ខួរក្បាលគឺជាផ្នែកមួយដ៏សំខាន់បំផុត នៅក្នុងខ្លួនមនុស្សដែលជាទូទៅយើងប្រើវាទៅលើការដឹកនាំ ការគិត និងការវិនិច្ឆ័យផ្សេងៗ។ រស់នៅ នៅក្នុងសង្គមមួយ យើងមិនអាចដឹងបានឡើយ ថាយើងគឺ ជាមនុស្សប្រភេទណា នៅក្នុងខ្សែភ្នែករបស់មនុស្សជុំវិញខ្លួន។
(រូប cover)
យើងរឹតតែមិនដឹងថា ពួកគាត់វិភាគយើងទៅលើផ្នែកណាមួយខ្លះឡើយ? មានដឹងអត់ថា រឿងសាមញ្ញតូចៗខាងក្រៅទាំង 8 នេះ អាចជួយឲ្យយើងវិភាគបុគ្គលិកលក្ខណៈ ឬអត្តចរិតណាមួយបាន ហើយវាពិតជាមានប្រសិទ្ធភាពមែនទែន។ អ្នកដែលមានការចេះដឹងខ្ពស់ និងធ្វើការជាមួយមនុស្សច្រើន ពួកគាត់សុទ្ធតែវិភាគអត្តចរិតរបស់មនុស្សជុំវិញខ្លួនគាត់ ជាមួយនឹងរឿងសាមញ្ញ ទាំងនេះផងដែរ។
1. តើអ្នកនិយាយ ទៅកាន់អ្នកទទួលភ្ញៀវ និងអ្នករត់តុ នៅតាមភោជនីយដ្ឋានផ្សេងៗយ៉ាងម៉េចខ្លះ?
នៅពេលអាហារថ្ងៃត្រង់គឺជាពេលមួយ ដែលសមស្របក្នុងការវិភាគទៅលើមនុស្សតែម្តង ព្រោះវាគឺជាពេលវេលាដែលទើបតែសម្រាកបន្ទាប់ពី ការងារពេញមួយព្រឹក អញ្ចឹងនៅតាមទីកន្លែងអាហារដ្ឋានទាំងនោះ អ្នកអាចចាំសង្កេតមើលបុគ្គលនោះបាន។ ជាទូទៅ អ្នកទទួលភ្ញៀវ និងលើកម្ហូបនៅតាមអាហារដ្ឋាន ឬភោជនីយដ្ឋានផ្សេងៗ ពិតជាមានឋានៈ និងចំណេះដឹងទាបជាងយើងហើយ បើសិនជាបុគ្គលម្នាក់នោះ ប្រើពាក្យសម្តីសមរម្យក្នុងការគោរពសិទ្ធិមនុស្ស និងឲ្យតម្លៃទៅលើការងារគ្រប់យ៉ាង ទោះបីជាការងារនោះ ក្រោមគាត់ក៏ដោយ ឬអាចជាការបញ្ចេញទឹកមុខរួសរាយ ទៅកាន់អ្នករត់តុ នេះអាចបង្ហាញបានថា បុគ្គលម្នាក់នោះ គឺជាមនុស្សមានការយល់ដឹងខ្ពស់ ចេះគោរពសិទ្ធិ និងឲ្យតម្លៃមនុស្សនៅជុំវិញ ជាពិសេសគាត់ជាមនុស្សល្អ ចេះជួយទុក្ខធុរៈផងដែរ។ ផ្ទុយទៅវិញ បើបុគ្គលនោះប្រើពាក្យសម្តីមិនសមរម្យ អាកប្បកិរិយាមិនល្អ ដល់អ្នករត់តុ ច្បាស់ណាស់គាត់គឺជាមនុស្សក្រអឺតក្រទម មិនយល់ពីតម្លៃការងារ និងជាមនុស្សគិតពីប្រយោជន៍ផ្ទាល់ខ្លួនតែប៉ុណ្ណោះ។
2. ជាទូទៅ ឆែកទូរសព្ទប៉ុន្មានដងក្នុងពេល មួយម៉ោង?
