ទំហំពាណិជ្ជកម្មទ្វេភាគី រវាងកម្ពុជានិងអាមេរិក សម្រេចបាន ៦២៦លានដុល្លារ ពេញមួយខែមករាឆ្នាំ២០២៤នេះ កើនឡើង ៧,៧៤% បើធៀបនឹងឆ្នាំមុន


ភ្នំពេញ៖ បើយោងតាមរបាយការណ៍ព័ត៌មាន ដែលបានចុះផ្សាយដោយ ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ទំហំពាណិជ្ជកម្មទ្វេភាគី រវាងកម្ពុជា និងសហរដ្ឋអាមេរិក សម្រេចបាន ៦២៦លានដុល្លារ សម្រាប់ខែមករា ឆ្នាំ២០២៤នេះ ទទួលបានកំណើនចំនួន ៧,៧៤% ពោលគឺឡើងពីចំនួន ៥៨១លានដុល្លារ សម្រាប់ខែមករា ឆ្នាំ២០២៣។

ក្នុងជំនួបការងារជាមួយ គណៈប្រតិភូអាមេរិក-អាស៊ាន ដែលមានតំណាងមកពី ១៧ក្រុមហ៊ុន កាលពីរសៀលថ្ងៃទី២៩ ខែកុម្ភៈកន្លងទៅ ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានស្តាប់អំពីសំណូមពរផ្សេងៗ ដែលបានលើកឡើងដោយសមាជិក US-ABC និងបានជម្រាបជូន គណៈប្រតិភូអាមេរិក អំពីគោលនយោបាយថ្មីៗ និងកិច្ចខិតខំប្រឹងប្រែង របស់ក្រសួងពាណិជ្ជកម្ម ក្នុងការគាំទ្រសហគមន៍ធុរកិច្ច នៅក្នុងប្រទេសកម្ពុជា ដូចជាការដាក់ឱ្យដំណើរការ កម្មវិធីទូរស័ព្ទដៃ សម្រាប់ការពារអ្នកប្រើប្រាស់ (CCF App) និង Call Center សម្រាប់សាធារណជន ទទួលយកសេវាផ្សេងៗ របស់ក្រសួងផងដែរ។

លើសពីនេះទៀតនោះ ភាគីទាំងពីរ ក៏បានពិភាក្សាពី ការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងការគាំទ្រគ្នាទៅវិញទៅមក ដើម្បីបម្រើដល់ ឧត្តមប្រយោជន៍ទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគនៃប្រទេសទាំងពីរ។

គួរឲ្យដឹងដែរថា ជំនួបការងារ រវាងថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម និងគណៈប្រតិភូអាមេរិក-អាស៊ាន ដែលមានតំណាងមកពី ១៧ក្រុមហ៊ុន ដើម្បីពិភាក្សាពីការពង្រឹង ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី រវាងកម្ពុជា និងសហរដ្ឋអាមេរិក ការងារវិនិយោគ និងធុរកិច្ច របស់ក្រុមហ៊ុនអាមេរិកមកកម្ពុជា ដែលមានដូចជា៖ ក្រុមហ៊ុន Abbott, ក្រុមហ៊ុន ADM, ក្រុមហ៊ុន ConocoPhillips និងក្រុមហ៊ុន Visa ជាដើម។

រូបភាពពី ក្រសួងពាណិជ្ជកម្ម