ក្រុមហ៊ុនសិង្ហបុរី និងក្រុមហ៊ុនហុងកុង បង្ហាញពីបំណងរួមគ្នា លើការវិនិយោគបង្កើត "គ្លីនិកចល័ត" សម្រាប់សិស្សានុសិស្ស ដើម្បីជម្រុញការលើកកម្ពស់វិស័យសុខាភិបាល និងអប់រំ នៅកម្ពុជា


កាលពីថ្ងៃទី ១៤តុលាឆ្នាំ២០២៥ ឯ. ស៊ុន ចាន់ថុល ឧប និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អមដោយ រដ្ឋមន្ត្រីក្រសួងអប់រំ និងរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចូលជួបពិភាក្សាការងារជាមួយនឹង គណៈប្រតិភូក្រុមហ៊ុន Sino Group និងក្រុមហ៊ុន YHS (Cambodia) Food & Beverage Pte Ltd (Yeo's) ដែលដឹកនាំដោយ លោក Na Wu Beng ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Yeo's ។

ជំនួបពិភាក្សាការងារនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណង ដើម្បីជម្រាបជូន ឯ. ឧប អំពីបច្ចុប្បន្នភាពការងាររបស់ ក្រុមហ៊ុនផលិតភេសជ្ជៈ Yeo's នៅកម្ពុជា ដែលកំពុងមានដំណើរការរលូនក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ ក៏ដូចជាការចែកចាយលក់ នៅក្នុងទីផ្សារ និងជាពិសេស គឺដើម្បីពិភាក្សាលើគម្រោង សិក្សាលទ្ធភាពក្នុងការ រៀបចំបង្កើតគ្លីនិកចល័ត (Mobile Clinic) និងការផ្តល់ជំនួយអាហារូបត្ថម្ភ ដល់កុមារជាសិស្សានុសិស្សនៅតាមបណ្តាខេត្តនានា។

យោងតាម លោក Na Wu Beng បានគូសបញ្ជាក់ថា គម្រោងបង្កើត គ្លីនិកចល័តនេះ ដើម្បីចូលរួមក្នុងសកម្មភាពទំនួលខុសត្រូវសង្គម (Corporate Social Responsibility - CSR) លើវិស័យសុខាភិបាល ក៏ដូចជាវិស័យអប់រំនៅកម្ពុជា ដែលជាការឆ្លើយតប ទៅនឹងសំណើរបស់ ឯ. ឧប ដែលបានលើកឡើង ក្នុងជំនួបជាមួយ លោក Robert Ng ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន Sino Group កាលពីថ្ងៃទី១១ ខែកញ្ញា កន្លងទៅ នៅទីក្រុងហុងកុង។

ជាការឆ្លើយតប ឯ. ឧប ស៊ុន ចាន់ថុល បានបង្ហាញនូវការស្វាគមន៍ចំពោះ ចំណាត់ការយ៉ាងឆាប់រហ័សរបស់ លោក Robert Ng តាមដែល ឯ. បានស្នើ។ ឯ. បានជម្រាបទៅកាន់គណៈប្រតិភូក្រុមហ៊ុនដែរថា ភាគីរាជរដ្ឋាភិបាលកម្ពុជា រីករាយនឹងត្រៀមលក្ខណៈរួចជាស្រេចក្នុងការផ្តល់កិច្ចសហការ សម្របសម្រួល លើការសិក្សាសមិទ្ធិលទ្ធភាពគម្រោង ដើម្បីឲ្យគម្រោងអាចបោះជំហានទៅមុខ ក្នុងដំណាក់កាលបន្តបន្ទាប់ រហូតដល់សម្រេចបានជោគជ័យលេចចេញជារូបរាង។

ថ្នាក់ដឹកនាំទាំង៣​ របស់កម្ពុជា ផ្តល់សុទិដ្ឋិនិយមថា ការរៀបចំបង្កើតគ្លីនិកចល័ត (Mobile Clinic)  គឺនឹងផ្តល់សេវាសុខាភិបាល ប្រកបដោយនវានុវត្តន៍ និងបច្ចេកវិទ្យាវេជ្ជសាស្រ្តជាន់ខ្ពស់ ជូនដល់បងប្អូនប្រជាពលរដ្ឋ នៅតំបន់ដាច់ស្រយាល និងតំបន់ងាយរងគ្រោះ ក៏ដូចជា គម្រោងក្នុងការផ្តល់ជំនួយអាហារូបត្ថម្ភ ដល់កុមារជាសិស្សានុសិស្ស ដើម្បីចូលរួមបំបាត់បញ្ហាកង្វះអាហារូបត្ថម្ភ និងជម្រុញការរីកលូតលាស់ឱ្យបានសមស្រប ហើយវាក៏ជា កត្តាជម្រុញឱ្យ មូលធនមនុស្សនៅកម្ពុជា កាន់តែមានការរីកចម្រើន ដើម្បីរួមចំណែក ក្នុងការអភិវឌ្ឍប្រទេសជាតិ នៅថ្ងៃអនាគត។

ប្រភព៖ ទំព័រហ្វេសបុកផ្លូវការ ឯ. ឧប ស៊ុន ចាន់ថុល (Chanthol Sun DPM)