អាកាសយានដ្ឋានអន្តរជាតិសៀមរាប ជាប់ចំណាត់ថ្នាក់ក្នុងតារាង នៃអាកាសយាន្តដ្ឋានចំនួន ២០ ដែលមានការតភ្ជាប់ Wi-Fi ល្អបំផុត ក្នុងពិភពលោក សម្រាប់ឆ្នាំ២០២៤ នេះ!


សៀមរាប៖ អាកាសយានដ្ឋាន អន្តរជាតិសៀមរាប-អង្គរ ឬ អាកាសយានដ្ឋានសៀមរាប ត្រូវបានជាប់ចំណាត់ថ្នាក់ជា អាកាសយានដ្ឋានអន្តរជាតិ១ ក្នុងចំណោម ២០ ដែលមានការតភ្ជាប់ Wi-Fi ល្អបំផុត ក្នុងចំណោមអាកាសយានដ្ឋាន ទូទាំងពិភពលោកក្នុងឆ្នាំ២០២៤ ជាមួយនឹងពិន្ទុ ៣,៥០ លើ ៥ នេះបើយោងតាម ប្រភពពី Skytrax Airline Customer Reviews។

ប្រភពដដែល បានឱ្យដឹងថា អាកាសយានដ្ឋានសៀមរាប របស់កម្ពុជា ជាប់ចំណាត់ថ្នាក់ទី១៩ ជាមួយនឹងពិន្ទុ ៣,៥០ ក្រោមអាកាសយានដ្ឋាន Vancouver របស់ប្រទេសកាណាដា ដែលបានពិន្ទុ ៣,៥៤ និង នៅលើអាកាសយានដ្ឋាន Glasglow Prestwick របស់ចក្រភពអង់គ្លេស ដែលបានពិន្ទុ ៣,៥០។

យ៉ាងណាក៏ដោយ ការទទួលស្គាល់នេះឆ្លុះបញ្ចាំងពី ការខិតខំប្រឹងប្រែងរបស់ អាកាសយានដ្ឋានសៀមរាប ក្នុងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធ Wi-Fi របស់ខ្លួន និងផ្តល់ឱ្យអ្នកដំណើរ នូវជម្រើសនៃការតភ្ជាប់ កាន់តែប្រសើរឡើងនៅពេល ធ្វើដំណើរតាមអាកាសយានដ្ឋាននេះ។

ដោយឡែក អាកាសយានដ្ឋាននៃ ប្រទេសអាស៊ីអាគ្នេយ៍ពីរផ្សេងទៀត គឺអាកាសយានដ្ឋានហាណូយ នៃប្រទេសវៀតណាម និងអាកាសយានដ្ឋាន Changi នៃប្រទេសសិង្ហបុរី ក៏បានជាប់ចំណាត់ថ្នាក់ទី៦ និងទី៨ ក្នុងចំណាត់ថ្នាក់ពិភពលោក ផងដែរ។

គួរឲ្យដឹងថា Seasia គូសបញ្ជាក់ថា “ការដាក់បញ្ចូល អាកាសយានដ្ឋានហាណូយ អាកាសយានដ្ឋាន Changi និងអាកាសយានដ្ឋានសៀមរាប ក្នុងបញ្ជីអាកាសយានដ្ឋាន អន្តរជាតិកំពូលៗ ជាមួយនឹងការតភ្ជាប់ Wi-Fi ល្អបំផុត បញ្ជាក់ពីការប្តេជ្ញាចិត្ត របស់តំបន់ក្នុងការផ្តល់នូវ បទពិសោធន៍ពិសេស ដល់អ្នកដំណើរ និងការស្នាក់នៅជាមួយ នឹងវឌ្ឍនភាពបច្ចេកវិទ្យាឈានមុខ ក្នុងសេវាកម្មព្រលានយន្តហោះ។

ស្របពេលដែល អាកាសយានដ្ឋានបន្តផ្តល់អាទិភាព ដល់ការតភ្ជាប់ឌីជីថល អ្នកដំណើរនឹងទទួលបាន នូវបទពិសោធន៍ Wi-Fi ដោយរលូន ដែលធ្វើឱ្យការធ្វើដំណើររបស់ពួកគេ កាន់តែរីករាយ និងធានាបាននូវ ការតភ្ជាប់ដោយរលូន រវាងគោលដៅនានា”។

សម្រាប់ អាកាសយានដ្ឋាន Ljubljana នៃប្រទេសស្លូវេនី វិញ គឺទទួលបាន ចំណាត់ថ្នាក់កំពូលជាមួយនឹង ចំណាត់ថ្នាក់ ៤,៤៦ តាមពីក្រោយដោយ អាកាសយានដ្ឋានហុងកុង នៃតំបន់រដ្ឋបាលពិសេសហុងកុង របស់ប្រទេសចិន ដែលទទួលបានពិន្ទុ ៤,២៥ និងអាកាសយានដ្ឋាន Helsinki Vantaa នៃប្រទេសហ្វាំងឡង់ ដែលមានពិន្ទុ ៤,២៤។