២ សប្ដាហ៍ហើយ ករណីឆ្លងកូវីដ១៩ នៅតែមិនទាន់មានស្ថានភាពធូរស្រាល!

គិតចាប់ពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ បន្ទាប់ពីក្រុមគ្រូពេទ្យក្រសួងសុខាភិបាល ចាប់ផ្ដើមរកឃើញករណីជំងឺកូវីដ-១៩ ឆ្លងចូលសហគមន៍ជាលើកទី៣ គឺមានរយៈពេលជាង ២ សប្ដាហ៍មកហើយ ប៉ុន្តែចំនួនអ្នកឆ្លងកំពុងរកឃើញនៅមិនទាន់មានឃើញសញ្ញាថយចុះនៅឡើយទេ ពោលអ្នកឆ្លងសរុបឡើងដល់ ៤៧៧ នាក់មកហើយត្រឹម ២ សប្ដាហ៍ប៉ុណ្ណោះ នោះមានទំហំធំជាងករណីឆ្លងដែលបានរកឃើញពេញមួយឆ្នាំ២០២០ ទៅទៀត ហើយចំនួនទីតាំងនិងអ្នកពាក់ព័ន្ធនៅតែបន្ដកើនឡើងជាលំដាប់។

យោងតាមការចុះផ្សាយពីក្រសួងសុខាភិបាល បានបង្ហាញថា ករណីឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មានចំនួនដល់ ៤៧៧ នាក់មកហើយ ច្រើនជាងគេនៅរាជធានីភ្នំពេញ ៣២៨ ករណី និងខេត្តព្រះសីហនុ ១១០ ករណី ហើយក៏មានករណីស្លាប់បុរសជនជាតិចិនម្នាក់នៅពេលសម្រាកព្យាបាល ដោយសារគាំងបេះដូង ក្រោមឥទ្ធិពលគ្រឿនញៀនលើសកម្រិត និងមានករណីជាសះស្បើយចំនួន ២៣ នាក់នៃព្រឹត្តិការណ៍សហគមន៍២០កុម្ភៈផងដែរ។ យ៉ាងណាមិញ គេសង្កេតឃើញថាជាង ២ សប្ដាហ៍មកនេះ ការរកឃើញអ្នកឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ នៅមិនទាន់មានភាពប្រសើរនៅឡើយទេ ដោយករណីឆ្លងបន្ដកើនឡើងចន្លោះពី ២០ ទៅ ៣០ នាក់ជារៀងរាល់ថ្ងៃ ខណៈដែលទីតាំងពាក់ព័ន្ធនៅរាជធានីភ្នំពេញមាន ៧៤ កន្លែង និងខេត្តព្រះសីហនុមាន ២៨ កន្លែង។ 

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានចាត់ទុកព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ជាករណីឆ្លងទ្រង់ទ្រាយធំជាងគេបំផុតមិនធ្លាប់មាននៅកម្ពុជា ដោយសម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យក្រសួងសុខាភិបាលរៀបចំចាក់វ៉ាក់សាំង AstraZeneca ជូនប្រជាពលរដ្ឋទូទៅ ដែលមានអាយុចាប់ពី ៦០ ឆ្នាំឡើងជាពិសេសជំហានដំបូងអាទិភាពដល់ រាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រះសីហនុ ដែលជាខេត្តក្រុងប្រឈមនឹងការរីករាលដាលជំងឺកូវីដ-១៩ ដែលទាមទារឲ្យមានការចាក់ជាបន្ទាន់ទៅដល់ប្រជាពលរដ្ឋដែលកំពុងប្រឈមនឹងការឆ្លងជំងឺនេះ។ លើសពីនេះ សម្តេចតែងតែអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ មេត្តាកុំធ្វើដំណើរចេញក្រៅផ្ទះក្នុងករណីមិនចាំបាច់ និងអនុវត្តវិធានការ ៣ កុំ ៣ ការពារ ដើម្បីជៀសផុតពីកូវីដ-១៩។ 

ស្ថានភាពបែបនេះ បានតម្រូវឲ្យក្រសួងពាក់ព័ន្ធរួមមានក្រសួងអប់រំ បានសម្រេចបានបន្ដបិទសាលារៀននៅភ្នំពេញ ព្រះសីហនុ និងខេត្តកណ្ដាល ជាបណ្ដោះអាសន្នរហូតដល់ចប់ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដើម្បីទប់ស្កាត់ករណីឆ្លងចូលសាលារៀន, ក្រសួងវប្បធម៌ ក៏សម្រេចផ្អាកដំណើរការរោងភាពយន្ដ សាលមហោស្រព និងសារមន្ទីរ ក្នុងរាជធានីខេត្តទាំង ៣ រហូតដល់មានការជូនដំណឹងជាថ្មី, ចំណែករដ្ឋបាលខេត្តព្រះសីហនុ សម្រេចធ្វើការបិទការចេញចូលខេត្តព្រះសីហនុបណ្ដោះអាសន្ន លើកលែងរថយន្ដដឹកទំនិញ និងរថយន្ដសង្គ្រោះបន្ទាន់ -ល-។