កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំ មហាសន្និបាតក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើលោក នៅឆ្នាំ ២០២២

ប្រទេសកម្ពុជាយើង ថ្វីត្បិតមានដែនសមុទ្រមិនសូវជាធំក៏ដោយ ប៉ុន្តែឈូងសមុទ្រកម្ពុជាមានភាពអំណោយផលល្អ សម្រាប់បម្រើវិស័យទេសចរណ៍ តួយ៉ាងយើងមានកំពង់ផែសមុទ្រទឹកជ្រៅតែនៅក្រុងព្រះសីហនុប៉ុណ្ណោះ ចំណែកតំបន់ឆ្នេរផ្សេងទៀត សុទ្ធសឹងតែសម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍ ហើយឆ្នេរសមុទ្រកម្ពុជា ក៏ស្ថិតនៅក្នុងចំណោមឆ្នេរសមុទ្រស្អាតជាងគេបំផុតនៅលើពិភពលោកផងដែរ។ 

ជាដំបូងគូសបញ្ជាក់បន្ដិចថា ក្លឹបឆ្នេរសមុទ្រដែលស្អាតជាគេបំផុតលើសកលលោក ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៩៧ ក្នុងទីក្រុងប៊ែកឡាំង ប្រទេសអាឡឺម៉ង់ បច្ចុប្បន្ននេះមានទីស្នាក់ការនៅទីក្រុងវ្យែន ប្រទេសបារាំង និងមានសមាជិកតំបន់ឆ្នេរចំនួន ៤៤ ឆ្នេរ មកពី ២៤ ប្រទេសប៉ុណ្ណោះ។ នេះជាកិត្តិយសណាស់ ដែលតំបន់ឆ្នេសមុទ្រក្នុងខេត្តទាំង ៤ ប្រទេសកម្ពុជាក៏ស្ថិតក្នុងចំណោមនោះដែរ ដោយត្រូវបានជាប់ជាសមាជិកក្លឹបនេះកាលពីឆ្នាំ ២០១១។ លើសពីនេះទៅទៀត កម្ពុជាក៏ធ្លាប់បានធ្វើជាម្ចាស់ផ្ទះ សម្រាប់រៀបចំមហាសន្និបាតក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើលោក កាលពីឆ្នាំ ២០១៣ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

សម្រាប់ឆ្នាំ ២០២២ ខាងមុខនេះ ប្រទេសកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំ មហាសន្និបាតក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើលោកជាលើកទី ២ តាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍។ ការជ្រើសរើសប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ ត្រូវបានធ្វើឡើងក្នុងឱកាសមហាសន្និបាតក្លឹបឆ្នេរសមុទ្រស្រស់ស្អាតបំផុតលើសកលលោក នៅទីក្រុងឆ្នេរសមុទ្រ តូយ៉ាម៉ា កាលពីខែតុលា ឆ្នាំ ២០១៩ កន្លងទៅនេះ ហើយប្រទេសកម្ពុជាត្រូវបានអង្គមហាសន្និបាតបោះឆ្នោត ជាឯកច្ឆន្ទផ្តល់សិទ្ធ ក្នុងការរៀបចំមហាសន្និបាតនេះនៅឆ្នាំ ២០២២ ខាងមុខ។ ស្របជាមួយគ្នានេះដែរ ដោយទទួលបានការឯកភាពពីរាជរដ្ឋាភិបាល និងការគាំទ្រពីក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក កម្ពុជាក៏បានទទួលសិទ្ធិពីសហព័ន្ធកីឡាប្រណាំងកង់ពិភពលោក (UCI) ក្នុងការរៀបចំជាប្រវត្ដិសាស្ដ្រនូវព្រឹត្ដិការណ៍ប្រណាំងកង់ពិភពលោក នៅតំបន់ឆ្នេរសមុទ្រកម្ពុជាលើកទី ១ ចាប់ពីថ្ងៃទី ០៤-០៦ ខែមករា ឆ្នាំ ២០២០ ខាងមុខនេះទៀតផង។

លទ្ធផលទាំងអស់នេះ គឺសុទ្ធសឹងតែបានមកពីអំណោយធនធានធម្មជាតិកម្ពុជា បូករួមជាមួយការយកចិត្តទុកដាក់ទៅលើការថែរក្សាតំបន់ឆ្នេរ របស់ថ្នាក់ដឹកនាំប្រទេសកម្ពុជា ឲ្យបានស្រស់ស្អាត និងការអភិវឌ្ឍន៍តំបន់ឆ្នេរប្រកបដោយចីរភាព។ ការៀបចំធ្វើជាម្ចាស់ផ្ទះក្នុងមហាសន្និបាតឆ្នេរស្អាតបំផុត ខាងមុខនេះ យើងសង្ឃឹមថា តំបន់ឆ្នេររបស់យើងនឹងអាចទទួលបានភ្ញៀវទេសចរណ៍កាន់តែច្រើនបន្ថែមទៀត ហើយក៏រំពឹងថាក្រុមហ៊ុនបដិសណ្ឋាការកិច្ចធំៗនិងមកវិនិយោគជារីសត និងសណ្ឋាគារអន្តរជាតិ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍តំបន់ឆ្នេរនៅកម្ពុជាផងដែរ។

 

ប្រភព៖ ក្រសួងទេសចរណ៍