យោងតាមបញ្ជីរបស់ Fodor “ទីតាំងមួយចំនួនរួមទាំង បាលី និងអង្គរវត្ត មិនសមជាទីតាំងដ៏ល្អសម្រាប់ការទៅកម្សាន្ត” នៅក្នុងឆ្នាំ 2020 ខាងមុខនេះឡើយ!

បើយោងទៅតាមបញ្ជីនៃទីតាំងកម្សាន្តរបស់ Fodor សម្រាប់ឆ្នាំ 2020 បានឲ្យដឹងថា ទីតាំងទេសចរណ៍ដែលមានដូចជា ប្រាសាទអង្គរវត្ត, Barcelona, បាលី និង Matterhorn មិនសាកសមជាទីតាំងល្អក្នុងការមកកម្សាន្តឡើយ ដោយសារតែហេតុផលសីលធម៌ បរិស្ថាន និងសន្តិសុខ។

នាយកផ្នែកវិចារណកថារបស់ Fodors.com លោក Jeremy Tarr បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ជារៀងរាល់ឆ្នាំយើងប្រើបញ្ជី ‘No Go List’ ដើម្បីបង្ហាញពីបញ្ហា ដែលយើងកំពុងគិត អំពីមុនពេល ក្នុងអំឡុងពេល និងរយៈពេលបន្ទាប់ពីយើងធ្វើដំណើរ ទៅកាន់ទីតាំងណាមួយ”។

លោក Tarr បាននិយាយថា "ប្រសិនបើអ្នកមិនចង់បន្ថែមបញ្ហា ដោយសារតែអត្រាកំនើននៃការហូលចូល នៃភ្ញៀវទេសចរលើសលប់នោះ អ្នកកែសំរួលរបស់យើង បានណែនាំអោយជៀសវាងកន្លែង ដូចជា Barcelona, Big Sur, អង្គរវត្ត, បាលី, និងហាណូយដែលកំពុងផ្ទុះឡើងខ្លាំង ជាទីតាំងដ៏ពេញនិយម ក៏ដូចជាកំពុងជួបប្រទះនូវចំនួនអ្នកទស្សនាដែលមិនមាននិរន្តរភាព និងស្ថេរភាព ព្រមទាំងអាចប៉ះពាល់ដល់ការធ្វើឱ្យខូចខាតផលិតកម្មធម្មជាតិក្នុងស្រុក និងបរិស្ថានទៀតផង។"

ជម្រកធម្មជាតិនិងប្រព័ន្ធអេកូឡូស៊ីដែលងាយរងគ្រោះ ជិតផុតពូជដោយសារសកម្មភាពទេសចរណ៍ហួសកម្រិត ដូចជាដែនជម្រកសត្វព្រៃ Florida Keys National Marine Sanctuary, Parque Nacional Arrecifes de Cozumel នៅម៉ិចស៊ីកូ ឧទ្យានជាតិ Galapágos និងកោះ Komodo ផងដែរ ដែលអ្នកគួរតែជៀសវាងទៅកម្សាន្តនៅរដូវការ ភ្ញៀវទេសចរច្រើន។

ក្រៅពីនេះក្រុមអ្នកកែសម្រួលរបស់ Fodor ក៏បានបន្ថែមថា មុននឹងទៅធ្វើដំណើរទៅកាន់តំបន់ទេសចរណ៍ល្បីៗណាមួយ ដូចដែលបានរៀបរាប់ខាងលើដែរនោះ គប្បីគិតបន្ថែមពីសុវត្ថិភាព សីលធម៌របស់មនុស្សរបស់នៅក្នុងតំបន់ទាំងនោះ បញ្ហាម្ហូបអាហារ ការស្នាក់នៅ និងសន្តិសុខផងដែរ។ 

ទីតាំងទេសចរណ៍មួយចំនួនដែលបានបញ្ជាក់នៅខាងលើនេះ មិនមែនមានន័យថា មិនល្អនោះទេ ប៉ុន្តែបើតាមការស្ទង់មតិរបស់ Fodor បានបង្ហាញថា វាអាចនឹងផ្តល់ផលអវិជ្ជមាន ទៅដល់សំណង់បុរាណដែលមានស្រាប់ សង្វាក់ផលិតកម្មនៅក្នុងស្រុក និងអាចនឹងប៉ះពាល់ដល់បរិស្ថានក្នុងតំបន់ទៀតផងបើសិនជាមានកំណើនភ្ញៀវទេសចរកើនឡើងខ្លាំងពេក ដែលទាំងនេះហើយ ជាមូលហេតុដែលវាមិនសាកសមជាទីតាំងដែលមិនគួរ មកកម្សាន្តនៅឆ្នាំ 2020 ខាងមុខនេះឡើយ។ 

Fodor ក៏បានបញ្ជាក់ថា រយៈពេលពីរ ឬបីឆ្នាំទៀត ក្រោយពីទទួលបានការវិវត្ត និងអភិវឌ្ឍខ្លួនបានកាន់តែប្រសើរហើយនោះ ទីតាំងទាំងនោះ នឹងចូលខ្លួនទៅក្នុងបញ្ជី “Should Go List” វិញម្តងហើយ។