ចាប់ពី ខែមករាដល់ខែកញ្ញា ឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មកម្ពុជា សម្រេចបានទឹកប្រាក់ ៤៦,៩ពាន់លានដុល្លារ កើនឡើង ១៤,៨% ដោយក្នុងនោះ ការនាំចូលមានទឹកប្រាក់ចំនួន ២៤,៦ពាន់លានដុល្លារ កើនឡើង១៦,៦% និងការនាំចេញ បានជាង ២២,៣ពាន់លានដុល្លារ កើនឡើង ១២,៩%។ នេះបើយោងតាមរបាយការណ៍ទិន្នន័យរបស់ អគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជា។
សហរដ្ឋអាមេរិក គឺជាទីផ្សារនាំមុខគេ លើការនាំចេញរបស់កម្ពុជា ក្នុងរយៈពេល ៩ខែកន្លងទៅនេះ មានតម្លៃជាង ៩,២ពាន់លានដុល្លារ កើនឡើង ២២% , ចិនមានតម្លៃជាង ១,១ពាន់លានដុល្លារ ធ្លាក់ចុះ ៧,៧% , និងវៀតណាមមានតម្លៃជាង ២,៩ពាន់លានដុល្លារ កើនឡើង ៧,៨% រួមនឹងទីផ្សារផ្សេងទៀត។
ទំនិញដែលកម្ពុជានាំចេញ ក្នុងអំឡុងពេលខាងលើ រួមមាន សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំ ដែលធ្វើឡើងពីក្រណាត់ ម៉ាស៊ីន និងឧបករណ៍អគ្គិសនី សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំ នៃសម្លៀកបំពាក់មិនធ្វើឡើង ពីការចាក់ដោយម្ជុលពីរ កៅស៊ូ និងផលិតធ្វើអំពីកៅស៊ូ និងកសិផលមួយចំនួនទៀត។
ដោយឡែក សម្រាប់ទំនិញនាំចូលរួមមាន រ៉ែប្រើជាគ្រឿងចំហេះ ប្រេងខនិជ និងផលិតផលពីការចម្រាញ់ ផលិតផលបានពីការចាក់ដោយម្ជុល ម៉ាស៊ីន និងឧបករណ៍អគ្គិសនី និងបំណែកភាគរបស់វា សម្ភារអគ្គិសនី សរសៃអំបោះសិប្បនិម្មិតខ្លីៗ យានក្រៅពីអយស្ម័យយាន ឬអយរថអគ្គិសនី និងសម្ភារមួយចំនួនទៀត។
ប្រភព៖ ក្រសួងព័ត៌មាន