ប្រទេសអ៊ីតាលី ចាប់ផ្តើមដំណើរការជើងហោះហើរ ដែលមានសុវត្ថិភាពពីកូវីដ-១៩ ‘Virus free’ រវាងអ៊ឺរ៉ុប-អាមេរិក ជាលើកដំបូង!

ប្រទេសអ៊ីតាលីនឹងផ្តល់នូវច្រករបៀង ដែលគ្មានមេរោគឆ្លង និងមានសុវត្ថិភាពពីវីរុសកូរ៉ូណា ជាមួយនឹងសហរដ្ឋអាមេរិក សម្រាប់អ្នកដំណើរដែលបានតេស្ត៍អវិជ្ជមាន Covid-19 និងបានកាត់ចោលកាតព្វកិច្ចនៃគោលការណ៍ ក្នុងការដាក់ឲ្យនៅដាច់ដោយឡែក រយៈពេល 14 ថ្ងៃ ទៅលើអ្នកដំណើរថ្មី ដែលចូលមកដល់ក្នុងប្រទេសអ៊ីតាលី។

 

អាកាសយានដ្ឋាន Fiumicino នៅទីក្រុងរ៉ូម បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានចុះកិច្ចព្រមព្រៀង ជាមួយក្រុមហ៊ុនអាកាសចរណ៍អ៊ីតាលី Alitalia និង Delta Air Line របស់សហរដ្ឋអាមេរិក សម្រាប់ជើងហោះហើរពិសេស រវាងទីក្រុងអាមេរិកខាងជើង និងរដ្ឋធានីអ៊ីតាលីចាប់ពីខែក្រោយ។

 

ច្រករបៀងស្រដៀងគ្នានេះ ក៏នឹងត្រូវកាត់បញ្ចូលរវាងទីក្រុងរ៉ូម និងទីក្រុង Munich និង Frankfurt ផងដែរ។ ការផ្លាស់ប្តូរនេះ ធ្វើឡើងបន្ទាប់ពីការចាប់ផ្តើមនៃការហោះហើរក្នុងស្រុក ដោយគ្មានមេរោគឆ្លង និងប្រកបដោយសុវត្ថិភាព រវាងទីក្រុងរ៉ូម និងរដ្ឋធានីហិរញ្ញវត្ថុ Milan។

 

ខាងអាកាសយានដ្ឋាន Fiumicino បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ពិធីសារនៃការធ្វើដំណើរថ្មី ដែលបានគ្រោងទុក ផ្អែកលើការពិសោធន៍លើជើងហោះហើរ ពីសហរដ្ឋអាមេរិកទៅ Fiumicino …នឹងត្រូវបានផ្តល់ជូនដល់អ្នកដំណើរជាបណ្តើរៗ នៅដើមខែធ្នូ។”

 

របាយការណ៍បន្ថែមថា “ដំណាក់កាលពិសោធន៍ នឹងមានគោលបំណងវាយតម្លៃប្រសិទ្ធភាព និងមុខងារនៃរបៀបធ្វើដំណើរថ្មី ដោយមានគោលបំណងធ្វើឱ្យវាកាន់តែមានភាពទូលំទូលាយ នៅក្នុងទិដ្ឋភាពនារដូវក្តៅឆ្នាំ 2021 ខាងមុខ។” 

ខាងអាកាសយានដ្ឋាន ក៏បាននិយាយថា អ្នកដំណើរដែលធ្វើដំណើរមកពីអាកាសយានដ្ឋាន JFK ទីក្រុងញូវយ៉ក និងអ្នកធ្វើដំណើរនៅ Newark និង Atlanta នៅសហរដ្ឋអាមេរិក នឹងអាចរំលងគោលការណ៍ដាក់ឲ្យនៅដាច់ដោយឡែក ដោយគ្រាន់តែធ្វើតេស្ត៍ 48 ម៉ោង មុនពេលចេញដំណើរ និងចុះចតនៅទីក្រុងរ៉ូម។ 

 

ប្រភពដដែលបានបន្តទៀតថា Fiumicino ផ្តល់នូវការធ្វើតេស្ត៍ - Antigen tests យ៉ាងរហ័ស សម្រាប់អ្នកដំណើរដែលមកដល់ ដែលនឹងស្វែងរកវត្តមានរបស់ Proteins ត្រូវបានរកឃើញនៅក្នុងវីរុស ហើយវានឹងចំណាយពេលប្រមាណ 30 នាទី ដើម្បីទទួលបានលទ្ធផល។