ក្រុមហ៊ុនចិនធំមួយ មានបំណងវិនិយោគ រោងចក្រផលិតថ្នាំសត្វល្អិត នៅកម្ពុជា លើផ្ទៃដីជាង ៣០០ ហិកតា


ក្រុមហ៊ុនចិនដ៏ធំមួយ មកពីខេត្ត អាន ហួយ ចូលជួបពិភាក្សាការងារ ជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងគោលបំណងចង់ វិនិយោគសាងសង់រោងចក្រ ផលិតជីគីមី និងថ្នាំសម្លាប់សត្វល្អិត ក្នុងប្រទេសកម្ពុជា ដែលជាគម្រោងរោងចក្រធំ អាចនឹងត្រូវការ ដីវិនិយោគទំហំចាប់ពី ១៥០ ហិកតា ក្នុងដំណាក់កាលទី១ និងអាចកើនឡើង រហូតដល់ ៣០០ ហិកតា សម្រាប់ការវិនិយោគសរុប នាពេលអនាគត។

ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការ គណៈកម្មាវិនិយោគកម្ពុជា ដែលបានជួបភាក្សាជាមួយ ក្រុមហ៊ុនចិនខាងលើ បានបង្ហាញនូវការស្វាគមន៍ និងគាំទ្រដល់គម្រោង វិនិយោគដ៏ធំនេះ សម្រាប់ការបណ្ដាក់ទុន សាងសង់រោងចក្រគីមី និងថ្នាំសម្លាប់សត្វល្អិត នៅប្រទេសកម្ពុជា សម្រាប់ការផ្គត់ផ្គង់ក្នុងស្រុកផង និងការនាំចេញ ទៅក្រៅប្រទេសផង។ យ៉ាងណាមិញ ដើម្បីសម្រេចគម្រោងនេះទៅបាន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ស្នើដល់ក្រុមហ៊ុនពិចារណា ទៅលើចំណុចសំខាន់ៗចំនួន ៣ គឺ៖

១. រៀបចំគ្រប់គ្រងកាកសំណល់ នៃការកែច្នៃសារធាតុគីមី
២. ថាមពលអគ្គិសនី
៣. ទីតាំងដែលជួយកាត់បន្ថយ ចំណាយនៃការដឹកជញ្ជូន

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ថា ក្រុមហ៊ុនវិនិយោគខាងលើ បានមកសិក្សានិងជួបពិភាក្សា ជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាចំនួន ៣ លើកមកហើយ ដោយលើកទី១ នៅខែមីនា លើកទី២ នៅខែមិថុនា និងលើកទី៣ នៅខែកញ្ញា។ ក្រុមហ៊ុននេះ មានឆន្ទះខ្ពស់ ក្នុងការបណ្ដាក់ទុនវិនិយោគ ផលិតជីគីមី និងថ្នាំសម្លាប់សត្វល្អិត នៅប្រទេសកម្ពុជា ប៉ុន្តែមិនទាន់មាន ការចុះបញ្ជីជាផ្លូវការនៅឡើយទេ ចំណែកភាគីកម្ពុជា ណែនាំអោយក្រុមហ៊ុន ត្រូវសិក្សាអំពីទីតាំង អោយច្បាស់លាស់ និងបរិយាកាសវិនិយោគ ដើម្បីឆ្លើយតបទៅនឹង ចំណុចសំខាន់ៗទាំង ៣ ខាងលើ។