ប្រទេសថៃនឹងចំណាយថវិកាច្រើនដើម្បីកែលម្អការតភ្ជាប់ផ្លូវគោក សមុទ្រ និងផ្លូវអាកាស

ប្រទេសថៃកំពុងរៀបចំគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដែលមានតម្លៃ 1,49 ទ្រីលានបាត (45,16 ពាន់លានដុល្លារអាម៉េរិក) នៅក្នុងឆ្នាំនេះ ដើម្បីកែលម្អការតភ្ជាប់ផ្លូវគោក សមុទ្រ និងផ្លូវអាកាស។ រដ្ឋមន្ត្រី ក្រសួងដឹកជញ្ជូនថៃ លោក Saksayam Chidchob បានប្រកាសពីផែនការនេះនៅក្នុងសិក្ខាសាលាមួយ កាលពីសប្តាហ៍មុន ដោយលោកបាននិយាយថា ផែនការនេះរួមបញ្ចូលទាំងគម្រោងដែលមានតម្លៃ 516 ពាន់លានបាតដែលត្រូវបានអនុម័តរួចរាល់ហើយ។ កិច្ចសន្យាដែលនៅសេសសល់ដែលមានតម្លៃ 974 ពាន់លានបាតនឹងត្រូវបានព្រមព្រៀងនៅពេលក្រោយ ដោយលោកបានកត់សម្គាល់ថា ថវិកាចំនួន 1,24 ទ្រីលានបាតនឹងត្រូវចំណាយទៅលើការទិញវត្ថុធាតុដើម និងឧបករណ៍សម្រាប់គម្រោងនានាដែលនឹង បង្កើតការងារបាន 154,000 កន្លែង។

ការវិនិយោគនេះនឹងនាំមកនូវប្រាក់ចំណូលប្រមាណ 400 ពាន់លានបាតក្នុងមួយឆ្នាំ ដែលស្មើនឹង ប្រហែល 2,35 ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសថៃ។ លោក Saksayam បាន និយាយថា គម្រោងទាំងនេះត្រូវបានដាក់ក្នុងផែនការសកម្មភាពយុទ្ធសាស្ត្ររយៈពេលវែងរបស់ក្រសួង ដូច្នេះគម្រោងទាំងនោះនឹងនៅតែបន្តដោយមិនគិតពីអ្នកណាជារដ្ឋមន្ត្រីក្រសួងដឹកជញ្ជូននោះឡើយ។ ប្រសិនបើអ្វីៗដំណើរការដូចការរំពឹងទុក គម្រោងទាំងនោះនឹងបង្កើនការប្រកួតប្រជែងរបស់ប្រទេសថៃនៅ ក្នុងទីផ្សារពិភពលោកទាក់ទងនឹងភស្តុភារ និងការដឹកជញ្ជូន ដែលវានឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជន ថៃទាំងអស់៕