យោងតាមសារាចរ របស់រាជរដ្ឋាភិបាល លេខ: ១៧ សរ ចុះហត្ថលេខាដោយ សម្តេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី ៩តុលាឆ្នាំ២០២៥ បានសម្រេចអនុម័តយក ថ្ងៃទី ៧ធ្នូ ជារៀងរាល់ឆ្នាំ ដើម្បីរៀបចំប្រារព្ធ "ទិវាអាកាសចរណ៍ស៊ីវិល" នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីស្របតាមគោលនយោបាយជាតិស្តីពី ការដឹកជញ្ជូនតាមផ្លូវអាកាសឆ្នាំ ២០២៥-២០៣៥ និងដើម្បីបន្តការអនុវត្ត តាមគោលនយោបាយ បើកចំហរជើងមេឃ របស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រីកម្ពុជា។
តាមសារាចរនេះ បានលើកឡើងថា "ទិវាអាកាសចរណ៍ស៊ីវិល៧ធ្នូ" នឹងតម្រូវឲ្យមាន ការតាំងពិពរ័ណ៍អាកាសចរណ៍ ដែលបង្ហាញពីសមិទ្ធផលអាកាសចរណ៍នានា ដែលបានសម្រេចនៅក្នុងឆ្នាំនីមួយៗ ការរៀបចំដំណើរទស្សនកិច្ចសម្រាប់សិស្ស និងនិស្សិតនៃគ្រឹះស្ថានអប់រំ មកទស្សនាពីដំណើរការជាក់ស្តែង តាមអាកាសយានដ្ឋានអន្តរជាតិ និងក្រុមហ៊ុនអាកាសចរណ៍ជាដើម។ បន្ថែមពីនេះ ក៏តម្រូវឲ្យមានការឃោសនាផ្សព្វផ្សាយ ពីអាកាសចរណ៍ស៊ីវិលកម្ពុជា ចែករំលែកព័ត៌មានគន្លឹះ រូបភាពជាក់ស្តែងនិងទិន្នន័យ នៃការរីកចម្រើននៃវិស័យអាកាសចរណ៍ស៊ីវិល ក្នុងតំបន់ និងអន្តរជាតិ។
ចុងក្រោយ ក៏តម្រូវឲ្យមានការចែកបណ្ណសរសើរ និងពានរង្វាន់ដល់បុគ្គលដែលមានស្នាដៃ នៅក្នុងវិស័យអាកាសចរណ៍ ទាំងតាមស្ថាប័នរដ្ឋនិងឯកជន ផងដែរ។
ប្រភព៖ ទំព័រហ្វេសបុកផ្លូវការ សម្តេចធិបតី