ប្រមាណ 42% នៃតំបន់បេតិកភណ្ឌពិភពលោករបស់យូណេស្កូ នៅមិនទាន់បើកដំណើរការឡើងវិញ សម្រាប់ភ្ញៀវទេសចរនៅឡើយទេ!

បើយោងតាមការប្រកាសរបស់អង្គការសហប្រជាជាតិ នៅលើបណ្តាញសង្គម Twitter ផ្លូវការរបស់ខ្លួនថ្មីៗនេះថា ប្រមាណជាជាង 4/10 នៃទីតាំងបេតិកភណ្ឌពិភពលោករបស់អង្គការយូនេស្កូ នៅតែបន្តបិទនៅឡើយទេ ដោយសារតែបញ្ហា Covid-19 នៅតែរីករាលដាល។ 

 

យោងតាមការស្ទង់មតិមួយ ដែលធ្វើឡើងដោយអង្គការយូណេស្កូ ដែលបានបញ្ចប់នៅថ្ងៃទី 20 កក្កដានេះថា ប្រទេសចំនួន 71 បានបិទតំបន់បេតិកភណ្ឌពិភពលោករបស់ខ្លួនទាំងស្រុង នៅក្នុងព្រំដែនរបស់ពួកគេ ដែលត្រូវបានការពារពេញសិទ្ធិដោយអង្គការនេះ។ ទិសដៅវប្បធម៌ទាំងនេះ ជាធម្មតាមានប្រជាប្រិយភាពខ្លាំងណាស់ សម្រាប់ភ្ញៀវទេសចរ។ កន្លែងបិទទ្វារភាគច្រើន ស្ថិតនៅអាមេរិកកណ្តាល អាស៊ីអាគ្នេយ៍ និងអាស៊ី (រួមមានឥណ្ឌូណេស៊ី ឥណ្ឌា និងប៉ាគីស្ថាន) ក៏ដូចជាអ៊ីរ៉ង់ និងប៉ែកខាង រដ្ឋឈូងសមុទ្រផងដែរ។

 

នៅក្នុងតំបន់ប៉ាស៊ីហ្វិក ប្រទេស New Zealand កំពុងរក្សាការបិទទីតាំងដែលបានចុះបញ្ជី ខណៈដែលប្រទេសជិតខាង ដូចជាអូស្រ្តាលី បានបើកដំណើរការបរិវេណនៃផ្នែកខ្លះៗ ជាថ្មីម្តងទៀត។

 

អឺរ៉ុបហាក់ដូចជា ស្ថិតនៅករណីលើកលែងនៅក្នុងការស្ទង់មតិនេះ។ ស្ទើរតែគ្រប់បណ្តាប្រទេសអឺរ៉ុបឥឡូវនេះ ត្រូវបានអនុញ្ញាតឱ្យអ្នកទេសចរទៅទស្សនាតំបន់បេតិកភណ្ឌពិភពលោករបស់ពួកគេ ទោះបីជាអេស្ប៉ាញ ចក្រភពអង់គ្លេស អ៊ុយក្រែន និងរ៉ូម៉ានី បានបើកដំណើរការឡើងវិញ ត្រឹមទីតាំងខ្លះរបស់ពួកគេប៉ុណ្ណោះ។ ដោយឡែកសម្រាប់តំបន់បេតិកភណ្ឌពិភពលោក ដែលស្ថិតនៅក្នុងប្រទេសអៀរឡង់ នៅតែបន្តបិទនៅឡើយ។

 

ប៉ុន្តែសម្រាប់នៅទ្វីបអាហ្រ្វិកវិញ ប្រទេសដែលបានបើកដំណើរការតំបន់បេតិកភណ្ឌពិភពលោករបស់ពួកគេ សម្រាប់ភ្ញៀវទេសចរអន្តរជាតិវិញនោះ មានដូចជាប្រទេស Tunisia, Mali, Angola, Mozambique និង Tanzania។