ភ្នំពេញ៖ បើយោងតាមទិន្នន័យពាណិជ្ជកម្ម ដែលចេញផ្សាយដោយ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ កាលពីថ្ងៃទី ១០ កញ្ញា ម្សិលមិញនេះ បានឲ្យដឹងថា ការនាំចេញរបស់កម្ពុជាឈានដល់ ១៧,៥៨ ពាន់លានដុល្លារក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំនេះ កើនឡើង ១៦,៧% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។
ដោយឡែក ការនាំចូលរបស់កម្ពុជា ក៏បានកើនឡើងឈានដល់តម្លៃ ១៨,៩ពាន់លានដុល្លារ ក្នុងអំឡុងខែមករាដល់ខែសីហាឆ្នាំនេះ ដែលកើនឡើង ១៦,២% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។
ប្រភពដដែលបានបន្តថា ពាណិជ្ជកម្មអន្តរជាតិជារួម របស់កម្ពុជា (ការនាំចេញ និងការនាំចូល) ឈានដល់តម្លៃ ៣៦,៤៨ ពាន់លានដុល្លារ ក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំ ២០២៤ ដោយកត់ត្រាកំណើន ១៦,៥% ធៀបនឹងឆ្នាំមុន ដោយសមតុល្យពាណិជ្ជកម្ម បង្ហាញពីឱនភាពចំនួន ១,៣២ ពាន់លានដុល្លារ។
គួររម្លឹកផងដែរថា ក្នុងអំឡុងពេលដូចគ្នាកាលពីឆ្នាំមុន ពាណិជ្ជកម្មសរុបរបស់កម្ពុជា មានចំនួន ៣១,៣២ ពាន់លានដុល្លារ ដោយការនាំចេញ មានចំនួន ១៥,០៦ ពាន់លានដុល្លារ និងនាំចូលមានចំនួន ១៦,២៦ ពាន់លានដុល្លារ។
ដូចឆ្នាំមុនដែរ ប្រទេសចិន បានបន្តក្លាយជា ដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់កម្ពុជា ក្នុងអំឡុងខែមករាដល់ខែសីហា ឆ្នាំ២០២៤។ ដោយឡែក សហរដ្ឋអាមេរិក នៅតែជាគោលដៅ នាំចេញធំបំផុតរបស់កម្ពុជា ផងដែរ។
ពាណិជ្ជកម្មរបស់កម្ពុជា ជាមួយប្រទេសចិនមានកំណើន ២៤,៥% បើធៀបនឹងរយៈពេល ៨ខែដំបូងក្នុងឆ្នាំ២០២៣ និងឈានដល់ ១០,០៧ ពាន់លានដុល្លារ។ ដោយឡែក ពាណិជ្ជកម្មជាមួយ សហរដ្ឋអាមេរិក ដែលជាដៃគូពាណិជ្ជកម្មធំបំផុតទីពីរ របស់កម្ពុជា បានចុះបញ្ជីកំណើន ១០,៤% ក្នុងអំឡុងពេលដូចគ្នា និងឈានដល់តម្លៃ ៦,៩២ ពាន់លានដុល្លារ។
ទិន្នន័យបានបន្តថា វៀតណាមជាគោលដៅ នាំចេញធំទីពីររបស់កម្ពុជា និងជាដៃគូពាណិជ្ជកម្មធំទីបី មានកំណើន ២១,៦% ដល់ចំនួន ៥,២៣ ពាន់លានដុល្លារ។ ការនាំចេញទៅប្រទេសវៀតណាម បានកើនឡើងដល់ ២,៤៦ ពាន់លានដុល្លារ មានកំណើនចំនួន ៣៣%។
