អគារ The Peak គម្រោងបញ្ជប់ការសាងសង់ឆ្នាំ ២០២០ ក្លាយជាអគារខ្ពស់ជាងគេបំផុតនៅប្រទេសកម្ពុជា

បន្ទាប់ពីការផ្ទុះឡើងនេះបដិវត្ដន៍សំណង់អគារខ្ពស់នៅទីក្រុងភ្នំពេញ អស់រយៈពេល ១ ទសវត្ស ហើយកំណើនឡើងខ្ពស់បំផុតត្រឹម ៥ ឆ្នាំចុងក្រោយនេះ ទីក្រុងភ្នំពេញអាចមានអគារខ្ពស់រហូតដល់លើសពី ២០០ ម៉ែត្រជាលើកដំបូង នោះគឺអគារ The Peak។ ត្រង់នេះគូសបបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ អគារខ្ពស់ជាងគេបំផុតនៅទីក្រុងភ្នំពេញដែលបានបើកដំណើរការ គឺអគារ Vattanac Capital ដែលវាមានកម្ពស់ ១៨៤.៧ ម៉ែត្រ ក្លាយជាអគារខ្ពស់ជាងគេចាប់តាំងពីឆ្នាំ ២០១៤ រហូតមកដល់ឆ្នាំ ២០១៩ អគារ Gold Tower 42 បានឡើងខ្ពស់ជាងដល់កម្ពស់ ១៩៥.៥ ម៉ែត្រ ដែលមិនទាន់សាងសង់បញ្ចប់នៅឡើយទេ ប៉ុន្តែពេលនេះគឺអគារ The Peak ឈរនៅជាសំណង់ខ្ពស់ជាងគេនៅទីក្រុងភ្នំពេញ។ អញ្ចឹងថ្ងៃនេះ យើងនឹងមកស្វែងយល់ខ្លះៗអំពីអគារ The Peak ថាតើវាវិនិយោគដោយក្រុមហ៊ុនណា ហើយមានគម្រោងអ្វីខ្លះនៅក្នុងអគារដ៏ខ្ពស់ទាំងនេះ?

អគារ The Peak ត្រូវបានវិនិយោគសាងសង់ដោយក្រុមហ៊ុន Oxley Gem (Cambodia) co., Ltd ដែលមានទីស្នាក់ការធំនៅប្រទេសសិង្ហបុរី ហើយនេះវាគឺជាគម្រោងធំទី ២ បន្ទាប់ពីគម្រោងអភិវឌ្ឍន៍អគារខុនដូ The Bridge ដែលបានសាងសង់ពីឆ្នាំ ២០១៣ ស្ថិតនៅក្បែរនោះ។ ការវិនិយោគ The Peak ស្ថិតនៅចំទីតាំងដ៏មានសក្ដានុពលបំផុតក្នុងទីក្រុងភ្នំពេញ ដែលស្ថិតនៅតាមបណ្ដោយដងទន្លេបាសាក់ ខណ្ឌចំការមន នៅក្បែរក្រសួងការបរទេស, រដ្ឋសភា, ស្ថានទូតអូស្ត្រាលី, NagaWorld, ទីក្រុងកោះពេជ្រ, ផ្សារទំនើបអ៊ីអន, វិមានឯករាជ្យ និងតំបន់សំខាន់ៗជាច្រើនទៀត។ 

អគារ The Peak គឺជាគម្រោងនៃការអភិវឌ្ឍន៍ប្រើប្រាស់ពហុបំណង មានន័យថាអគារខ្ពស់ៗទាំង ៣ នេះវានឹងប្រើប្រាស់ចម្រុះមានទាំងសណ្ឋាគារ អាផាតមិន ការិយាល័យក្រុមហ៊ុន ភោជនីយដ្ឋាន និងផ្សារទំនើបផងដែរ ហើយអគារខ្ពស់បំផុតមានកម្ពស់ដល់ ៥៥ ជាន់ ដែលគេពុំទាន់បានកំណត់រង្វាស់កម្ពស់នៅឡើយទេ ប៉ុន្តែបើយើងមើលទៅអគារ The Bridge មានកម្ពស់ត្រឹម ៤៥ ជាន់, អគារ Gold Tower កម្ពស់ ៤៧ ជាន់, ហើយអគារ Vattanac Capital មានកម្ពស់ ៣៨ ជាន់ប៉ុណ្ណោះ ដូចនេះហើយទើបអគារ The Peak លេចត្រដែតឡើងខ្ពស់ជាងគេបំផុតនាពេលនេះ។

គម្រោងអគារ The Peak បានបែងចែកចេញជា ៣ អគារ ក្នុងនោះអគារចំនួន ២ នឹងផ្ដល់ជូននូវខុនដូលំនៅដ្ឋានចំនួន ១,០១៤ យូនីត (អគារទីមួយមានខុនដូ ៥០៧ យូនីត និងអគារទីពីរមានខុនដូ ៥០៦ យូនីត) ចំណែកអគារទី ៣ គឺជាអគារពាណិជ្ជកម្ម ដោយមានការិយាល័យ Grade A ចំនួន ៣៥ ជាន់ និងការវិនិយោគសណ្ឋគារអន្តរជាតិ Shangri-La Hotel ចំនួន ២០ ជាន់។ លើសពីនេះទៀត ផ្នែកខាងក្រោមចំនួន ៥ ជាន់ក៏ត្រូវបើកជាផ្សារទំនើប និងកន្លែងចតរថយន្ដទំហំជាង ៤២០,០០០ ហ្វីតការ៉េ ហើយនៅផ្នែកខាងលើគឺជា The Sky Lounge និងអាងហែលទឹកឯកជននៅកំពូល ដែលគេអាចរីករាយទស្សនានូវទិដ្ឋភាពទីក្រុងភ្នំពេញ និងទន្លេរមេគង្គបាន។