បើសិនជាអ្នកឆែកទូរសព្ទច្រើនដង ឬលេងទូរសព្ទច្រើន ក្នុងពេលជំនួបជាមួយនរណាម្នាក់ ឬនៅក្នុងអំឡុងពេលប្រជុំ បង្ហាញថាអ្នកគឺជាមនុស្សមិនមានឆន្ទៈខ្ពស់ មិនគោរពយកចិត្តទុកដាក់ជាមួយនឹងមនុស្សនៅជុំវិញខ្លួន។ អ្នកគប្បីប្រើទូរសព្ទតែពេលបន្ទាន់ និងចាំបាច់ប៉ុណ្ណោះ នៅក្នុងពេលដែលអ្នកកំពុងតែស្ថិតក្នុងជំនួបជាមួយនរណាម្នាក់។
3. ទម្លាប់ធ្វើរឿងច្រំដែល និងឆាប់ភ័យខ្លាច
ទម្លាប់លេងក្រចក ខាំក្រចក យកដៃច្បូតសក់ ឬយកដៃមកអង្អែលថ្ងាស់ខ្លួនឯង វាគឺជាអាកប្បកិរិយានៃការធុញទ្រាន់ខ្លាំង ទៅលើអ្វីមួយ ឬជាការបង្ហាញពីការមិនយកចិត្តទុកដាក់ និងហត់នឿយខ្លាំងនូវអ្វីដែលអ្នកកំពុងធ្វើ។ មួយទៀតនោះ គឺជាការឆាប់ភ័យ មានរឿងអីបន្តិចញ័រខ្លួន ឬយកដៃមករឹតទ្រូងខ្លួនឯង បង្ហាញថាអ្នក ជាមនុស្សកំសាក មិនមានឆន្ទៈ និងការតាំងចិត្តច្បាស់លាស់។ មនុស្សប្រភេទនេះ មិនអាចធ្វើការធំបានឡើយ។
4. នៅពេលសួរសំណួរ ឬនិយាយទៅកាន់នរណាម្តងៗ ប្រើពេលយូរប៉ុណ្ណាដែរ?
អ្នកធ្លាប់ដែរអត់ នៅពេលដែលអ្នកនិយាយជាមួយនរណាម្នាក់ គាត់តែងតែនិយាយពីខ្លួនគាត់ជាមួយអ្នក គ្រប់ពេល ដោយមិនមានចោតសួរពីអ្នកបន្តិចសោះ? នៅពេលដែលអ្នក និយាយទៅកាន់គេ ពេលវេលាដែលអ្នកនិយាយនោះ អាចបង្ហាញពីបុគ្គលិកលក្ខណៈ និងប្រភេទនៃអត្តចរិតរបស់អ្នកបាន។ បើសិនជាអ្នកប្រើពេលនិយាយខ្លី ច្បាស់លាស់ ចំគោលដៅនូវអ្វីដែលគេចង់ដឹង ឬផ្តល់ជាដំណោះស្រាយ អាចបង្ហាញថាអ្នកជាមនុស្សខ្លាំង មានការគិតគូច្បាស់លាស់ ជាមនុស្សពូកែអាចដោះស្រាយបញ្ហាបាន។ ប៉ុន្តែបើសិនជាអ្នកសួរសំណួរ ទៅកាន់អ្នកដទៃពាសវាលពាសកាល ប្រើពេលយូរក្នុងការនិយាយ ឬនិយាយតែពីខ្លួនអ្នក ស្តែងថា អ្នកជាមនុស្សនិយាយច្រើន ខ្ជះខ្ជាលពេលវេលា ជាមនុស្សគ្មានភាពច្បាស់លាស់ និងជាពិសេសនោះ គឺជាមនុស្សដែលគិតតែពីខ្លួនឯង។
5. ការចាប់ដៃ (Handshake)
