Times of India ៖ ប្រាសាទអង្គរវត្ត រាជធានីភ្នំពេញ ក្រុងព្រះសីហនុ ក្រុងបាត់ដំបង និងប្រាសាទកោះកេរ គឺជាគោលដៅដ៏ទាក់ទាញបំផុត របស់កម្ពុជា!


ឥណ្ឌា៖ បើយោងតាមកាសែតដ៏ល្បីល្បាញរបស់ឥណ្ឌា និងបានទទួលស្គាល់ជាអន្តរជាតិ Times of India បានបង្ហោះចេញនូវព័ត៌មាន ដែលទាក់ទងនឹងព្រះរាជាណាចក្រកម្ពុជា នូវទីតាំង ឬគោលដៅសំខាន់ៗ ប្រសិនបើភ្ញៀវទេសចរបរទេស មានបំណងឈានចូល មកកម្សាន្ត នៅក្នុទឹកដីនៃព្រះរាជាណាចក្រអច្ឆរិយៈមួយនេះ ជាពិសេសគឺខែមេសា ដែលនឹងមកដល់ឆាប់ៗនេះតែម្តង។

គោលដៅទេសចរណ៍សំខាន់ៗទាំង ៥ របស់កម្ពុជានោះមានដូចជា៖

១/ ប្រាសាទអង្គរវត្ត ខេត្តសៀមរាប៖ ខែមេសា គឺជាពេលវេលាដ៏ល្អ ដែលអ្នកគួរតែទៅទស្សនា ប្រាសាទអង្គរវត្ត ព្រោះអាកាសធាតុនៅទីនោះ មានពន្លឺថ្ងៃជាធម្មតា ប៉ុន្តែមិនក្តៅពេកទេ។ អ្នកអាចទស្សនា ចម្លាក់ ស្ថាបត្យកម្មដ៏គួរឲ្យភ្ញាក់ផ្អើល និងទីធ្លាដ៏ធំទូលាយ នៃតំបន់បេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូមួយនេះ។ ប្រាសាទនេះ ក៏ជាគ្រឿងតំណាងឲ្យប្រជាជាតិកម្ពុជា ទាំងមូលផងដែរ ដូចដែលមានសម្គាល់នៅលើទង់ជាតិរបស់កម្ពុជា តែម្តង។

២/ រាជធានីភ្នំពេញ៖ ភ្នំពេញ គឺជាបេះដូង និងរាជធានីរបស់ប្រទេសកម្ពុជា ដែលផ្តល់នូវទិដ្ឋភាពប្រវត្តិសាស្ត្រ វប្បធម៌ និងភាពទំនើប។ ភ្ញៀវទេសចរ អាចទៅទស្សនាព្រះបរមរាជវាំង  និងវត្តព្រះកែវមរកត ដែលមានកម្រាលឥដ្ឋធ្វើអំពីប្រាក់។ ម្យ៉ាងទៀត លោកអ្នកក៏អាចស្វែងយល់ ពីប្រវត្តិសោកនាដកម្មនៃរបបខ្មែរក្រហម នៅសារមន្ទីរប្រល័យពូជសាសន៍ គុកទួលស្លែង និងវាលពិឃាតបឹងជើងឯកផងដែរ។

៣/ ទីក្រុងព្រះសីហនុ៖ ប្រសិនបើលោកអ្នក កំពុងស្វែងរកពេលវេលា សម្រាកកំសាន្តបែបឆ្នេរសមុទ្រ អ្នកគួរតែធ្វើដំណើរ ទៅកាន់ខេត្តព្រះសីហនុ ដែលជាប្រជុំនៃឆ្នេរដ៏ស្រស់ស្អាត របស់កម្ពុជា។ លោកអ្នកអាចរីករាយ ជាមួយនឹងការស្រូបពន្លឺព្រះអាទិត្យ ទេសភាពឆ្នេរខ្សាច់ និងឆ្នេរសមុទ្រដ៏ស្រស់ស្អាតមួយ ក្នុងចំណោមឆ្នេរដ៏ស្រស់ស្អាត ជាច្រើនដូចជា ឆ្នេរអូត្រេស ឬឆ្នេរ Serendipity។ លើសពីនេះ លោកអ្នកក៏អាចធ្វើដំណើរ តាមទូកទៅកាន់កោះក្បែរៗនោះ សម្រាប់ដំណើរផ្សងព្រេងមុជទឹកផងដែរ។

៤/ ទីក្រុងបាត់ដំបង៖ ទីក្រុងដ៏ស្រស់ស្អាតមួយនេះ ស្ថិតនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា ដែលផ្តល់នូវទិដ្ឋភាពជីវិតបែបប្រពៃណីខ្មែរ។ ជាមួយគ្នានេះ លោក អ្នកក៏អាចស្វែងយល់ពីស្ថាបត្យកម្ម ដែលបន្សល់ទុកពីសម័យអាណានិគម ទស្សនាផ្សារក្នុងស្រុក និងជិះឡូរីផងដែរ។


៥/ ប្រាសាទកោះកេរ៖ ដើម្បីទទួលបាននូវបទពិសោធន៍ ដែលមិនធ្លាប់មានពីមុនមក ភ្ញៀវទេសចរ អាចទៅទស្សនាប្រាសាទកោះកេរ ដែលជាទីតាំងបុរាណវត្ថុ ដាច់ស្រយាលមួយ ស្ថិតនៅភាគខាងជើងនៃប្រទេសកម្ពុជា។ ទីក្រុងបុរាណនេះ ជាអតីតរាជធានីនៃអាណាចក្រខ្មែរ និងសម្បូរទៅដោយ ប្រាសាទដ៏គួរឱ្យចាប់អារម្មណ៍ជាច្រើន និងទើបតែបានចុះបញ្ចូល ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ផងដែរ។