កម្ពុជា ឈរនៅលំដាប់លេខ២ ជាប្រទេសមានបំណុលសាធារណៈ តិចជាងគេបំផុត ក្នុងចំណោមប្រទេសអាស៊ាន


ក្នុងកិច្ចប្រជុំវេទិកាសាធារណៈ ស្តីពី «ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាឆ្នាំ ២០២៣» កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ កន្លងទៅនេះ ឯកឧត្ដម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអះអាងថា កម្ពុជាគឺជាប្រទេស ដែលមានបំណុលសាធារណៈ តិចជាងគេបង្អស់ ក្នុងចំណោមបណ្ដាប្រទេសអាស៊ាន។ ពោលគឺកម្ពុជា ឈរនៅលំដាប់លេខ២ បន្ទាប់ពីប្រទេសព្រុយណេ ដែលជាប្រទេសមិនមាន ការខ្ចីបំណុលពីបរទេស។

ឯកឧត្ដម វង្សី វិស្សុត បានគូសបញ្ជាក់ទៀតថា បំណុលសាធារណៈរបស់កម្ពុជា គឺមានកម្រិតទាប ត្រឹមតែប្រមាណ ៣៤ភាគរយ នៃផលិតផលក្នុងស្រុកសរុប (GDP) ប៉ុណ្ណោះ ហើយបើប្រៀបធៀប ជាមួយបណ្តាប្រទេសនៅអាស៊ាន កម្ពុជាស្ថិតក្នុងលំដាប់លេខ២ បន្ទាប់ពីព្រុយណេ។ ឯកឧត្ដមរដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រីបានថ្លែងបញ្ជាក់ថា៖ «ទិដ្ឋភាពរួមនៃការគ្រប់គ្រង ថវិកាសេដ្ឋកិច្ច បំណុលរបស់កម្ពុជា នៅតិចជាងគេទាំងអស់ នៅអាស៊ាននេះ បំណុលសាធារណៈរបស់យើង តិចជាងគេ បន្ទាប់ពីព្រុយណេ ព្រោះព្រុយណេ អត់មានខ្ចីលុយគេចាយទេ។ ប៉ុន្តែដកព្រុយណេចេញ ខ្មែរបំណុលទាបជាងគេទាំងអស់ បំណុលសម្រាប់ពលរដ្ឋម្នាក់ៗ ក៏ទាបដែរ ប្រជាជនយើងម្នាក់ ជំពាក់ប្រមាណ ៦០០ដុល្លារ»។

ជាមួយគ្នានេះដែរ ឯកឧត្ដមបានបង្ហាញថា គិតត្រឹមបំណាច់ឆ្នាំ២០២២ កម្ពុជាមានបំណុល សាធារណៈចំនួន ៩ ៩៧២,៥៩លានដុល្លារ ក្នុងនោះបំណុលក្រៅប្រទេស ៩ ៩៥៥,០៨លានដុល្លារ និងបំណុលក្នុងស្រុក តាមរយៈការលក់មូលបត្របំណុល ដែលមានជិត ២០លានដុល្លារ។ ដោយឡែកសម្រាប់ ច្បាប់ថវិកាឆ្នាំ២០២៣នេះវិញ រាជរដ្ឋាភិបាល គ្រោងចំណាយថវិកាប្រមាណ ៩ ៦០០ លានដុល្លារ ក្នុងនោះចំណូល ត្រូវរកចំណូលឱ្យបាន ៧ ២០០ លានដុល្លារ ខ្ចីបំណុលសាធារណៈចំនួន ១ ៨០០ លានដុល្លារ និងប្រើប្រាស់ប្រាក់សន្សំចំនួន ៦០០ លានដុល្លារ។ ទន្ទឹមនេះ ឯកឧត្ដមរដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ ឱ្យដឹងបន្ថែមទៀតថា ចំពោះថវិកាដែល កម្ពុជាគ្រោងខ្ចីពីបរទេស និងក្នុងស្រុកចំនួន ១ ៨០០ លានដុល្លារ ក្នុងឆ្នាំ ២០២៣ នេះ នឹងមិនឲ្យមាន ទំហំមិនស្មើនឹង ២០ភាគរយ នៃចំណាយសរុបឆ្នាំ២០២៣នោះទេ។