ធនាគារ ADB ព្យាករណ៍សេដ្ឋកិច្ចកម្ពុជា មានកំណើន ៥,៨% ក្នុងឆ្នាំ២០២៤


របាយការណ៍ The Asian Development Outlook (ADO) ដែលបានសិក្សាស្រាវជ្រាវដោយ ធនាគារអភិវឌ្ឍន៍អាស៊ី ADB បានបង្ហាញថា សេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២៤ រំពឹងមានកំណើនប្រមាណ ៥,៨% ដោយក្នុងនោះ វិស័យដែលនឹងដើរតួនាទីសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ធំជាងគឺវិស័យទេសចរណ៍ និងឧស្សាហកម្មផលិតកម្ម ហើយអត្រាកំណើនសេដ្ឋកិច្ចនេះ រំពឹងកើន ៦% នៅឆ្នាំ២០២៥។

លោកស្រី Jyotsana Varma នាយកធានាអភិវឌ្ឍន៍អាស៊ី ប្រចាំប្រទេសកម្ពុជា បានសង្កេតឃើញថា បើទោះបីជាសេដ្ឋកិច្ចពិភពលោក កំពុងជួបប្រឈមនឹងវិបត្តិក្ដី ក៏សេដ្ឋកិច្ចកម្ពុជា នៅរក្សាលំនឹងកំណើនឡើង បានយ៉ាងល្អបំផុត ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសការកត់សម្គាល់ឃើញ ពីការងើបឡើងវិញយ៉ាងឆាប់រហ័ស នៃសន្ទុះកំណើនសេដ្ឋកិច្ច ក្រោយវិបត្តិជំងឺកូវីដ-១៩ កាលពីឆ្នាំ ២០២៣ កន្លងទៅ ហើយភាពវិជ្ជមាននៃសេដ្ឋកិច្ច កាលពីត្រីមាសទី៤ ឆ្នាំ២០២៣ កំពុងបន្ដមកដល់ឆ្នាំនេះ នឹងរីកចម្រើនបន្ថែមទៀត នៅឆ្នាំ២០២៥ មិនមានឃើញសញ្ញា ដែលបង្អាក់ឡើយ។

ចំពោះទស្សនសេដ្ឋកិច្ចឆ្នាំ២០២៤ ធនាគារអភិវឌ្ឍន៍អាស៊ី ADB បានវាយតម្លៃឃើញថា នឹងអាចមានកំណើនប្រមាណ ៥,៨% ដែលឡើងខ្ពស់ជាងឆ្នាំ២០២៣ ធ្លាប់មានកំណើនត្រឹម ៥% ដោយក្នុងនោះវិស័យសំខាន់ៗ ដែលជាសរសរស្ដម្ភនៃសេដ្ឋកិច្ចជាតិ គឺការនាំចេញ ផលិតផលឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ -ល- រួមបន្ថែមដោយការងើបឡើងវិញ នៃវិស័យទេសចរណ៍ ទាន់ទេសចរណ៍ក្នុងស្រុក និងអន្តរជាតិ។

យ៉ាងណាមិញ សេដ្ឋកិច្ចកម្ពុជា នៅមិនទាន់មាន សសរគ្រឹះរឹងមាំនៅឡើយ ហើយអាចនឹងមានបញ្ហាបង្អាក់ ឬបញ្ហាប្រឈម យ៉ាងឆាប់រហ័សអាស្រ័យទៅលើស្ថានភាពសេដ្ឋកិច្ចពិភពលោក ខាងក្រៅ កត្តាប្រឈមទាំងនោះរួមមាន ការធ្លាក់ចុះនៃសេដ្ឋកិច្ចសកល ការកើនឡើងនៃបំណុលសាធារណៈ ការឡើងខ្ពស់នៃតម្លៃថាមពល និងបញ្ហាងាយរងគ្រោះ ដោយកត្តាធម្មជាតិ ជាដើម។

បន្ថែមពីលើនេះទៀត កម្ពុជា កំពុងឆ្ពោះទៅរកគោលដៅ ចេញពីប្រទេសអភិវឌ្ឍន៍តិចតួច ក្លាយជាប្រទេសមានចំណូលមធ្យម កម្រិតខ្ពស់ នៅត្រឹមឆ្នាំ២០៣០ ដូច្នេះត្រឹមឆ្នាំ២០២៧ កម្ពុជា ត្រូវរៀបចំខ្លួនអោយរួចរាល់ លើគោលនយោបាយសេដ្ឋកិច្ចផ្ទាល់ខ្លួន ក្នុងការអភិវឌ្ឍន៍ប្រទេស ដោយសារតែលទ្ធភាព នៃការទទួលបានជំនួយ និងកម្ចីហិរញ្ញប្បទានសម្បទាន និងការអនុគ្រោះពន្ធពាណិជ្ជកម្ម នឹងត្រូវកែសម្រួល ចំពោះប្រទេសអភិវឌ្ឍន៍កម្រិតមធ្យម។ តាមការស្រាវជ្រាវពីធនាគារអភិវឌ្ឍន៍អាស៊ី កម្ពុជា ត្រូវការពង្រឹងខ្លួនអោយរួចរាល់ទៅកាន់ សមាហរណកម្មសេដ្ឋកិច្ចពិភពលោក តាមរយៈការវិនិយោគលើ ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយ និរន្តភាព ការពង្រឹងធនធានមនុស្ស ការកៀរគរវិនិយោគិន និងទុនមូលធនក្នុងស្រុក ការធ្វើពិពិធកម្មទីផ្សារ សម្រាប់អោយសេដ្ឋកិច្ចរឹងមាំ លើចំរុះវិស័យ និងការពង្រឹងផលិតផលក្នុងស្រុក អោយលក់លើទីផ្សារបានតម្លៃខ្ពស់ ជាដើម។