រដ្ឋបាលខេត្តកំពង់ស្ពឺ ប្រកាសអាសន្នកម្រិតកម្ពស់ទឹកនៃទំនប់ពាមឃ្លៃ និងទ្វារទឹករលាំងជ្រៃ

បន្ទាប់ពីបានបាក់ទំនប់ចំការតែ (ខ្នងភ្នំគិរីរម្យ) ដោយសារឥទ្ធិពលនៃកម្លាំងជំនន់ទឹកភ្លៀង នៃបាតុភូតធម្មជាតិ ខេត្តកំពង់ស្ពឹនៅតែបន្ដរងការគំរាមកំហែង នៃទឹកជំនន់នេះជាបន្ដបន្ទាប់ទៀត ដោយរដ្ឋបាលខេត្ត ទើបតែបានផ្ដល់ដំណឹងនៅរសៀលថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២០ ថា ក្រោមការទទួលរងឥទ្ធិពលព្យុះជាបន្ដបន្ទាប់ និងមានភ្លៀងធ្លាក់ជាប្រចាំ បានធ្វើឲ្យកម្រិតកម្ពស់ទឹកនៃទំនប់ពាមឃ្លៃ និងទ្វារទឹករលាំងជ្រៃ ឡើងខ្ពស់ដល់កម្រិតប្រកាសអាសន្ន។  

យោងតាមសេចក្ដីប្រកាសអាសន្ននេះ រដ្ឋបាលខេត្តកំពង់ស្ពឺសូមជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសបងប្អូនប្រជាពលរដ្ឋរស់នៅភូមិរំលោង, កាហែង, កាប់ទូក, ភូមិថ្មី, ក្រវៀន, ក្នុងសង្កាត់កណ្ដាលដុំ, ភូមិព្រៃស្លឹក សង្កាត់ច្បារមន និងភូមិព្រៃបេង ទឹកលិច គោករងៀង ក្នុងឃុំស្ពុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មេត្តាបង្កើតការប្រុងប្រយ័ត្នខ្ពស់ ត្រូវរៀបចំរើទុកដាក់អីវ៉ាន់ សម្ភារៈសំខាន់ៗទៅទីទួលសុវត្ថិភាព ជាពិសេសគឹមនុស្សចាស់ជរា កុមារតូចៗត្រូវប្រញាប់រួសរាន់ទៅកាន់តំបន់ទីទួលសុវត្ថិភាពមុនគេ និងមេត្តាប្រុងប្រយ័ត្នចំពោះខ្សែភ្លើងអគ្គិសនីដែលអាចបង្ករគ្រោះថ្នាក់ផ្សេងៗ។