សៀមរាប៖ បើយោងតាមរបាយការណ៍ព័ត៌មាន ដោយអាជ្ញាធរជាតិអប្សរា ដែលបានចេញផ្សាយនាពេលថ្មីៗនេះ បានឲ្យដឹងថា ប្រាសាទត្រពាំងផុង គឺជាប្រាសាទទោល ដែលកសាងឡើងអំពីឥដ្ឋ ស្ថិតនៅភាគខាងត្បូង នៃក្រុងរលួស ក្នុងភូមិគោកស្រុក ឃុំរលួស ដែលមានចម្ងាយ ៣គីឡូម៉ែត្រ ពីប្រាសាទបាគង។
ប៉ុន្តែ បច្ចុប្បន្នដោយសារ កត្តាអាកាសធាតុ អាយុកាល និងកត្តាមនុស្ស ធ្វើឱ្យប្រាសាទបុរាណមួយនេះ មានសភាពទ្រុឌទ្រោមជាខ្លាំង ជាហេតុធ្វើឱ្យក្រុមអ្នកជំនាញ នៃអាជ្ញាធរជាតិអប្សរា ត្រូវរៀបចំជួសជុល ក្នុងដំណាក់កាលទី២ នៅផ្នែកខាងកើត ខាងត្បូង និងខាងជើង។
ជាក់ស្តែង ក្នុងនោះដែរ ប្រធានអភិរក្សតំបន់រលួស នៃអាជ្ញាធរជាតិអប្សរា លោក សារាយ គឹមហួល បានឱ្យដឹងថា ក្រុមការងារត្រូវតែជួយសង្រ្គោះ ប្រាសាទត្រពាំងផុងជាបន្ទាន់ ដោយចាប់ផ្ដើមជួសជុល តាំងពីគ្រឹះរហូតដល់កំពូលប្រាសាទ។
បន្ថែមពីនេះ លោក សារាយ គឹមហួល បានបន្តមានប្រសាសន៍ទៀតថា ការជួសជុលមាន ២ដំណាក់កាល គឺដំណាក់កាលទី១ ជួសជុលផ្នែកខាងលិច ហើយដំណាក់កាលទី២ គឺជួសជុលផ្នែកខាងកើត ខាងត្បូងនិងខាងជើង។
គួរឲ្យដឹងដែរថា ប្រាសាទត្រពាំងផុង កសាងឡើងពីឥដ្ឋបូក ជាមួយកំបោរបាយអពីលើ ដោយមានការតុបតែងលម្អផ្តែរ ជណ្ដើរ ស៊ុមទ្វារធ្វើពីថ្មភក់។ ប្រាសាទនេះ មានតួប្រាង្គ៥ មានបណ្ណាល័យ ហើយមានកសិន្ធុទឹកព័ន្ធជុំវិញ។
យ៉ាងណា បច្ចុប្បន្នដោយសារ ប្រាសាទត្រពាំងផុង មានសភាពទ្រុឌទ្រោមខ្លាំង ដូចជា ឥដ្ឋមួយចំនួនបានពុកផុយ ផ្តែរមុខនៅផ្នែកខាងកើត បានបាត់ ទើបក្រុមអភិរក្ស នៃអាជ្ញាធរជាតិអប្សរា ចាប់ផ្ដើមជួសជុល និងជួយសង្គ្រោះឡើងវិញ ដោយយកចិត្តទុកដាក់ខ្ពស់បំផុត សម្រាប់រក្សាមត៌កដូនតាខ្មែរ ដ៏មានតម្លៃមួយនេះ ទុកសម្រាប់ជាកេរដំណែល សម្រាប់កូនខ្មែរជំនាន់ក្រោយ។
ប្រភពពីអាជ្ញាធរជាតិអប្សរា