ត្រីមាសទី១ នៃឆ្នាំ២០២៤ នេះ កម្ពុជា រកចំណូលបានជិត ១២៣,៦ លានដុល្លារ ពីការនាំចេញអង្ករ និង ៦០០ លានដុល្លារ ពីការនាំចេញស្រូវ!


ភ្នំពេញ៖ ក្នុងរយៈពេលបីខែដំបូងនៃឆ្នាំ ២០២៤នេះ កម្ពុជាបាននាំចេញអង្ករចំនួន ១៦៦ ៤៥១ តោន ទៅកាន់ទីផ្សារអន្តរជាតិ ថយចុះបន្តិចពីចំនួន ១៧៦ ៥៨១ តោន ក្នុងរយៈពេលដូចគ្នា កាលពីឆ្នាំមុន នេះបើយោងតាមរបាយការណ៍របស់ សហព័ន្ធស្រូវអង្ករកម្ពុជា ដែលបានបង្ហាញឲ្យដឹងនាពេលថ្មីៗនេះ។

ជាក់ស្តែង ក្នុងរយៈពេលនៃត្រីមាសទី១ នេះដែរ កម្ពុជារកចំណូលបានជិត ១២៣,៦ លានដុល្លារ ពីការនាំចេញអង្ករក្នុងអំឡុង ខែមករាដល់ខែមីនា ធ្លាក់ចុះ ១,៩% ពី ១២៦លានដុល្លារ បើធៀបនឹងឆ្នាំមុន។

ក្នុងនោះដែរ ប្រភេទអង្ករដែលបាន នាំចេញរួមមាន អង្ករក្រអូប អង្ករសគ្រាប់វែង អង្ករចំហុយ និងអង្ករសរីរាង្គ ដោយអង្ករក្រអូបមានចំនួន ៨១% នៃការនាំចេញអង្ករសរុប។

ប្រភពដដែលនេះ បានឱ្យដឹងទៀតដែរថា អង្ករកម្ពុជាត្រូវបាន នាំចេញទៅកាន់ប្រទេស និងតំបន់ចំនួន ៥៦ ជុំវិញពិភពលោកពី ក្រុមហ៊ុននាំចេញចំនួន ៤៦ ដោយបន្ថែមថា ប្រទេសទិញអង្ករសំខាន់ៗ របស់កម្ពុជារួមមាន សហភាពអឺរ៉ុប ប្រទេសចិន និងប្រទេសសមាជិកអាស៊ាន ជាដើម។

យ៉ាងណា ប្រទេសចិននៅតែជា អ្នកទិញអង្ករនាំមុខគេរបស់កម្ពុជា ដោយបានទិញអង្ករចំនួន ៤៣ ០៣៩ តោន ឬ ២៥,៨% នៃការនាំចេញអង្ករសរុប របស់កម្ពុជា នៅក្នុងត្រីមាសទីមួយនេះ។

ស្របគ្នានេះដែរ កម្ពុជារកចំណូលបានប្រមាណ ៦០០ លានដុល្លារ ពីការនាំចេញស្រូវជាង ២,២២ លានតោន ក្នុងរយៈពេលបីខែ ដូចគ្នា។

គួររម្លឹកថា ក្នុងឆ្នាំ២០២៣ កម្ពុជាបាននាំចេញអង្ករជាង ៦៥៦ ០០០តោន ដោយរកចំណូលបាន ៤៦៦លានដុល្លារ កើនឡើង ៣% ក្នុងបរិមាណ និង ១៣% ជាតម្លៃ បើធៀបនឹងឆ្នាំ២០២២។

បើតាមគម្រោងដែលបានកំណត់ គឺសហព័ន្ធស្រូវអង្ករកម្ពុជា បានរៀបចំផែនការ ក្នុងការនាំចេញអង្ករឱ្យបាន យ៉ាងហោចណាស់ មួយលានតោននៅឆ្នាំ ២០២៥ ខាងមុខនេះ។