មណ្ឌលចត្តាឡីស័កព្រែកព្នៅ ក្លាយជាទីតាំងព្យាបាលជំងឺកូវីដ-១៩ ទី៤ ក្នុងរាជធានីភ្នំពេញ!

កំណើនឡើងខ្ពស់នៃករណីឆ្លងជំងឺកូវីដ-១៩ គិតត្រឹមថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ មានអ្នកឆ្លងសរុប ២៦៦ នាក់ហើយ ត្រឹមរយៈពេល ១ សប្ដាហ៍ប៉ុណ្ណោះ ដែលជាតួរលេខឡើងខ្ពស់ជាងគេមិនធ្លាប់មាននៅកម្ពុជា ស្របពេលដែលករណីនាំចូលពីបរទេសនៅតែបន្ដមានដដែល។ ដូចនេះសម្រាប់រាជធានីភ្នំពេញ ដែលមានចំនួនអ្នកឆ្លងច្រើនជាងគេ មានទីតាំងនិងអ្នក់ពាក់ព័ន្ធច្រើន ប៉ុន្តែមានទីតាំងព្យាបាលតែ ៣ កន្លែងប៉ុណ្ណោះ ទើបក្រសួងសុខាភិបាល សម្រេចយកមណ្ឌលចត្តាឡីស័កព្រែកព្នៅ មួយកន្លែងទៀត ដើម្បីព្យាបាលអ្នកជំងឺកូវីដ-១៩។

ជាដំបូងគូសបញ្ជាក់ថា បច្ចុប្បន្នទីតាំងព្យាបាលជំងឺកូវីដ-១៩ នៅរាជធានីភ្នំពេញមានចំនួន ៤ កន្លែង រួមមាន៖ ១. មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត, ២.មណ្ឌលសុខភាពចាក់អង្រែ, ៣. មជ្ឈមណ្ឌលកំចាត់មេរោគរបេង និងហង់សិន, និងចុងក្រោយគឺ ៤.មណ្ឌលចត្តាឡីស័កព្រែកព្នៅ បន្ទាប់ពីទីតាំងព្យាបាលទាំង ៣ ខាងលើនោះ ផ្ទុកអ្នកជំងឺពេញអស់ហើយ។ យោងតាមប្រសាសន៍ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ថា ការជ្រើសរើសយកមណ្ឌលចត្តាឡីស័កព្រែកព្នៅ ធ្វើជាទីតាំងសម្រាប់ព្យាបាលជំងឺកូវីដ-១៩ បន្ថែមមួយទៀតធ្វើឡើងដោយសារតែមន្ទីរពេទ្យទាំង ៣ ខាងលើចង្អៀត ខណៈពេលដែលករណីឆ្លងថ្មីៗមានកំណើនខ្ពស់ ហើយអ្នកពាក់ព័ន្ធនៅបន្ដរកឃើញជាច្រើនទៀត។ គិតត្រឹមថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០២១ នេះអ្នកជំងឺកូវីដ-១៩ កំពុងសម្រាកព្យាបាលនៅតាមន្ទីរពេទ្យមានចំនួន ២៨៧ នាក់ ក្នុងចំណោមករណីឆ្លងសរុប ៧៦៦ នាក់។ 

មណ្ឌលចត្តាឡីស័កព្រែកព្នៅ ត្រូវបានបើកសម្ពោធដំណើរការកាលថ្ងៃទី ០៦ ខែមករា ឆ្នាំ២០២១ ក្រោមអធិបតីភាពឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដោយចំណាយថវិកាសាងសង់សរុប ៧៩០,០០០ ដុល្លារជាថវិការបស់រដ្ឋ។ មណ្ឌលចត្តាឡីស័កនេះ មានផ្ទៃក្រឡាសរុបជិត ១ ហិកតា មានចំនួន ៤ អគារអាចផ្ទុកអ្នកជំងឺ និងអ្នកធ្វើចត្តាឡីស័កសរុប ៥០៤ នាក់ ហើយនៅពេលខាងមុនេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏ត្រៀមសាងសង់អគារចំនួន ២ បន្ថែមទៀតផងដែរ។