៧ ខែនៃឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មរបស់កម្ពុជា ជាមួយប្រទេស RCEP ឈានដល់តម្លៃ ១៩,៨៧ ពាន់លានដុល្លារ កើនឡើង ១៦,៨% បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំមុន!


ភ្នំពេញ៖ ទំហំពាណិជ្ជកម្មរបស់កម្ពុជា ជាមួយប្រទេសដៃគូ កិច្ចព្រមព្រៀងសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) បានកើនឡើង ១៦,៨% ស្មើនឹង ១៩,៨៧ ពាន់លានដុល្លារ ក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំនេះ នេះបើយោងតាម របាយការណ៍របស់ក្រសួងពាណិជ្ជកម្ម បានបង្ហាញកាលពីថ្ងៃទី ១៥ សីហា នេះ។

ជាក់ស្តែង របាយការណ៍ដដែល ក៏បានគូសបញ្ជាក់ថា ការធ្វើពាណិជ្ជកម្មរបស់កម្ពុជាជាមួយ RCEP មានចំនួន ៦២,៩% នៃទំហំពាណិជ្ជកម្មសរុប របស់កម្ពុជាក្នុងអំឡុងពេលនេះ។

ចាប់ពីខែមករាដល់ខែកក្កដាឆ្នាំនេះ កម្ពុជាបាននាំចេញទំនិញ ទៅដៃគូកិច្ចព្រមព្រៀង RCEP មានតម្លៃ ៥,១៩ ពាន់លានដុល្លារ កើនឡើង ១៣,២៨% បើធៀបនឹងឆ្នាំមុន ខណៈការនាំចូលពី ប្រទេសសមាជិក RCEP មានចំនួន ១៤,៦៧ ពាន់លានដុល្លារ កើនឡើង ១៨%។

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ែន សុវិជាតិ បានមានប្រសាសន៍ថា តួលេខនេះបានបង្ហាញថា RCEP បានក្លាយជាដៃគូពាណិជ្ជកម្មដ៏សំខាន់ សម្រាប់ប្រទេសកម្ពុជា។

ឯកឧត្តម បានបន្តថា RCEP គឺជាកម្លាំងចលករនៅពីក្រោយ កំណើនសេដ្ឋកិច្ចរបស់កម្ពុជា ទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស និងបង្កើតឱកាសអាជីវកម្មថ្មីៗ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ ក៏ជាកត្តាជម្រុញក្នុងការទាក់ទាញ ការវិនិយោគថ្មីមកកម្ពុជា សម្រាប់ការផលិត ផលិតផលសម្រេច សម្រាប់ការនាំចេញផងដែរ។

គួររម្លឹកផងថា កិច្ចព្រមព្រៀង RCEP បានចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ មានប្រទេសចំនួន១៥ ដូចជា ប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់។

RCEP ក៏ជាកិច្ចព្រមព្រៀងដ៏ធំបំផុតមួយ របស់ពិភពលោក មានផលិតផលសរុប ក្នុងស្រុកសរុបចំនួន ២៦,២ ពាន់ពាន់លានដុល្លារ ដែលតំណាងឱ្យប្រហែល ៣០% នៃផលិតផលក្នុងស្រុកសរុបពិភពលោក  ២៨% នៃពាណិជ្ជកម្មពិភពលោក និង ៣២,៥ នៃការវិនិយោគអន្តរជាតិ។

បន្ថែមពីនេះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា កម្ពុជាកំពុងចរចាកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី ជាមួយប្រទេសមួយចំនួនទៀតផងដែរ ដោយជម្រុញឱ្យភាគីពាក់ព័ន្ធ និងអ្នកផលិត រក្សាទីផ្សារដែលមានស្រាប់ ដោយរក្សាបាននូវស្តង់ដារ និងទំនុកចិត្ត។

សម្តេចធិបតី ក៏បានបង្ហាញពីចេតនា ចង់ប្រែក្លាយកម្ពុជា ពីប្រទេសនាំចេញវត្ថុធាតុដើម ទៅជាប្រទេសផលិតផលិតផល ពាក់កណ្តាលសម្រេច ដើម្បីផ្គត់ផ្គង់ ទៅកាន់ទីផ្សារក្នុងស្រុក និងនាំចេញ ដែលអាចរួមចំណែកលើកកម្ពស់ ជីវភាពប្រជាពលរដ្ឋ បានមួយផ្នែកទៀត។

ប្រភពពី ក្រសួងពាណិជ្ជកម្ម និងក្រសួងព័ត៌មាន