ក្រុមហ៊ុនអាកាចរណ៍របស់សហរដ្ឋអាមេរិក American Airlines និង United គ្រោងបន្ថែមជើងហោះហើរ នៅពេលដែលតម្រូវការធ្វើដំណើរបានកើនឡើង ក្រោយពីស្ថានភាពវីរុស កូវីដ-១៩​ ចាប់ផ្តើមថយចុះ!



ក្រុមហ៊ុនអាកាសចរណ៍របស់សហរដ្ឋអាមេរិក American Airlines និង United បានប្រកាសកាលពីថ្ងៃព្រហស្បត្តិ៍នេះថា ពួកគេនឹងបន្ថែមចំនួនជើងហោះហើរ នៅក្នុងខែកក្កដា ស្របពេលដែលតម្រូវការធ្វើដំណើររបស់ប្រជាជនអាមេរិកមានការកើនឡើងខ្លាំង ខណៈដែលស្ថានភាពឆ្លងរាលដាលវីរុស Covid-19 នៅក្នុងប្រទេសមានការថយចុះ។ វាក៏ជាសញ្ញាមួយបញ្ជាក់ផងដែរថា ឧស្សាហកម្មអាកាសចរណ៍នៅក្នុងប្រទេសមហាអំណាយមួយនេះ បានរងផលប៉ះពាល់អាក្រក់បំផុត ដោយសារវិធានការណ៍ Lockdown ទប់ស្កាត់វីរុសផ្លូវដង្ហើមនេះ។




ដោយលើកឡើង ពីការចាប់អារម្មណ៍ឃើញថា មានការកើនឡើងពីអ្នកប្រើប្រាស់ និងអ្នកដំណើរជាច្រើន នៅតាមរដ្ឋរបស់អាមេរិក ដែលបានបើកដំណើរការឡើងវិញយ៉ាងឆាប់រហ័ស បន្ទាប់ពីការវិធានការណ៍រឹតបន្តឹងការពារការឆ្លងរាលដាលនៃ Covid-19 នឹងត្រូវបន្ធូរបន្ថយនោះ ជនជាតិអាមេរិកនឹងធ្វើការហោះហើរប្រមាណ 55% នៃកាលវិភាគហោះហើរក្នុងប្រទេសរបស់ខ្លួន នៅក្នុងខែកក្កដា និងជិត 20% នៃកាលវិភាគហោះហើរជាអន្តរជាតិរបស់ខ្លួន។




អនុប្រធានជាន់ខ្ពស់នៃ ប្រព័ន្ធយុទ្ធសាស្រ្តបណ្តាញ (Network strategy) របស់អាមេរិកលោក Vasu Raja មានប្រសាសន៍ថា "យើងកំពុងមើលឃើញការកើនឡើងនៃតម្រូវការក្នុងស្រុកយឺត ប៉ុន្តែមានស្ថេរភាព បន្ទាប់ពីការពិនិត្យឡើងវិញយ៉ាងប្រុងប្រយ័ត្នដើម្បីឱ្យត្រូវគ្នា ជាមួយនឹងទិន្នន័យដែលយើងបានប្រើ ក្នុងការបង្កើតកាលវិភាគហោះហើរសម្រាប់ខែកក្កដា។



គាត់បានបន្ថែមថា “កាលវិភាគខែកក្តដារបស់យើង នឹងរួមបញ្ចូលទាំងអត្រានៃការថយចុះសមត្ថភាពតូចបំផុត ពីមួយឆ្នាំទៅមួយឆ្នាំ ដែលរាប់ចាប់តាំងពីខែមីនាមកផងដែរ។”

ដោយឡែកនៅល្ងាចថ្ងៃព្រហស្បតិ៍ថ្មីៗនេះ ក្រុមហ៊ុនអាកាសចរណ៍ United បាននិយាយថា ខ្លួននឹងធ្វើការហោះហើរឡើងវិញនៅខែកក្កដា នៅគោលដៅជាង 150 របស់សហរដ្ឋអាមេរិក និងកាណាដា ដែលបង្កើនជើងហោះហើរ មិនចុះចត (non-stop flights) ពីទីក្រុង Chicago, Denver, New York និងមណ្ឌលចំនួន 4 ផ្សេងទៀត។




United ក៏បានលើកឡើងថា “អតិថិជនជាច្រើនបានប្រាប់យើងថា ពួកគេកំពុងពិចារណាលើការហោះហើរម្តងទៀត។” ដោយក្រុមហ៊ុននេះ បន្ថែមថាសមត្ថភាពនឹងនៅតែធ្លាក់ចុះ 70% នៅក្នុងខែកក្កដា បើប្រៀបធៀបនឹងរយៈពេលមួយឆ្នាំកន្លងមក។




ក្រុមហ៊ុនអាកាសចរណ៍ធំ ៗ បានកាត់បន្ថយសេវាកម្ម ហើយលើកទឹកចិត្តបុគ្គលិកហោះហើរ ឈប់សម្រាកដោយមិនបង់ប្រាក់ (Take unpaid leave) ដើម្បីព្យាយាមសន្សំសាច់ប្រាក់របស់ខ្លួន បន្ទាប់ពីតម្រូវការបានធ្លាក់ចុះ 95% ដោយសារបញ្ហាជម្ងឺរាតត្បាតនេះ។




ប៉ុន្តែសម្រាប់ American Airlines ដែលមានកម្រិតបំណុល ខ្ពស់ជាងក្រុមហ៊ុនដឹកជញ្ជូននាំមុខគេផ្សេងទៀត របស់សហរដ្ឋអាមេរិក បាននិយាយថាខ្លួនមានអតិថិជនជាមធ្យម 110,330 នាក់ នៅចុងខែឧសភា ដែលជាចំនួនច្រើនជាង បីដង បើប្រៀបធៀបទៅនឹងខែមេសា។ យន្តហោះរបស់ក្រុមហ៊ុននេះ ត្រូវបានបំពេញ 55% នៅចុងខែឧសភា ដែលមានការកើនឡើងពី 15% នៅក្នុងខែមេសា។




American Airlines ដដែលនេះ ក៏បាននិយាយបន្ថែមថា ខ្លួននឹងជម្រុញសេវាកម្ម ដល់ផ្នែកខ្លះនៃសហរដ្ឋអាមេរិក ដែលមានតម្រូវការខ្លាំងបំផុត រួមមានរដ្ឋ Florida រដ្ឋ North Carolina រដ្ឋ Georgia និងរដ្ឋ South Carolina។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏បានបន្ថែមជើងហោះហើរបន្ថែមទៀត ទៅកាន់រដ្ឋ Colorado, Utah និងរដ្ឋខាងលិចផ្សេងទៀត ដែលមានឧទ្យានជាតិនៅក្នុងតំបន់របស់ខ្លួន។

ការប្រកាសនេះក៏បានជម្រុញ ភាគហ៊ុនក្រុមហ៊ុនអាកាសចរណ៍ផងដែរ ដោយ American Airlines បានលោតឡើង 41.1% ($16.72) ហើយ United បានកើនឡើង 16.2% ($39.10) ។