ស្ពានខ្ពស់ជាងគេនៅកម្ពុជា នឹងដាក់ឲ្យពលរដ្ឋឆ្លងកាត់ បណ្តោះអាសន្ន រយៈពេល៧ថ្ងៃ (១១មេសា - ១៧មេសា) ចន្លោះពីម៉ោង ៦ព្រឹក - ៦ល្ងាច


ពោធិ៍សាត់៖ ស្ពានលេខ២៨ នៃគម្រោងផ្លូវជាតិលេខ១០ បច្ចុប្បន្នជាស្ពានខ្ពស់ជាងគេនៅកម្ពុជា នឹងបើកឲ្យប្រជាពលរដ្ឋឆ្លងកាត់ បណ្តោះអាសន្ន ក្នុងរយៈពេល ៧ថ្ងៃ ពីថ្ងៃទី១១-១៧ ខែមេសា ឆ្នាំ២០២៥ គឺមុន និងអំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ខាងមុខនេះតែម្តង។ 

យ៉ាងណា ការអនុញ្ញតិនេះ គឺសម្រាប់រថយន្តគ្រួសារ និងម៉ូតូ ចាប់ពីម៉ោង ៦:០០ព្រឹក ដល់ម៉ោង ១៨:០០ល្ងាច និងមិនអនុញ្ញាត្តិឲ្យឈប់យានយន្ត លើស្ពានជាដាច់ខាត ដើម្បីធានាសុវត្ថិភាព។ ដោយឡែក ចំពោះរថយន្តដឹកអីវ៉ាន់ និងរថយន្តធំៗត្រូវបន្តប្រើប្រាស់ផ្លូវវាងដដែល។ 

គួរបញ្ជាក់ថា ស្ពានលេខ ២៨ ដែលជាស្ពានខ្ពស់ជាងគេក្នុងប្រទេស មានកម្ពស់៩០ម៉ែត្រ ប្រវែងសរុប ៥៣៧ម៉ែត្រ ទទឹង ១០ម៉ែត្រ សណ្តូកខ្លួនឆ្លងកាត់ស្ទឹងឫស្សីជ្រុំ ស្ថិតនៅភូមិឆាយលូក ឃុំអូសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ សម្រេចការសាងសង់ ៩៦%ហើយ គិតថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ដោយធឹ្នមបណ្តោយស្ពានទាំង៩ប្រឡោះ (មួយប្រឡោះចំនួន ៤ធ្នឹម) បានតម្លើងរួចរាល់។

កិច្ចការបន្ទាប់ គឺជាដំណើរការរុះរើរន្ទារ ( Erection Marchine ) រៀបចំចាក់បេតុងធ្នឹមកាត់ទទឹង, ចាក់បេតុងកម្រាល, រៀបចំបង្កាន់ដៃ និងចាក់AC(Asphalt concrete)បំពាក់ស្លាកសញ្ញាសុវត្ថភាព ជាកិច្ចបង្ហើយ។

ប្រភព៖ ឯ. ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន