ភ្នំពេញ៖ បើយោងតាមព័ត៌មាន ដែលទទួលបានពីរបាយការណ៍ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះ បានឲ្យដឹងថា ការធ្វើពាណិជ្ជកម្មរបស់កម្ពុជា ជាមួយប្រទេសសមាជិកអាស៊ានដូចគ្នា មានទំហំគិតជាទឹកប្រាក់ ១០,៤៩ ពាន់លានដុល្លារ ក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំ ២០២៤ គឺកើនឡើង ១១,៨% ពីចំនួន ៩,៣៨ ពាន់លានដុល្លារ ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។
ប្រភពដដែល បានឱ្យដឹងបន្តថា កម្ពុជា បាននាំចេញផលិតផល ដែលមានតម្លៃ ៣,៤៣ ពាន់លានដុល្លារទៅកាន់ ប្រទេសអាស៊ានផ្សេងទៀត ក្នុងអំឡុងខែមករាដល់ខែសីហាឆ្នាំនេះ គឺកើនឡើង ១០% ពី ៣,១១ ពាន់លានដុល្លារ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ដោយឡែកសម្រាប់ការនាំចូល របស់ប្រទេសកម្ពុជាពី ប្រទេសជាសមាជិកអាស៊ានវិញ មានតម្លៃ ៧,០៦ ពាន់លានដុល្លារ កើនឡើង ១២,៥% ពី ៦,២៧ ពាន់លានដុល្លារ។
របាយការណ៍នេះបានបញ្ជាក់ថា ទំហំពាណិជ្ជកម្មរបស់ប្រទេសកម្ពុជា ជាមួយអាស៊ានមានចំនួន ២៨,៤% នៃទំហំពាណិជ្ជកម្មសរុប ៣៦,៩ ពាន់លានដុល្លារ របស់ខ្លួន ក្នុងអំឡុងពេលប្រាំបីខែដំបូងនៃឆ្នាំ២០២៤ នេះ។
ជាក់ស្តែង ដៃគូពាណិជ្ជកម្មកំពូលទាំងប្រាំ របស់ប្រទេសក្នុងអាស៊ានរបស់កម្ពុជា គឺមានដូចជា វៀតណាម ថៃ សិង្ហបុរី ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី។
ប្រភពពី អគ្គនាយកដ្ឋានគយ និងរដ្ឋាករ