ចំនួនលក់ទូរសព្ទឆ្លាតវៃ ទូទាំងពិភពលោកក្នុងខែឧសភា ឆ្នាំ២០២២ បានធ្លាក់ចុះ 10% បើធៀបនឹង រយៈពេលដូចគ្នាក្នុងឆ្នាំមុន


យោងតាមរបាយការណ៍ របស់ស្ថាប័នស្រាវជ្រាវ ទីផ្សារស្មាតហ្វូនដ៏ធំមួយ Counterpoint Research បានឲ្យដឹងថា ការលក់ស្មាតហ្វូន ទូទាំងពិភពលោក បានធ្លាក់ចុះមកនៅតិចជាង 100 លានគ្រឿង ពោលគឺចុះមកត្រឹម 96 លានគ្រឿង បើគិតត្រឹមក្នុងខែឧសភា ឆ្នាំ 2022 កន្លងទៅនេះ។ ដោយតួលេខនេះតំណាង ឱ្យការធ្លាក់ចុះ 4% បើប្រៀបធៀបទៅនឹងខែមេសា និងធ្លាក់ចុះ 10% ធៀបនឹងតួលេខ រាប់ចាប់ពីខែឧសភា ឆ្នាំ 2021 មក។ ចំណុចគួរឱ្យកត់សម្គាល់គឺថា ការធ្លាក់ចុះនេះ គឺជាលើកទីពីរហើយ ក្នុងរយៈពេលដប់ឆ្នាំចុងក្រោយ ដែលតួលេខនៃ ការលក់ស្មាតហ្វូនសកល បានធ្លាក់ចុះក្រោម 100 លានគ្រឿង។

ការលក់ទូរសព្ទឆ្លាតវៃបានត្រឹមតែ 96 លានគ្រឿងនេះ គឺជាការធ្លាក់ចុះ ប្រចាំខែទីពីរជាប់ៗគ្នា និងជាការធ្លាក់ចុះ ខែទី 11 ជាប់ៗគ្នាផងដែរ បើគិតជាការលក់ប្រចាំឆ្នាំ។ ម្យ៉ាងវិញទៀត បើទោះបីជាមាន ការស្ទុះងើបឡើងវិញ នៃសេដ្ឋកិច្ចពិភពលោក បន្ទាប់ពីវិបត្ដិជំងឺ COVID-19 ធូរស្រាល យ៉ាងណាក៏ដោយ ក៏ការលក់ស្មាតហ្វូនជាសកល នៅតែមិនអាចត្រលប់ ទៅរកកម្រិតដូចមុន វិបត្ដិនៃជំងឺរាតត្បាត COVID-19 នេះទេ។ ចំពោះមូលហេតុ អ្នកជំនាញលើកឡើងថា អាចនឹងបណ្ដាលមកពី បញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់ ដែលកំពុងបន្តអស្ថេរភាព កម្រិតអតិផរណាកើនឡើង គួបផ្សំនឹងការធ្លាក់ចុះ នៃសកម្មភាពរោងចក្រ នៅក្នុងប្រទេសចិន និងវិបត្តិសង្រ្គាមអ៊ុយក្រែនជាដើម។

ដូច្នេះទើបតម្រូវអ្នកប្រើប្រាស់ទូរសព្ទឆ្លាតវៃ មានការធ្លាក់ចុះ ខណៈដែលអ្នកលក់ស្មាតហ្វូនផ្ទាល់ កំពុងជួបប្រទះ នឹងការកើនឡើង នៃស្ដុកសារពើភ័ណ្ឌ ហើយតួរលេខស្ដុក សារពើភ័ណ្ឌទាំងនោះ នឹងបង្ហាញនៅក្នុងទិន្នន័យ នាំចេញស្មាតហ្វូន ក្នុងត្រីមាសទី 2 ។ តែយ៉ាងណាមិញ អ្នកវិភាគរបស់ស្ថាប័ន Counterpoint ព្យាករណ៍ថា ស្ថានភាពអាចនឹងប្រសើរឡើង នៅក្នុងឆមាសទី2 នៃឆ្នាំ 2022 នេះ បើខ្សែសង្វាក់ផ្គត់ផ្គង់ មានលក្ខណៈធម្មតាឡើងវិញ ហើយសកម្មរោងចក្រ នៅក្នុងប្រទេសចិន ដំណើរការក្នុង កម្រិតពេញលេញឡើងវិញ។