គម្រោងសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំ ដែលមានដូចជាផ្សារទំនើប រមណីយដ្ឋាន និងចំណតរថយន្តក្រោមដីធំបំផុត នៅរាជធានីភ្នំពេញ បានចាប់ផ្តើមការដ្ឋានសាងសង់ហើយ!


ក្រុមហ៊ុន EDC Juta (Cambodia) ដែលមាន ឧកញ៉ា ចាន់ សុធា អគ្គនាយិកាក្រុមហ៊ុន បានបើកការដ្ឋានសង់ មជ្ឈមណ្ឌលពាណិជ្ជកម្ម ក្រោមដីដ៏ធំមួយ ចំកណ្តាលរាជធានីភ្នំពេញ កាលពីថ្ងៃ ៣ កក្កដាថ្មីៗនេះ។ គម្រោងមជ្ឈដ្ឋានពាណិជ្ជកម្ម ក្រោមដីនេះ រួមមានចំណតរថយន្តច្រើនជាន់ ផ្សារទំនើប រមណីយដ្ឋានប្រណិត និងសេវាកម្មក្រោមដីជាច្រើនទៀត។

ដោយលាតសន្ធឹងលើផ្ទៃដីទំហំ ៣៣,២០ ម៉ែត្រការ៉េ ទីតាំងគម្រោងនេះ មានទីតាំងនៅលើដីឡូតិ៍សំខាន់ៗនៃផ្លូវលេខ ១០៦, ១០៨, និងផ្លូវ ១៣, ១៩ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។

ក្នុងឱកាសនោះដែរ ឧកញ៉ា ចាន់ សុធា បានលើកឡើងថា គម្រោងនេះនឹងជួយ ធ្វើឱ្យប្រសើរឡើងនូវទេសភាពទីក្រុង ដោយផ្តល់ជូននូវ សេវាកម្មជាច្រើន ប្រកបដោយលក្ខណៈពិសេស ពោពេញដោយភាពច្នៃប្រឌិត ដើម្បីផ្តល់អត្ថប្រយោជន៍ ដល់អ្នករស់នៅ និងសកម្មភាពអាជីវកម្មនៅភ្នំពេញ។

បន្ថែមពីនេះ ឧកញ៉ា ក៏បានលើកឡើងដែរថា ចក្ខុវិស័យរបស់ EDC Juta គឺជាតម្រូវការបន្ទាន់ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ ដែលជាបញ្ហាប្រឈម ដោយមជ្ឈមណ្ឌលទីក្រុងជាច្រើន។ តាមរយៈការផ្តល់កន្លែងចតរថយន្តដ៏ទំនើប ដែលមានសមត្ថភាព អាចផ្ទុករថយន្តបានចំនួន ៥១៦ គ្រឿង គម្រោងនេះមានគោលបំណងសម្រួល ដល់ការធ្វើដំណើរ និងលើកកម្ពស់បទពិសោធន៍ ទីក្រុងសម្រាប់ប្រជាជន។

“បន្ថែមពីលើអត្ថប្រយោជន៍ជាក់ស្តែង អគារក្រោមដីក៏នឹង ជម្រុញកំណើនសេដ្ឋកិច្ចផងដែរ ដោយផ្តល់ឱកាសការងារ សម្រាប់អាជីវកម្មខ្នាតតូចក្នុងស្រុក ឱ្យអាចប្រកបមុខរបរលក់ដូរ នៅតាមអគារក្រោមដីនេះបានផងដែរ” ឧកញ៉ាបន្ត។

ដោយឡែក ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានទទួលស្គាល់ការវិនិយោគដ៏សំខាន់នេះ ដែលធ្វើឡើងដោយ EDC Juta (Cambodia) ក្នុងការធានាថា គម្រោងនៃការផ្លាស់ប្តូរថ្មីនេះ ពិតជានឹងទទួលបាន ផលជោគជ័យប្រកបដោយផ្លែផ្កា។

ឯកឧត្តមបន្តថា “ជាមួយនឹងទីតាំងយុទ្ធសាស្ត្រ និងការរចនាដ៏ពិសេស គម្រោងនេះត្រូវបាន រៀបចំឡើង ក្នុងគោលបំណងរចនា ការរស់ថ្មីបែបស៊ីវិល័យជាងមុន សម្រាប់អ្នករាជធានីភ្នំពេញ”។