កម្ពុជា រកចំណូលសរុបបានជិត ៩៧៥ លានដុល្លារ ពីការនាំចេញអង្ករនិងស្រូវ នៅក្នុងឆមាសទី១ នៃឆ្នាំ២០២៤ នេះ!


ភ្នំពេញ៖ បើយោងតាមរបាយការណ៍ របស់សហព័ន្ធស្រូវអង្ករកម្ពុជា ដែលទទួលបាននាពេលថ្មីៗនេះ បានឲ្យដឹងថា ក្នុងរយៈពេល៦ខែ នៃឆ្នាំ២០២៤នេះ កម្ពុជាបាននាំចេញអង្ករចំនួន ៣៣៨ ៦៥៤ តោន ទទួលបានទឹកប្រាក់ចំនួនជាង ២៤៧ លានដុល្លារ និងនាំចេញស្រូវជាង ២,៥លានតោន ទទួលបានទឹកប្រាក់ជាង ៧២៧លានដុល្លារ។

ដូចគ្នានេះដែរ របាយការណ៍ដដែល បានបន្ថែមថា អង្ករបរិមាណជាង ៣៣ម៉ឺនតោននេះ ត្រូវបាននាំចេញ តាមរយៈក្រុមហ៊ុនចំនួន៥១ ទៅកាន់គោលដៅចំនួន៦៣ ដែលក្នុងនោះនាំទៅកាន់ បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន២៦ មានចំនួន ១៥៦ ៧៨៩ តោន គិតជាទឹកប្រាក់ចំនួន ១២១,៣២ លានដុល្លារ, ប្រទេសចិនរួមទាំងហុងកុង និងម៉ាកាវ មានចំនួន ៧៥ ៣៩៨ តោន គិតជាទឹកប្រាក់ចំនួន ៤៧,០១ លានដុល្លារ,ប្រទេសក្នុងអាស៊ាន រួមទាំងទីម័រខាងកើត ចំនួន ៧ប្រទេសបានបរិមាណ ចំនួន ៧៤ ៥៥៤ តោន គិតជាទឹកប្រាក់ចំនួន ៥១,៨៥ លានដុល្លារ និងទៅកាន់គោលដៅ ២៧ប្រទេសផ្សេងទៀតមាន អាហ្វ្រិក មជ្ឈឹមបូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន ជាដើមនោះ បានចំនួន ៣១ ៩១៣ តោន គិតជាទឹកប្រាក់ចំនួន ២៧,៤២ លានដុល្លារ។

ជាក់ស្តែង ចំពោះប្រភេទអង្ករ ដែលបាននាំចេញវិញរួមមាន អង្ករក្រអូបចំនួន ៧០,៦៣% ប្រភេទអង្ករស ធម្មតា ២៥,០៧% អង្ករចំហ៊ុយ ២,៥៧% អង្ករសរីរាង្គចំនួន ១,៤៨% និងអង្ករផ្សេងៗទៀតមានចំនួន ០,២៥%។

បន្ថែមពីលើអង្ករ ប្រទេសកម្ពុជាក៏បាននាំចេញស្រូវចំនួន ២ ៥២៨ ០១១តោន ទទួលបានទឹកប្រាក់ប្រមាណជាង ៧២៧,៣៦ លានដុល្លារ ដែលក្នុងនោះ ៧៥% បាននាំចេញដោយឆ្លងកាត់ ការស្នើសុំការបញ្ជាក់ឯកសារនាំចេញ ពីអាជ្ញាធរមានសមត្ថកិច្ចផងដែរ ដែលធ្វើឲ្យការនាំចេញអង្ករនិងស្រូវសរុប របស់កម្ពុជា ក្នុងឆមាសទី១ នៃឆ្នាំនេះ រកចំណូលជូនជាតិ សរុបបាន ៩៧៤,៩៦ លានដុល្លារ។