ការបំពុលប្លាស្ទិចក្នុងមហាសមុទ្រ នឹងអាចកើនខ្ពស់ដល់ ២៩ លានតោន/ឆ្នាំ នៅត្រឹមឆ្នាំ២០៤០!

ការសិក្សាមួយមានចំណងជើងថា Breaking the Plastic Wave ត្រូវបានស្រាវជ្រាវដោយអ្នកវិទ្យាសាស្ត្រ និងអ្នកជំនាញផ្នែកឧស្សាហកម្ម ពីអង្គការ The Pew Charitable Trusts and SYSTEMIQ បានបង្ហាញថា ការបំពុលកាកសំណល់ប្លាស្ទិចទៅក្នុងសមុទ្រ នឹងអាចកើនឡើងខ្ពស់ជាងបច្ចុប្បន្នភាព រហូតដល់ ៣ ដងឯណោះ នៅក្នុងរយៈពេលត្រឹមតែ ២០ ឆ្នាំទៅមុខ ប្រសិនបើការប្រើប្រាស់និងអាជីវកម្មប្លាស្ទិចនៅតែបន្ដដូចសព្វថ្ងៃ ឬរដ្ឋាភិបាលតាមប្រទេសនីមួយៗគ្មានចំណាត់ការអ្វីមួយទៅលើបញ្ហានេះ។

ការស្រាវជ្រាវនេះ បានចុះផ្សាយទៅលើទស្សនាវដ្ដី Science បង្ហាញថាកាកសំណល់ប្លាស្ទិចដែលកើតមានឡើងសរុប ស្ទើតែ ៧% ត្រូវបានធ្លាក់ទៅក្នុងមហាសមុទ្រ ក្នុងនោះកាកសំណល់ប្លាស្ទិកហូរចូលមានសមុទ្រមានប្រមាណ ១១ លានតោន ក្នុងមួយឆ្នាំៗ ហើយចំនួននេះនឹងអាចកើនឡើងដល់ ២៩ លានតោន ត្រឹមឆ្នាំ២០៤០។ 

លោកស្រី Winnie Lau ជាអ្នកស្រាវជ្រាវជាន់ខ្ពស់នៅអង្គការ The Pew បាននិយាយថា «បញ្ហាបំពុលដោយកាកសំណល់ប្លាស្ទិកគឺជាបញ្ហារបស់មនុស្សគ្រប់គ្នា, មិនមែនជាបញ្ហារបស់ខ្ញុំ, មិនមែនជាបញ្ហារបស់អ្នក, មិនមែនជាបញ្ហារបស់ប្រទេសណាមួយឡើយ! ពោលគឺជាបញ្ហារួមរបស់ពិភពលោក»។ កំណើនកាកសំណល់ប្លាស្ទិច មានសន្ទុះឡើងរហ័សបំផុតក្នុងរយៈពេលចុងក្រោយនេះ បណ្ដាលមកពីកំណើនប្រជាជន និងឧស្សាហកម្ម ជាក់ស្ដែងកាលពីឆ្នាំ ១៩៥០ ឧស្សាហកម្មប្លាស្ទិចផលិតចេញមានត្រឹមតែ ២ លានតោនប៉ុណ្ណោះ ចំណែកមកដល់ឆ្នាំ២០១៧ ការផលិតប្លាស្ទិចបានកើនឡើងដល់ ៣៤៨ លានតោនក្នុងមួយឆ្នាំ ដូចនេះបញ្ហាកាកសំណល់នឹងកើនខ្ពស់ដូចគ្នា។ ប៉ុន្តែការស្រាវជ្រាវខាងលើ ក៏បានផ្ដល់ស្នើឲ្យមានការកែច្នៃកាកសំណល់ប្លាស្ទិចផងដែរ ជាពិសេសទៅលើឧស្សាហកម្មផលិតប្រើប្រាស់វត្ថុធាតុដើម កែច្នៃប្រើប្រាស់ឡើងវិញ និងការប្រមូលប្លាស្ទិចពីប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីជៀសវាងបញ្ហាបំពុលដោយការដុតកាកសំណល់ប្លាស្ទិច ឬការហូរចូលមហាសមុទ្រកាន់តែច្រើន។ 

ក្រុមហ៊ុនឧស្សហកម្មមួយចំនួនដូចជា Coca-Cola, Pepsi, Nestle និង Unilever ត្រូវបានចាត់ទុកថាជាក្រុមហ៊ុនគម្រូទៅលើការគិតគូរដល់បញ្ហាបរិស្ថានបំផុត ជាពិសេសទៅលើការប្រើប្រាស់ថាពលពលមិនចេះរីកស្ងួត និងប្រើប្រាស់ឡើងវិញនៃបរិមាណប្លាស្ទិក ទាំងក្នុងពេលបច្ចុប្បន្ននិងពេលអនាគត។ ការស្រាវជ្រាវខាងលើនេះ ក៏បានស្នើឲ្យមានសកម្មភាពក្នុងវិស័យឧស្សាហកម្មអនុវត្តស្រដៀងក្រុមហ៊ុនគម្រូខាងលើនេះដែរ និងមានការវិនិយោគលើការកែច្នៃកាកសំណល់ប្រើប្រាស់ប្លាស្ទិកឡើងវិញឲ្យបានកាន់តែច្រើនឡើង ថែមទាំងលើកទឹកចិត្តដល់រដ្ឋាភិបាលតាមបណ្ដាប្រទេសនីមួយៗបង្កើតច្បាប់ទាក់ទងនឹងការកាត់បន្ថយប្លាស្ទិច និងផ្ដល់ជាកញ្ចប់ថវិកាដើម្បីទ្រទ្រង់សកម្មភាពកាត់បន្ថយប្លាស្ទិចនេះ ដើម្បីអាចកាត់បន្ថយការហូរចូលសមុទ្រឲ្យបាន ៨០% និងកាត់បន្ថយលើការដុត, ការបំលែងសារធាតុគីមីផ្សេងៗ ដែលជះឥទ្ធិពលដល់បរិមាណកាបូន ក្នុងបរិយាកាស។ 

ការស្រាវជ្រាវនេះ ក៏បានចង្អុលបញ្ហាផងដែរថា ការប្រើប្រាស់ប្លាស្ទិចគឺមានការកើនឡើងខ្ពស់នៅក្នុងរយៈពេលនេះវិបត្តិជំងឺកូវីដ-១៩ នេះ ដូចជាការបង្កើតឧបករណ៍ពាក់ ដូចជាផលិតម៉ាស របាំងការពារប្លាស្ទិច ជាពិសេសវិស័យវេចខ្ចប់ដឹកជញ្ជូនអាហារ។