ប្រជាជនអាមេរិច ១ ក្នុងចំណោម ១ ពាន់នាក់ បានបាត់បង់ជីវិតដោយជំងឺកូវីដ-១៩!

យោងតាមរបាយការណ៍ចេញពីសកលវិទ្យាល័យ Johns Hopkins University បានបង្ហាញថា សហរដ្ឋអាមេរិច បានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ ថ្មីរហូតដល់លើស ១ លាននាក់ ត្រឹមរយៈពេលមិនដល់ ១ សប្ដាហ៍ចុងក្រោយនេះផង ហើយត្រឹមរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ករណីឆ្លងថ្មីមានដល់ ១៦៥,១៥១ នាក់។ គិតត្រឹមថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២០ សហរដ្ឋអាមេរិចបានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ សរុប ១៩,១០៧,៦៧៥ នាក់ និងករណីស្លាប់ ៣៣៣,០៦៩ នាក់ ជាចំនួនខ្ពស់ជាងគេបំផុតនៅលើពិភពលោក។

ជំងឺកូវីដ-១៩ បាននិងកំពុងវាយប្រហារនៅក្នុងសហរដ្ឋអាមេរិចខ្លាំងក្លាជាងគេបំផុតនៅលើពិភពលោក ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ បើគិតចាប់ពីខែវិច្ឆិកា ឆ្នាំ២០២០មក សហរដ្ឋអាមេរិច ក្នុងមួយសប្ដាហ៍ បានរកឃើញករណីឆ្លងថ្មីៗមិនក្រោម ១ លាននាក់ឡើយ រហូតមកដល់ចុងខែធ្នូ ឆ្នាំ២០២០ នេះមិនដល់ ១ សប្ដាហ៍ផង ករណីឆ្លងថ្មីបានរកឃើញលើសពី ១ លាននាក់ទៅទៀត។ ដោយកាលពីថ្ងៃសៅរ៍កន្លងទៅ សកលវិទ្យាល័យ Johns Hopkins University បានចេញទិន្នន័យមកថា ប្រជាជនអាមេរិច ១ នាក់ក្នុងចំណោម ១,០០០ នាក់បានបាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ ពោលប្រជាជនអាមេរិចសរុប ៣៣១ លាននាក់ មានមនុស្សបាត់បង់ជីវិតដោយកូវីដ-១៩ រហូតដល់ ៣៣៣,០៦៩ នាក់ហើយ។  

នេះគឺជាសោកនាដកម្មដ៏ធំធេងបំផុតរបស់សហរដ្ឋអាមេរិច ហើយក៏ជាប្រវត្តិសាស្ត្របរាជ័យដ៏ធំដែរ ព្រោះ ការទប់ស្កាត់ករណីឆ្លងមិនទាន់ជាប់ ករណីស្លាប់ក៏បន្ដកើនឡើងខ្ពស់ បើទោះជាប្រជាជនអាមេរិចជាង ១ លាននាក់ ទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដំណាក់កាលដំបូងហើយក៏ដោយ។