​ឯកអគ្គរដ្ឋទូតអូស្ត្រាលី៖ កម្ពុជា ជាគោលដៅទេសចរណ៍មុនគេដែលទេសចរអន្តរជាតិ ត្រូវត្រលប់មកកម្សាន្ដវិញ ក្រោយចប់វិបត្តិកូវីដ-១៩

កម្ពុជា គឺជាគោលដៅទេសចរណ៍ដំបូងគេ ដែលភ្ញៀវទេសចរអន្តរជាតិត្រូវត្រលប់មកទស្សនាកម្សាន្ដវិញ បន្ទប់ពីបញ្ចប់វិបត្តិកូវីដ-១៩ ទូទាំងពិភពលោក, នេះគឺជាការយល់ឃើញរបស់លោក Pablo Chiho Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំកម្ពុជា ក្នុងជំនួបពិភាក្សាជាមួយឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា កាលពីថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២០។ 

លោក Pablo Chiho Kang បានទៅទស្សនកិច្ចដោយផ្ទាល់នៅតាមគោលដៅទេសចរណ៍នានាក្នុងប្រទេសកម្ពុជា តាំងតែពីលោកបានមកធ្វើការជាឯកអគ្គរដ្ឋទូតអូស្ត្រលីប្រចាំនៅប្រទេសកម្ពុជាម្ល៉េះ ក្នុងនោះលោកបានទៅទស្សនានៅសៀមរាប-អង្គរ ខេត្តបាត់ដំបង តំបន់ឆ្នេរសមុទ្រ (ព្រះសីហនុ កំពត កែប កោះកុង) ភូមិភាគឦសាន (មណ្ឌលគីរី រតនគីរី) លោកបានកោតសរសើរថាតំបន់ទេសចរណ៍ទាំងអស់នោះពិតជាស្រស់ស្អាតប្លែកភ្នែក ដែលទាក់ទាញ ស្ថិតនៅក្នុងក្ដីស្រមៃរបស់ភ្ញៀវទេសចរណ៍អន្តរជាតិបំផុត។ លើសពីនេះ លោកអគ្គរដ្ឋទូតក៏បានព្យាយាមជួយផ្សព្វផ្សាយសក្ដានុពលទេសចរណ៍កម្ពុជា ទៅកាន់ពលរដ្ឋ និងភ្ញៀវទេសចរក្នុងប្រទេសកំណើ់តរបស់ខ្លួន ដោយកម្ពុជាជាគោលដៅសំខាន់មួយរបស់ភ្ញៀវទេសចរអូស្ត្រាលី។

ម្យ៉ាងវិញទៀត លោកក៏បានលើកឡើងអំពីកិត្តិនាមមនុស្សធម៌ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានជួយសង្គ្រោះអោយនាវាទេសចរណ៍ខ្នាតយក្ស Westerdam ចូលសំចតនៅកំពង់ផែព្រះសីហនុផងដែរ។ នេះគឺជាទឹកចិត្តដ៏ថ្លៃថ្លារបស់កម្ពុជា ដែលពិភពលោកបានកោតសរសើរ និងល្បីសុះសាយខ្លាំងក្នុងសង្គមអូស្ត្រាលី ដូចនេះហើយទើបពលរដ្ឋច្រើនណាស់តែងតែចង់មកទស្សនាដោយផ្ទាល់នៅទឹកដីករុណាធម៌មួយនេះ។ 

ជាមួយគ្នានេះ ឯកឧត្តម ថោង ខុន បានស្នើឲ្យមានការផ្សព្វផ្សាយកាន់តែខ្លាំងឡើងពីគោលដៅទេសចរណ៍នៅកម្ពុជា ទៅកាន់ប្រជាជនអូស្ត្រាលី ខណៈកម្ពុជាកំពុងពង្រឹងអភិវឌ្ឍន៍គោលដៅទេសចរណ៍ឲ្យកាន់តែស្រស់ស្អាត និងសុវត្ថិភាព លើសពីនេះឯកឧត្តមក៏បានស្នើឲ្យពន្លឿននូវការរៀបចំជើងហោះហើរត្រង់ កម្ពុជា-អូស្ត្រាលី ឲ្យបានឆាប់រហ័សផងដែរ ដើម្បីបង្កភាពងាយស្រួល ដោយពុំចាំបាច់ប្ដូរជើងហោះហើរនៅប្រទេសថៃ ឬសិង្ហបុរី។ គួររំលឹកផងដែរថា នៅឆ្នាំ ២០១៩ កម្ពុជាទទួលបានភ្ញៀវទេសចរអូស្ត្រាលីប្រមាណ ១ សែន ២ ម៉ឺននាក់។