ចង្វាក់ផលិតកម្មរោងចក្រនៅចិន ធ្លាក់ចុះនៅក្នុងខែសីហា ដោយសារតែបញ្ហាគ្រោះធម្មជាតិ

ប៉េកាំង៖ ចង្វាក់ផលិតកម្មរបស់រោងចក្រជាច្រើន នៅប្រទេសចិន ត្រូវបានឱ្យដឹងថា មានការធ្លាក់ចុះគួរឱ្យកត់សម្គាល់ កាលពីខែសីហា កន្លងទៅនេះ ដោយសារតែ ចិនបានរងគ្រោះធ្ងន់ធ្ងរពីគ្រោះធម្មជាតិ (ទឹកជំនន់) និងគ្រោះធម្មជាតិផ្សេងៗទៀត។ 

បើទោះបីជាសកម្មភាពឧស្សាហកម្ម នៅតាមរោងចក្រជាច្រើននៅចិនចាប់ផ្ដើមងើបឡើងវិញ ក្រោយជំងឺកូវីដ ១៩ ធូស្រាលក៏ពិតមែន តែនៅក្នុងខែសីហា កន្លងទៅនេះ ក៏មានការធ្លាក់ចុះដូចគ្នា។ យោងតាមប្រភពព័ត៌មានអន្តរជាតិ បានឱ្យដឹងថា រោងចក្រឧស្សាហកម្មជាច្រើន នៅចិន ពិសេសស្ថិតនៅភាគខាងត្បូងប្រទេសចិន បានរងគ្រោះដោយសារតែទឹកជំនន់រយៈពេលវែង ដែលបានបំផ្លិចបំផ្លាញនូវហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងប៉ះពាល់ទៅដល់ការរស់នៅរបស់ពលរដ្ឋចិនជាច្រើន។ ជាលទ្ធផល សកម្មភាពនៅតាមរោងចក្រ បានរងផលប៉ះពាល់ខ្លាំង និងមានការកកស្ទះប្រតិបត្តិការការងារទៀតផង។

តាមរយៈទិន្នន័យ ចេញផ្សារពីការិយាល័យស្ថិតិជាតិរបស់ចិន កាលពីថ្ងៃទី៣១ ខែសីហា ម្សិលមិញនេះបានបង្ហាញថា ចំនួនអ្នកបញ្ជាទិញទំនិញ (PMI) បានធ្លាក់ចុះបន្តិចមកត្រឹមកម្រិត ៥១ ក្នុងខែសីហា ដែលចំនួននោះមាន ៥១.១ ក្នុងខែកក្កដា កន្លងទៅ។ របាយការណ៍ដដែល បានបញ្ជាក់ថា ចំនួននោះ សហគ្រាសធនតូចបានធ្លាក់ចុះទៅចំនួន ៤៧.៧% ខណៈខែកក្កដាមានចំនួន ៤៨.៦% នៅពេលដែលតម្រូវការទីផ្សារមានការធ្លាក់ចុះ។ មិនតែប៉ុណ្ណោះ សហគ្រាសមួយចំនួន នៅខេត្ត Chongqing និង Sichuan បានរាយការណ៍មកថា បានរងផលប៉ះពាល់ដោយភ្លៀងខ្លាំង និងទឹកជំនន់ ដែលតម្រូវឱ្យពន្យាពេលអជីវកម្ម និងមានការកកស្ទះវត្ថុធាតុដើម និងធ្លាក់ចុះនៃការកម្មង់ទិញ។

ទោះបីជាសកម្មភាព នៃផលិតកម្មនៅតាមសហគ្រាសជាច្រើននៅចិនបានធ្លាក់ចុះ ដោយសារតែឥទ្ធិពលនៃគ្រោះធម្មជាតិក៏ដោយ ធនាគារ HSBC រំពឹងទុកថា សេដ្ឋកិច្ចរបស់មហាអំណាចចិន អាចនឹងងើបឡើងវិញក្នុងអត្រា ៥,៤% នៅក្នុងត្រីមាសទី៣ នេះ និងកើនឡើង ៦,៤% នៅត្រីមាសទី៤ បើធៀបទៅនឹងឆ្នាំ ២០១៩ កន្លងទៅ។ អ្នកវិភាគសេដ្ឋកិច្ចផ្សេងទៀត បានលើកឡើងថា ការងើបឡើងនៃសេដ្ឋកិច្ចចិន អាចនៅមិនទាន់មានភាពរឹងម៉ាំនៅឡើយទេ ដោយហេតុថាសង្គ្រៀមត្រជាក់រវាងវ៉ាស៊ីនតោន និងក្រុងប៉េកាំង អាចនឹងចោទឡើងជាបញ្ហាប្រឈមធំ នៅក្នុងរដូវរងារាងមុខនេះ។

គួរបញ្ជាក់ផងដែរថា សេដ្ឋកិច្ចងើបឡើង ៣,២% កាលពីត្រីមាសទី២ កន្លងទៅ តែជាអត្រាធ្លាក់ចុះ ២,២% ក្នុងរយៈពេល ៣០ ឆ្នាំចុងក្រោយនេះ ដោយសារតែឥទ្ធិពលនៃជំងឺកូវីដ ១៩ ផង និងសង្គ្រាមត្រជាក់ជាមួយអាមេរិកផង៕