ខណៈដែលការនាំចេញ ទៅសហរដ្ឋអាមេរិកមាន ៣៨,៤% នៃការនាំចេញសរុបរបស់កម្ពុជា ការនាំចេញទៅវៀតណាមមានចំនួន ១៤%។ ប្រទេសចិន ដែលបាននាំចូលទំនិញមានតម្លៃ ១,១៤ ពាន់លានដុល្លារ ស្ថិតនៅក្នុងលំដាប់ទី បីដោយចំណែកនាំចេញមានចំនួន ៦,៥%។
គួរឲ្យដឹងដែរថា បច្ចុប្បន្ន ជប៉ុន ជាប្រទេសនាំចេញធំជាងគេទីបួន របស់កម្ពុជា ដែលមានទំហំទឹកប្រាក់ ៩២៤ លានដុល្លារ និង មាន ៥,១% នៃចំណែកទីផ្សារ។ ការនាំចេញទៅប្រទេសជប៉ុន បានកើនឡើង ២០% ក្នុងរយៈពេល ៨ ខែដំបូងឆ្នាំនេះ បើធៀបនឹង រយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ខណៈដែលកម្ពុជា បាននាំចូលទំនិញពីប្រទេសចិនមានតម្លៃ ៨,៩២ ពាន់លានដុល្លារ កម្ពុជាក៏បាននាំចូលទំនិញពីប្រទេសវៀតណាម មានទឹកប្រាក់រហូតដល់ ២,៧៦ ពាន់លានដុល្លារ និងទំនិញពីសហរដ្ឋអាមេរិកត្រឹមតែ ១៧៤ លានដុល្លារប៉ុណ្ណោះ។
ដូច្នេះហើយ កម្ពុជាមានឱនភាពពាណិជ្ជកម្មចំនួន ៧,៧៧ ពាន់លានដុល្លារជាមួយចិន ប៉ុន្តែអតិរេកចំនួន ៦,៥៧ ពាន់លានដុល្លារជាមួយសហរដ្ឋអាមេរិក ដោយគិតត្រឹមចុងខែសីហា ឆ្នាំ ២០២៤។ កម្ពុជាក៏បានចុះបញ្ជីឱនភាពពាណិជ្ជកម្មចំនួន ៣០៤ លានដុល្លារជាមួយវៀតណាមផងដែរ និងមានឱនភាពពាណិជ្ជកម្មចំនួន ១,៦៤ ពាន់លានដុល្លារជាមួយប្រទេសថៃ ប៉ុន្តែបានកត់ត្រាអតិរេកចំនួន ៤៤៤ លានដុល្លារជាមួយប្រទេសជប៉ុន។
ទិន្នន័យពាណិជ្ជកម្មក៏បង្ហាញពីការផ្លាស់ប្តូរដ៏ធំនៃការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ ពីប្រទេសកម្ពុជា រួមទាំងផលិតផលក្រណាត់ និងសម្ភារៈតុបតែងផ្សេងៗកើនឡើង ២០,១% ហើយផលិតផលមិនមែនក្រណាត់ និងមិនមែនសម្ភារៈតុបតែង ផ្សេងទៀតមាន ៣១,៩% ធៀបនឹងដូចគ្នា រយៈពេលកាលពីឆ្នាំមុន។
ការនាំចេញផលិតផល ស្បែកជើងបានកើនឡើង ២២,៤% និងទំនិញធ្វើដំណើរ ២០,៩% ដែលនេះជាវិស័យរកប្រាក់ចំណូល ពីការនាំចេញដ៏ធំបំផុត សម្រាប់ប្រទេសកម្ពុជា អស់រយៈពេលជាច្រើនឆ្នាំ ចុងក្រោយនេះ។ ដោយឡែក ការនាំចេញកៅស៊ូ និងវត្ថុ ដែលធ្វើពីកៅស៊ូ មានទំហំទឹកប្រាក់ ៨៨២ លានដុល្លារ កើនឡើង ៨៤% ផងដែរ។
ប្រភពពី អគ្គនាយកដ្ឋានគយ និងរដ្ឋាករ