ជប៉ុន ត្រៀមបញ្ចេញវិញ្ញាប័នបត្រចាក់វ៉ាក់សាំង នាដើមខែកក្កដា ដើម្បីសម្រួលការធ្វើដំណើរទៅអន្តរជាតិ

តូក្យូ៖ ដើម្បីសម្រួលទៅដល់ការធ្វើដំណើរ ដែលបានធ្លាក់ចុះយ៉ាងគំហុក ក្នុងឆ្នាំ ២០២០ កន្លងទៅ ដោយសារតែជំងឺកូវីដ ១៩ នៅពេលនេះ រដ្ឋាភិបាលជប៉ុន បានកំពុងរៀបចំផែនការ បញ្ចេញលិខិតឆ្លងដែន ដែលមានបញ្ជាក់ព័ត៌មានរបស់សមីខ្លួន ថាបានទទួលការចាក់វ៉ាក់សាំង រួច ហើយឬនៅ ដើម្បីមានលទ្ធភាពធ្វើដំណើរទៅក្រៅប្រទេស។

យោងតាមការបញ្ជាក់របស់អ្នកនាំពាក្យរបស់រដ្ឋាភិបាលជប៉ុន លោក Katsunobu Kato បានឱ្យដឹងថា រដ្ឋាភិបាលជប៉ុន បានកំពុងរៀបចំផែនការ ក្នុងការបញ្ចេញវិញ្ញាប័នបត្រ ដើម្បីបញ្ជាក់អំពីការទទួលបានការចាក់វ៉ាក់សាំងត្រឹមត្រូវ សម្រាប់ពលរដ្ឋជប៉ុនណា ដែលកំពុងមានតម្រូវការ ក្នុងការធ្វើដំណើរចេញទៅក្រៅប្រទេស មិនថាក្នុងរូបភាពវិនិយោគ សិក្សា ឬធ្វើដំណើរកំសាន្តនោះទេ។ ការសម្រេចនេះ ធ្វើឡើងស្របពេលបណ្ដាប្រទេសជាច្រើនផ្សេងទៀត បានកំពុងចាប់ផ្ដើមធ្វើប័ណ្ណបញ្ជាក់ សម្រាប់ស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិ។

វិញ្ញាប័នបត្រសម្គាល់ខ្លួន របស់ជប៉ុននេះ នឹងត្រូវបង្ហាញអំពីការទទួលការចាក់វ៉ាក់សាំង និងបច្ចុប្បន្នភាពនៃសុខភាព ដោយត្រូវបានរំពឹងថា នឹងជួយសម្រួលទៅដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋទៅកាន់បរទេស ពិសេសជួយទៅដល់វិស័យទេសចរណ៍ ដែលបានរងផលប៉ះពាល់យ៉ាងខ្លាំង ក្នុងទំហំប្រាក់បំណុលរាប់រយពាន់លានដុល្លារអាមេរិក។ ជប៉ុនបានកំពុងដុតដៃដុតជៀង រៀបចំនីតិវិធីនៃការបញ្ចេញវិញ្ញាប័នបត្រនេះ ដោយត្រៀមបើកឱ្យពលរដ្ឋក្នុងដើមខែកក្កដា ខាងមុខនេះឯង។

ក្រៅពីជប៉ុន ប្រទេសនៅប៉ែកអឺរ៉ុបជាច្រើន ក៏បានកំពុងរៀបចំចេញវិញ្ញាប័នបត្រនោះ នៅតាមប្រព័ន្ធឌីជីថល សម្រាប់ឱ្យពលរដ្ឋរបស់ខ្លួនផងដែរ ដោយពុំចាំបាច់ប្រើប្រាស់កាលសម្គាល់នោះទេ គឺព័ត៌មានមានស្រាប់ក្នុងប្រព័ន្ធអនឡាញ។ ពលរដ្ឋដែលមានព័ត៌មានគ្រប់គ្រាន់ នឹងមានសិទ្ធិសេរីភាព ក្នុងការធ្វើដំណើរ នៅពាសពេញពិភពលោក និងមានលទ្ធភាពក្នុងការស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិ មកពីប្រទេសខាងក្រៅផងដែរ ខណៈអាមេរិក កំពុងស្ថិតក្នុងដំណាក់កាលពិចារណា ព្រោះសកម្មភាពនេះ ប៉ះពាល់ទៅដល់សិទ្ធិសេរីភាពពលរដ្ឋ នៅក្នុងរដ្ឋមួយចំនួនតូច។

វិញ្ញាប័នបត្រសម្គាល់សុខភាពនេះ នឹងយកទៅប្រើប្រាស់ដូចលិខិតឆ្លងដែនដូច្នោះដែរ សម្រាប់បើកផ្លូវក្នុងការធ្វើដំណើរ ឱ្យមានភាពងាយស្រួល និងមានការសម្របសម្រួលបន្ថែមទៀតពីប្រទេសដែលខ្លួនបានទៅ ដោយកាត់បន្ថយ ឬលុបបំបាត់ការធ្វើចត្តាឡីស័ក ១៤ថ្ងៃ ជាដើម។ យ៉ាងណាក៏ដោយ ប្រសិនបើចាំបាច់ ការប្រើប្រាស់ប្រព័ន្ធឌីជីថល អាចនឹងត្រូវធ្វើឡើងផងដែរ ដើម្បីសម្រួលទៅដល់ការប្រើប្រាស់ទុកដាក់ និងមានភាពងាយស្រួលក្នុងការបត់បែន៕