ស្រីលង្កា សម្រេចបើកទទួលភ្ញៀវទេសចរណ៍ឡើងវិញ ដើម្បីសង្គ្រោះវិស័យទេសចរណ៍ និងស្រោចស្រង់សេដ្ឋកិច្ចជាតិ

Colombo៖ ក្រោយការរាតត្បាតនៃជំងឺកូវីដ ១៩ បានធូស្រាល ហើយវ៉ាក់សាំងបាននឹងកំពុងផលិតក្នុងទ្រង់ទ្រាយធំផងនោះ រដ្ឋាភិបាលប្រទេសស្រីលង្កា បានសម្រេចបើកទទួលភ្ញៀវទេសចរណ៍អន្តរជាតិ ឱ្យទៅកំសាន្ត នៅតាមរមណីយដ្ឋានទេសចរណ៍សំខាន់ៗរបស់ខ្លួនឡើងវិញហើយ ដើម្បីសង្គ្រោះវិស័យទេសចរណ៍ និងស្រោចស្រង់សេដ្ឋកិច្ចជាតិ។

រដ្ឋាភិបាលប្រទេសស្រីលង្កា បានសម្រេចបើកច្រកទ្វារទេសចរណ៍ ដើម្បីទទួលភ្ញៀវអន្តរជាតិ ឱ្យមកកំសាន្តនៅក្នុងប្រទេសរបស់ខ្លួនឡើងវិញហើយ កាលពីថ្ងៃទី២១ ខែមករា កន្លងទៅនេះ ដោយសម្រេចបើកឱ្យប្រតិបត្តិការនៅក្នុងប្រទេសឡើងវិញនាថ្ងៃទី២២ ខែមករា នេះតែម្ដង។ ការបើកទទួលភ្ញៀវទេសចរណ៍អន្តរជាតិ នេះគឺរួមបញ្ចូលផងដែរនូវការបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិ និងជើងហោះហើរជាអន្តរជាតិចូលមកក្នុងប្រទេសស្រីលង្កា។

រាល់ភ្ញៀវទេសចរណ៍អន្តរជាតិ ដែលចង់ធ្វើដំណើរកំសាន្តនៅក្នុងប្រទេសស្រីលង្កាទាំងអស់ តម្រូវឱ្យគោរពតាមបទបញ្ជាចេញដោយក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ការឆ្លង និងរីករាលដាលនៃជំងឺកូវីដ ១៩។ ជាមួយគ្នានោះដែរ ភ្ញៀវទេសចរណ៍ ត្រូវធ្វើតេស្ដស្វែងរកមេរោគនៅក្នុងប្រទេសរបស់ខ្លួនជាមុនសិន ហើយត្រូវស្ថិតក្រោមការត្រួតពិនិត្យក្នុងរយៈពេល ៧២ ម៉ោង ជាដាច់ខាត មុននឹងចេញធ្វើការហោះហើរ ពិសេសត្រូវធ្វើចត្តាឡីស័កនៅក្នុងសណ្ឋាគារ រយៈពេល ៧ ថ្ងៃ គិតចាប់ពីថ្ងៃមកដល់។

ការចូលទៅកំសាន្តនៅប្រទេសស្រីលង្កា ត្រូវធ្វើឡើងក្នុងកម្មវិធី (Travel Bubble) ដែលត្រូវបានអនុញ្ញាតឱ្យទៅកំសាន្តនៅតំបន់ទេសចរណ៍ ដែលបានកំណត់ទុកជាមុនចំនួន ១៤ កន្លែង តែប៉ុណ្ណោះ ហើយមិនត្រូវបានអនុញ្ញាតឱ្យភ្ញៀវទេសចរណ៍មានការជួបជុំ ឬចូលទៅក្នុងសហគមន៍របស់ប្រជាពលរដ្ឋក្នុងស្រុក ឬនៅតាមតំបន់នោះដែរ។ ជាបឋម ជុំវិញការបើកទ្វារទេសចរណ៍ឡើងវិញនេះ សណ្ឋាគារចំនួន ១៨០ កន្លែង ត្រូវបានដាក់ចូលក្នុងគោលដៅ សម្រាប់ធ្វើជាទីសំណាក់ដល់ភ្ញៀវទេសចរណ៍ទាំងនោះ និងមានតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹង កិច្ចអនុវត្តវិធានការណ៍សំខាន់ចេញដោយក្រសួងសុខាភិបាល។

គួររំលឹកផងដែរថា ប្រទេសស្រីលង្កាពឺងផ្អែកលើវិស័យទេសចរណ៍ច្រើន ក្នុងអត្រា ៥% នៃកម្រិត GDP សរុប។ ប្រទេសនេះសំបូរទៅដោយរមណីយដ្ឋានទេសចរណ៍ធម្មជាតិ តែដោយសារការរាតត្បាតនៃជំងឺកូវីដ ១៩ រដ្ឋាភិបាលប្រទេសមួយនេះបានសម្រេចបិទទ្វារ ផ្អាកទទួលភ្ញៀវជាបណ្ដោះអាសន្នកាលពីខែមីនា ឆ្នាំ២០២០ កន្លងទៅ ធ្វើឱ្យចំណូលក្នុងវិស័យទេសចរណ៍ធ្លាក់ចុះក្នុងល្បឿនលឿន និងខាតបង់ទឹកប្រាក់រាប់សិបពាន់ដុល្លារអាមេរិក៕