ពាណិជ្ជកម្មរវាង ចិន និងរុស្ស៊ីកាន់តែឈានដល់កម្រិតល្អប្រសើបន្ថែមទៀតកាលពីឆ្នាំ 2021 នេះ

នេះបើយោងតាមទិន្នន័យថ្មីៗពីរដ្ឋបាលគយរបស់ចិនបានឲ្យដឹងថា ប្រាក់ចំណូលពាណិជ្ជកម្មរវាងចិន និងរុស្ស៊ីបានឈានដល់កំណត់ត្រា ១៤៦,៨៨ ពាន់លានដុល្លារកាលពីក្នុងឆ្នាំ ២០២១ កន្លងទៅ ដែលស្មើនឹងការកើនឡើងប្រមាណជា ៣៥,៨% បើធៀបនឹងឆ្នាំ ២០២០។ ដូចគ្នានេះដែរ តំណាងពាណិជ្ជកម្មរបស់រុស្ស៊ីប្រចាំប្រទេសចិន លោក Alexey Dakhnovsky បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA-Novosti កាលពីដើមខែនេះថា ទំហំបពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ក៏អាចនឹងត្រូវបានគេរំពឹងថានឹងមានចំនួនលើសពី 140 ពាន់លានដុល្លារនេះទៀតផងដែរ។ 

បន្ថែមពីនេះ នៅខែក្រោយ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន គ្រោងនឹងចូលរួមពិធីបើកកីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំង និងជួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង ហើយត្រូវបានគេរំពឹងថានឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនយោបាយ និងសេដ្ឋកិច្ចកម្រិតខ្ពស់មួយចំនួនទៀត រួមទាំងកិច្ចសន្យាចុងក្រោយសម្រាប់ គម្រោងបំពង់បង្ហូរឧស្ម័នធម្មជាតិ Power of Siberia-2 ផងដែរ។ បន្ថែមពីនេះ ប្រទេសរុស្ស៊ីទំនងជាកំពុងពិគ្រោះយោបល់ជាមួយសមភាគីចិនអំពីរបៀបកាត់បន្ថយផលប៉ះពាល់ដែលអាចកើតមាននៃការដាក់ទណ្ឌកម្មរបស់លោកខាងលិចថ្មីផងដែរ។ ដោយនេះសរបញ្ជាក់ថា ទំនាក់ទំនងពាណិជ្ជកម្មរបស់ទីក្រុងមូស្គូកំពុងតែចាប់ផ្ដើមមានទំនុកចិត្តខ្លាំងឡើងៗ ទៅលើទីក្រុងប៉េកាំងហើយ។ 

ជាងនេះទៅទៀត រុស្ស៊ី និងចិនបានប្តេជ្ញាបង្កើនទំហំពាណិជ្ជកម្មរបស់ពួកគេដល់ ២០០ ពាន់លានដុល្លារនៅឆ្នាំ ២០២៤។ ខណៈនិន្នាការសេដ្ឋកិច្ចថ្មីៗបង្ហាញថា ប្រទេសទាំងពីរនេះទំនងជាឈានដល់គោលដៅជិតស្និទ្ធមែនទែនហើយ។ គួរបញ្ជាក់ថា ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ទីក្រុងម៉ូស្គូ និងទីក្រុងប៉េកាំងបានស្វែងរកការបន្ថែមទំនាក់ទំនងនយោបាយជាមួយនឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចកាន់តែធំឡើងៗ។ ខណៈពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានកើនឡើង 167% ចាប់តាំងពីឆ្នាំ 2010 ជាមួយនឹងកំណើនគួរឱ្យកត់សម្គាល់បំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។