ក្នុងរយៈពេល ៦ឆ្នាំចុងក្រោយ (២០១៨ - ២០២៣) កម្ពុជា ទទួលបានទុនវិនិយោគផ្ទាល់ពីបរទេស ប្រមាណជាង ៤៨,៤ ពាន់លានដុល្លារ ក្នុងនោះទុនពីចិនមាន ៤៥,៦% នៃចំនួនទុនសរុប


ភ្នំពេញ៖ បើយោងតាមសេចក្តីប្រកាសព័ត៌មាន ដែលចេញផ្សាយដោយ ធនាគារជាតិនៃកម្ពុជា បានឲ្យដឹងកាលពីថ្ងៃ ១៩មិថុនា នេះថា ការវិនិយោគផ្ទាល់ពីបរទេស (FDI) នៅកម្ពុជា ឈានដល់ទំហំ ១៩៧,៨ ទ្រីលានរៀល (៤៨,៤ ពាន់លានដុល្លារ) ក្នុងរយៈពេល ៦ឆ្នាំចុងក្រោយនេះ (ចន្លោះឆ្នាំ២០១៨-២០២៣)។

ជាក់ស្តែង ប្រភពសំខាន់នៃលំហូរ ការវិនិយោគផ្ទាល់ពីបរទេស គឺប្រទេសចិន ដែលមានចំនួន ៤៥,៦% នៃលំហូរការវិនិយោគផ្ទាល់ ពីបរទេសសរុបក្នុងតំបន់ នេះបើតាមការបញ្ជាក់បង្ហាញបន្ថែម ពីធនាគារជាតិនៃកម្ពុជា។ ប្រភពទិន្នន័យនេះ គឺជាមូលដ្ឋានទិន្នន័យផ្ទាល់ខ្លួន និងទិន្នន័យពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហើយធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា លំហូរការវិនិយោគផ្ទាល់ពីបរទេស ពីប្រទេសចិនរួមមាន ការវិនិយោគពីតៃវ៉ាន់ ហុងកុង និងម៉ាកាវ។

បន្តពីប្រទេសចិន មានដូចជា ការវិនិយោគពីកូរ៉េខាងត្បូង (១១,៨%) សិង្ហបុរី (៦,៥%) ជប៉ុន (៦,២ %) វៀតណាម (៥,៣%) ម៉ាឡេស៊ី (៤,៤%) ថៃ (៤%) កាណាដា (៣,៥%) និង ចក្រភពអង់គ្លេស (៣,២%)។ ដោយឡែកចំនួន ៩,៥% បានមកពីលំហូរនៃ ការវិនិយោគផ្ទាល់ពីបរទេស ពីប្រទេសផ្សេងៗ។

គូសសម្គាល់ដែរថា លំហូរចូលវិនិយោគនេះ ត្រូវបានស្រូបទាញដោយ វិស័យចម្បងៗដូចជា វិស័យហិរញ្ញវត្ថុ កម្មន្តសាល អចលនទ្រព្យ សណ្ឋាគារនិងការកម្សាន្ត កសិកម្ម ថាមពល និងសំណង់ ជាដើម។