាន់ឧស្សាហកម្ម ៤.០ ដោយផ្តោតពិសេសលើ ការចាប់ផ្តើមអាជីវកម្មសហគ្រាសធុនតូច និងមធ្យម ទីក្រុងឆ្លាតវៃ និងការអប់រំវិជ្ជាជីវៈ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តដល់ សមាជិកនៃអង្គការសហព័ន្ធ វិស្វកម្មអាស៊ានទាំងអស់ ផ្តោតការយកចិត្តទុកដាក់ លើកិច្ចការមួយចំនួន ដូចខាងក្រោម៖

ទី១- សិក្សាពីលទ្ធភាពនៃការបង្កើតយន្តការថ្មីៗ និងបង្កើតជាវេទិកា បើកចំហដើម្បីគាំទ្រ ដល់រដ្ឋាភិបាលលើវិស័យអប់រំ និងឧស្សាហកម្ម រួមទាំងការលើកកម្ពស់ ការតភ្ជាប់ខ្សែសង្វាក់ឌីជីថល។

ទី២- ចែករំលែកព័ត៌មាន បទពិសោធន៍ និងការអនុវត្តល្អបំផុតលើការបង្កើត និងអនុវត្តគោលនយោបាយ លើកកម្ពស់ឧស្សាហកម្ម ៤.០។

ទី៣- រៀបចំជាយុទ្ធសាស្ត្រ បង្រួបបង្រួមអាស៊ាន ស្តីពីការវិវឌ្ឍឧស្សាហកម្ម ៤.០ ដោយសង្កត់ធ្ងន់លើ ការលើកកម្ពស់នវានុវត្តន៍ និងឧស្សាហកម្មបច្ចេកវិទ្យា។

ទី៤- ពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការអភិវឌ្ឍក្របខ័ណ្ឌ គតិយុត្តក្នុងការគាំទ្រ ការផ្លាស់ប្តូរឧស្សហកម្មអាស៊ាន ទៅឧស្សហកម្ម ៤.០ តាមរយៈកិច្ចសន្ទនាសាធារណ: និងឯកជន ជាមួយនឹងការសហការ ជាមួយអង្គការអន្តរជាតិ និងដៃគូអភិវឌ្ឍន៍ ក្នុងគោលដៅសម្របសម្រួល ការអនុលោម និងការបញ្ជាក់ស្តង់ដារឌីជីថល សម្របសម្រួល រំហូរទិន្នន័យឆ្លងដែន និងអភិវឌ្ឍវេទិការួមមួយ លើតំណភ្ជាប់ស្ថិតិឧស្សាហកម្ម តាមរយៈការប្រើប្រាស់បច្ចេក វិទ្យាឌីជីថល។

និងទី៥- ចូលរួមដោះស្រាយបញ្ហាប្រឈម ដែលនឹងកើតមានឡើងពី ការរីកចម្រើននូវឧស្សាហកម្ម ៤.០ ក្នុងអាស៊ាន និងស្វែងរកដំណោះស្រាយ ដើម្បីឆ្លើយតបនូវបញ្ហាប្រឈម ទាំងនោះ។