ពេញមួយឆ្នាំ២០២៣ កម្ពុជា បានទទួលអនុម័ត គម្រោងសាងសង់ប្រមាណ ៣ពាន់២រយគម្រោង ជាមួយនឹងទុនវិនិយោគ ៥,៤ ពាន់លានដុល្លារ កើនឡើង ៨៤% បើធៀបនឹងឆ្នាំ ២០២២


ភ្នំពេញ៖ ក្នុងឆ្នាំ២០២៣ កម្ពុជាមានគម្រោង ដែលទទួលបានការអនុញ្ញាតសាងសង់ ចំនួន ៣ ២០៧គម្រោង ប្រើប្រាស់ទុនវិនិយោគសរុបចំនួន ៥ ៤៦១លានដុល្លារ កើនឡើង ៨៤% បើធៀបនឹងទុនវិនិយោគក្នុងឆ្នាំ២០២២ នេះបើយោងតាម របាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

យ៉ាងណា បើប្រៀបធៀបអំពីចំនួនគម្រោងសាងសង់ ក្នុងឆ្នាំ២០២៣ វិញ (៣ ២០៧គម្រោង) ជាមួយនឹងឆ្នាំ២០២២ មានការធ្លាក់ចុះ ១ ០៦៨គម្រោង ប៉ុន្តែបែជាមានការកើនឡើង នៃចំនួនផ្ទៃក្រឡាសាងសង់គឺ ១៣,៣១លានម៉ែត្រការ៉េ កើនឡើង៨០% ធៀបនឹងឆ្នាំ២០២២។

គូសបញ្ជាក់ផងថា ក្នុងចំណោមគម្រោងទទួលបាន ការអនុញ្ញាតសាងសង់ទាំងអស់ មានគម្រោងលំនៅដ្ឋានចំនួន ២ ៧០០គម្រោង ក្នុងនោះ គម្រោងបុរីចំនួន  ២ ៦០៦ គម្រោង និងគម្រោងខុនដូ ៩៤គម្រោង។

បន្ថែមពីនេះ មានសំណង់ឧស្សាហកម្មមាន ១៩០គម្រោង, សំណង់ពាណិជ្ជកម្ម ១៩៨គម្រោង, សំណង់ទេសចរណ៍ ៥៥គម្រោង, សំណង់វិនិយោគ ៣គម្រោង, និងសំណង់សាធារណៈ ៦១គម្រោង។

បន្ថែមពីនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងថា ឆ្នាំ២០២៣ វិស័យសំណង់សម្រេចបាន កំណើនល្អប្រសើរ ទាំងផ្ទៃក្រឡាសាងសង់ និងទំហំទឹកប្រាក់សាងសង់ ធៀបនឹងឆ្នាំ២០២២។

ជាក់ស្តែង ក្រសួង បានបញ្ជាក់បន្ថែមថា៖ “ផលជាវិជ្ជមាន នៃកំណើនវិនិយោគឯកជន បានធ្វើឱ្យវិស័យសំណង់ សម្រេចបានកំណើនល្អប្រសើរ ជាពិសេស ក្នុងគម្រោងសំណង់ធំៗ បើធៀបនឹងឆ្នាំ២០២២កន្លងទៅ។”