ក្រសួងសាធារណការ ចាប់ផ្ដើមពិនិត្យលើសេចក្ដីព្រាងច្បាប់ស្ដីពី កំពង់ផែ ដែលអាចនឹងអនុម័តឲ្យប្រើប្រាស់នាពេលខាងមុខ

ដោយហេតុថា ក្រុងព្រះសីហនុ ក៏ដូចជាខេត្តកំពត និងកោះកុង សុទ្ធសឹងជាខេត្តជាប់សមុទ្រ ការនាំចេញ នាំចូលនូវទំនិញតាមផ្លូវទឹក នឹងបើកកាន់តែធំ និងប្រើសើរជាងមុន សម្រាប់ទីផ្សារជាតិ និងអន្តរជាតិ ដោយនឹងបង្កើនចរន្តសេដ្ឋកិច្ចជាតិរបស់កម្ពុជា បានថែមឡើងមួយកម្រិតទៀត។ ពាណិជ្ជកម្មតាមផ្លូវទឹកនេះ គឺជាខ្លោងទ្វារធំ របស់អន្តរជាតិ ហេតុដូច្នេះហើយ កំពង់ផែ គឺមិនអាចខ្វះបានទេ ហើយរដ្ឋាភិបាល ក៏មានចក្ខុវ័យវែងឆ្ងាយ ក្នុងការកសាងនូវគម្រោង កំពង់ផែទឹកជ្រៅនៅកម្ពុជា ឲ្យបានច្រើនជាងមុន ដែលគម្រោងនេះ ស្ថិតក្រោមយុត្តាធិការរបស់ក្រសួង សាធារណការ និងដឹកជញ្ជូន។

ជាក់ស្ដែង កាលសប្ដាហ៍មុននេះ ក្រសួងសាធារណការ និងដឹកជញ្ជូនបានបើកនូវសិក្ខាសាលាស្ដីពីច្បាប់កំពង់ផែថ្មី ដែលកម្ពុជាមិនធ្លាប់មានពីមុនមក ក្រោមការដឹកនាំរបស់ ឯកឧត្តម អៀង វ៉េងស៊ុន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនបានអញ្ជើញ ជាអធិបតីក្នុងពិធីបើកសិក្ខាសាលាថ្នាក់ជាតិស្តីពី៖ សេចក្តីព្រាងច្បាប់កំពង់ផែ ដែលបានប្រព្រឹត្តទៅនៅសណ្ឋាគារភ្នំពេញ និងមានការចូលរួមពីតំណាងក្រសួង ស្ថាប័ន មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត កំពង់ផែស្វយ័តភ្នំពេញ កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងក្រុមហ៊ុនកំពង់ផែឯកជនប្រមាណ ១១០នាក់។ ឯកឧត្ដម អៀង វ៉េងស៊ុន បានគូសបញ្ជាក់អំពីសារសំខាន់នៃវិស័យកំពង់ផែ នៅកម្ពុជានាពេលបច្ចុប្បន្ន ដែលជាច្រកទ្វារពាណិជ្ជកម្ម ក្នុងការជំរុញឲ្យវិស័យពាណិជ្ជកម្មគ្រប់ប្រភេទ និងដំណើរអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងអន្ដរជាតិ កាន់តែរីកចំរើនឡើង និងបានជំរុញលើកទឹកចិត្តឱ្យអ្នកចូលរួមពីស្ថាប័ន និងអង្គភាពពាក់ព័ន្ធទាំងអស់ មេត្តាយកចិត្តទុកដាក់សិក្សាស្វែងយល់ ការពិភាក្សាជាក្រុម និងផ្តល់ជាមតិយោបល់កែលម្អសេចក្តីព្រាងច្បាប់ស្តីពីកំពង់ផែឲ្យកាន់តែល្អប្រសើរ ដើម្បីយកមកអនុវត្តក្នុងការបម្រើប្រយោជន៍ជូនប្រទេសជាតិទាំងមូល។

ស្ថិតក្នុងកិច្ចបើក សិក្ខាសាលានោះ គឺស្ថិតក្រោមកិច្ចសហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ហៅកាត់ថា JICA ក្នុងគោលបំណងដើម្បីទទួលបាននៅធាតុចូលដើម្បីបំពេញបន្ថែម និងធ្វើឱ្យសេចក្តីព្រាងច្បាប់កំពង់ផែកាន់តែល្អប្រសើរនៅពេលអនុវត្ត។ លោក តូម៉ូហ៊ីរ៉ុ ខាណាតាក តំណាងស្ថានទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបង្ហាញចំណាប់អារម្មណ៍ដូច្នេះថា “ការជំរុញក្នុងការបង្កើតបទដ្ឋានគតិយុត្តិជាពិសេសច្បាប់ស្តីពីកំពង់ផែ គឺពិតជាមានសារៈសំខាន់ក្នុងការអភិវឌ្ឍកំពង់ផែនៅកម្ពុជាកាន់តែប្រសើរឡើង។ ច្បាប់ស្តីពីកំពង់ផែ ពិតជាមានសារៈសំខាន់ ក្នុងការអភិវឌ្ឍកំពង់ផែនៅកម្ពុជា ប្រកបដោយចីរភាព សេចក្ដីក្តីព្រាងច្បាប់ស្តីពីកំពង់ផែ និងអនុម័តដោយរាជរដ្ឋាភិបាលកម្ពុជា នៅពេលឆាប់ៗខាងមុខនេះ”។ 

សេចក្ដីព្រៀងច្បាប់ ស្ដីពី កំពង់ផែ នេះ នឹងត្រូវអនុម័តក្នុងពេលឆាប់ៗខាងមុខដោយរាជរដ្ឋាភិបាលកម្ពុជា តែនៅមិនទាន់អាចធ្វើការកំណត់កាលបរិច្ឆេទច្បាស់លាស់នៅឡើយទេ តែវាគឺជាច្បាប់សំខាន់មួយ  ដែលមានគោលដៅ ធានាបាននូវសណ្ដាប់ធ្នាប់ ទៅលើការអភិវឌ្ឍកំពងផែ របស់ព្រះរាជាណាចក្រកម្ពុជា ក្នុងន័យទ្រទ្រង់ និងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។

 

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន