តម្រូវការទីធ្លារខ្ពស់ ជាដំណឹងអាក្រក់ដល់ទីលានវាលកូនហ្គោលក្នុងប្រទេសសិង្ហបុរី!

កីឡាវាយកូនហ្គោល ក្នុងប្រទេសសិង្ហបុរីជាកីឡាដ៏ពេញនិយមមួយ និងមានជើងឯកលើកពានរង្វាន់ច្រើនព្រឹត្តិការណ៍ផងដែរ ម្យ៉ាងវិញទៀត វាជាកីឡាដែលអតីតនាយករដ្ឋមន្ត្រី Lee Kuan Yew ចូលចិត្តបំផុតក្នុងពេលលំហែកាយរបស់គាត់ បើតាមការបញ្ជាក់របស់លោក Lee Hsien Yang ដែលជាកូនប្រុសលោក។ កីឡាវាយកូនហ្គោល ក្នុងប្រទេសសិង្ហបុរីបានបង្ហាញអំពីវណ្ណៈខ្ពស់មួយនៅក្នុងសង្គម ព្រោះកាលពីជំនាន់ឆ្នាំ ១៩៩០ មកដល់ឆ្នាំ ២០០០ ប្រជាជនសិង្ហបុរី ឲ្យតម្លៃខ្ពស់ទៅលើ 5Cs ដែលរួមមាន Cash, Car, Condominium, Credit Card, និង Country Club membership រួមមានកីឡាវាយកូនហ្គោលនេះឯង។ 

យ៉ាងណាមិញ មកដល់ខ្ទង់ឆ្នាំ ២០១០ រដ្ឋាភិបាលសិង្ហបុរី ដែលគ្រប់គ្រងលើអចលនទ្រព្យដីធ្លីស្ទើរទាំងមូលនៃប្រទេសសិង្ហបុរី បានចាប់ផ្ដើមកាត់បន្ថយទីធ្លារដីទំនេរធំៗ ពិសេសបង្ខំចិត្តបិទទីលានវាយកូនហ្គោលជាច្រើន រៀបចំហេដ្ឋារចនាសម្ព័ន្ធ ដោយសារតម្រូវការវិនិយោគដីធ្លីលើគម្រោងអភិវឌ្ឍន៍ប្រើប្រាស់ចម្រុះនានា សូម្បីតែលំនៅដ្ឋានក៏ត្រូវការអគារអាផាតមិន និងខុនដូខ្ពស់ៗផងដែរ។ សិង្ហបុរី ត្រូវបានចាត់ទុកជាប្រទេសដែលមានដង់ស៊ីតេប្រជាជនខ្ពស់បំផុតមួយ មានជនអន្តោប្រវេសន៍មកធ្វើការ និងរស់នៅច្រើន ថែមទាំងទទួលភ្ញៀវទេសចរណ៍ខ្ទង់ ១៥ លាននាក់កាលពីឆ្នាំ២០១៩ (លើសពីចំនួនប្រជាជនក្នុងស្រុក ៣ ដង) ដែលធ្វើឲ្យតម្លៃដីធ្លីមានតម្លៃខ្ពស់បំផុតសម្រាប់ទិញ ឯការរស់នៅត្រូវពឹងផ្អែកលើគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានខុនដូរបស់រដ្ឋ តាមរយៈការបង់រំលស់។ យ៉ាងណាក៏ដោយ រដ្ឋាភិបាលបានដាក់គោលការណ៍ទុកទីធ្លារយ៉ាងតិច ២.១% នៃផ្ទៃប្រទេស ឲ្យនៅទំនេរសម្រាប់ទីធ្លារបៃតងដែរ។ 

តម្រូវការទីធ្លារខ្ពស់បែបនេះ បានធ្វើឲ្យបន្ដិចម្ដងៗទីលានវាយកូនហ្គោលក្នុងប្រទេសសិង្ហបុរី ត្រូវកាត់បន្ថយនិងបិទទ្វារដែលមិនអាចជៀសផុត បើទោះជាកីឡានេះមានភាពពេញនិយមខ្លាំងក្នុងសង្គមក៏ដោយ។ ការបិទទ្វារក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ សិង្ហបុរីបានបាត់បង់អ្នកវាយកូនហ្គោលប្រមាណ ២៥០,០០០ នាក់ ស្មើនឹងការធ្លាក់ចុះ ៤០% ហើយចំនួននេះអាចកើនឡើងដល់ ៤៣០,០០០ នាក់ថែមទៀតនៅឆ្នាំ២០៤០។ ប្រជាជនសិង្ហបុរី ដែលនិយមកីឡាវាយកូនហ្គោលបំផុត គឺសុទ្ធសឹងមានអាយុ ៥៥ ឆ្នាំឡើងទៅ និងមានថវិកាសម្រាប់ចុះជាសមាជិកក្នុងក្លឹបនីមួយៗដែលមានតម្លៃរាប់ពាន់ដុល្លារ។ ក្លឹបវាយកូនហ្គោលនៅប្រទេសសិង្ហបុរី នឹងនៅតែមានដំណើរការច្រើនជាបន្ដទៀត ប៉ុន្តែមិនមានក្ដឹបដែលបើកថ្មី ឬបើកឡើងវិញចាប់ពីពេលនេះរហូតដល់ឆ្នាំ២០៤០ បើតាមការបញ្ជាក់ពីរដ្ឋាភិបាល ដែលអាចជាមូលហេតុនៃតម្រូវការទីធ្លារច្រើន។