វាគឺជារឿងធម្មតាទេ សម្រាប់ទំនាក់ទំនងរបស់មនុស្សទៅលើរឿងចាប់ដៃមួយនេះ។ ប៉ុន្តែសូម្បីតែប្រភេទនៃការចាប់ដៃនេះក៏អាចឲ្យគេ វិភាគបានពីអត្តចរិតរបស់មនុស្សផងដែរ ដូចជាការចាប់ដៃធ្ងន់ច្របាច់ល្មម អាចបង្ហាញពីការយោគយល់ ចុះសម្រុង និងយល់ស្របបន្ទាប់ពីអ្វីដែលពួកគេបាននិយាយគ្នារួច។ ចាប់ដៃច្របាច់ខ្លាំង អាចនឹងចង់បង្ហាញពីអានុភាព និងភាពខ្លាំងរបស់ខ្លួនជាងដៃគូម្ខាងទៀត ភាគច្រើនមនុស្សដែលចាប់ដៃបែបនេះ ជាមនុស្សមានអំណាច និងចាត់ខ្លួនឯងធំជាងគេ។ ចុងក្រោយជាការចាប់ដៃ ច្របាច់ខ្សោយ បង្ហាញពីភាពមិនច្បាស់លាស់ ភ័យខ្លាច និងមិនទុកចិត្តខ្លួនឯង។
6. ការមកយឺត
អាចបង្ហាញបានថា ជាមនុស្សយឺតយ៉ាវមិនគោរពពេលវេលា ខ្វះទំនួលខុសត្រូវ និងការយកចិត្តទុកដាក់ទៅលើអ្វីដែលខ្លួនកំពុងធ្វើ។
7. អក្សរសរសេរដោយដៃ (Handwriting)
វាក៏អាចបង្ហាញពីអត្តចរិត និងបុគ្គលិកលក្ខណៈមួយចំនួនតាមរយៈការសរសេររបស់មនុស្សផងដែរ។ អក្សរតូចប្រជ្រៀតគ្នា អក្សរធំរាងឃ្លាតគ្នា ការសរសេរសង្កត់ខ្លាំងទៅលើក្រដាស និងសរសេររាងថើៗ សុទ្ធតែអាចបង្ហាញពីភាពខុសគ្នានៃបុគ្គលិកលក្ខណៈរបស់មនុស្ស។ ជាក់ស្តែងអ្នក ដែលសរសេរអក្សរដុត សង្កត់ទៅលើក្រដាសរាងខ្លាំង បង្ហាញពីភាពច្បាស់លាស់ តែរាងស្មុគស្មាញបន្តិចទៅលើអ្វីដែលគេកំពុងតែធ្វើជាដើម។
8. ភ្នែកទល់នឹងភ្នែក (Eye Contact)
វាគឺជាគន្លឹះនៃការទំនាក់ទំនងដ៏មានតុល្យភាព។ អ្នកអាចមើល និងស្មានដឹងទៅលើបុគ្គលដែលអ្នក កំពុងនិយាយទៅកាន់បាន ថាគាត់និយាយត្រឹមត្រូវ មានភាពស្មោះត្រង់ និងកុហកដែរអត់? ប្រើប្រាស់ Eye Contact នៅក្នុងពេលសន្ទនា និងអាចឲ្យអ្នកនិយាយជាមួយភាគីម្ខាងទៀតប្រកបដោយទំនុកចិត្ត។
សរុបមកវិញ ទាំង 8 នេះគឺជារឿងសាមញ្ញធម្មតា ដែលអ្នកអាចយកទៅប្រើបាន ក្នុងការវិភាគអត្តចរិតទូទៅរបស់មនុស្សបានយ៉ាងមានប្រសិទ្ធិភាព។ អ្នកនឹងអាចដឹងពីមនុស្សដែលមានចរិតល្អ ឬមិនល្អ ដែលរស់នៅជិតអ្នកបាន ហើយក៏អាចឲ្យអ្នកត្រៀមខ្លួនរួចជាស្រេច ក្នុងការទំនាក់ទំនង ឬដោះស្រាយជាមួយពួកគេ។