ការផ្គត់ផ្គង់ទីផ្សារខុនដូនៅវៀតណាម កើនឡើងខ្ពស់ក្នុងត្រីមាសទី២ និងកំពុងបន្តកើនឡើង ក្នុងត្រីមាសទី៣


ហាណូយ៖ តម្រូវការខុនដូ និងការផ្គត់ផ្គង់ទីផ្សារខូនដូ នៅវៀតណាម ជាពិសេសស្ថិតក្នុង ភូមិសាស្ត្រនៃទីក្រុងហាណូយ បានកើនឡើងខ្ពស់ នាត្រីមាសទី២ កន្លងទៅ ពោលគឺគិតចាប់ពីខែមេសា ដល់ខែមិថុនា កន្លងទៅ។ ការកើនឡើងនេះ ស្របពេលសេដ្ឋកិច្ច របស់វៀតណាមកំពុងហក់ឡើង និងស្ថានភាពសង្គម ចាប់ផ្ដើមល្អប្រសើរបន្ថែមទៀត បើធៀបនឹងត្រីមាសទី១។

ប្រភពព័ត៌មានក្នុងស្រុក របស់វៀតណាម ចេញផ្សាយកាលពីម្សិលមិញនេះ បានឱ្យដឹងថា ទិន្នន័យបូកសរុបរបស់ ក្រុមហ៊ុនអចលនទ្រព្យធំមួយ នៅក្នុងស្រុក ហៅកាត់ថា CBRE Viet Nam ឃើញថា ការផ្គត់ផ្គង់ទីផ្សារខុនដូ ក៏ដូចជាតម្រូវការខុនដូ ស្ថិតនៅប្រទេសវៀតណាម ជាពិសេសនៅតាមបណ្ដាទីក្រុងធំៗ រួមមានដូចជា ហាណូយ និងហូជីមិញ បានកើនឡើងខ្ពស់ គួរឱ្យកត់សម្គាល់។ ការកើនឡើងនេះ បានកំពុងបន្តមានសន្ទុះ នៅក្នុងត្រីមាសទី៣ និងអាចបន្តរហូតដល់ ចុងឆ្នាំ២០២២ ផងដែរ។

CBRE Viet Nam បានបញ្ជាក់ឱ្យដឹងដូច្នេះថា បន្ទាប់ទីការផ្គត់ផ្គង់ ទីផ្សារនាត្រីមាសទី១ នៃឆ្នាំ២០២២ កន្លងផុតទៅ ត្រីមាសទី២ ឃើញថាតម្រូវការ នៃទីផ្សារខុនដូ និងការផ្គត់ផ្គង់ទីផ្សារ នៃអគារខុនដូ ចាប់ផ្ដើមកើនឡើងខ្ពស់ ក្នុងតួរលេខសរុប ក្នុងទីផ្សារប្រមាណជា ១២.០០០ យូនីត ខណៈត្រីមាសទី១ ចំនួនលក់សរុប មានតែប្រមាណ ១.០០០ យូនីតប៉ុណ្ណោះ។ ការកើនឡើងនេះ ក៏អមមកជាមួយនឹង ការកើនឡើងតម្លៃខ្ពស់ ជាងមុនផងដែរ ទាំងខុនដូកម្រិតមធ្យម និងខុនដូកម្រិតលំដាប់។

មិនតែប៉ុណ្ណោះ ខុនដូ ដែលនឹងធ្វើ ការផ្គត់ផ្គង់ក្នុងទីផ្សារនាឆ្នាំ ២០២២ នេះ ត្រូវបានព្យាករណ៍ថា នឹងអាចកើនឡើងរហូតដល់ទៅ ២៤.០០០ យូនីត ឯណោះ ព្រោះថាបច្ចុប្បន្ន គម្រោងអគារសហកម្មសិទ្ធិជាច្រើន បានកំពុងបន្តសកម្មភាពការដ្ឋាន នៅតាមទីក្រុង និងតំបន់សេដ្ឋកិច្ច ជាច្រើនលើផ្ទៃប្រទេស។ តាមរយៈការកើនឡើងនេះ CBRE Viet Nam រំពឹងថា ក្នុងត្រីមាសទី៣ និងត្រីមាសទី៤ វៀតណាម នឹងពុំមានកង្វះខាត ទីផ្សារខុនដូទៀតនោះទេ ព្រោះថាវិនិយោគិនអន្តរជាតិ ក្នុងវិស័យអចលនទ្រព្យ ចាប់ផ្ដើមមានសកម្មភាពឡើងវិញ។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០២០ និងឆ្នាំ២០២១ កន្លងទៅ ជំងឺកូវីដ ១៩ បានធ្វើឱ្យប៉ះពាល់ ទៅដល់ទីផ្សារខុនដូនៅវៀតណាមធ្ងន់ធ្ងរ បើទោះបីជាពេលនោះ ស្ថានភាពលើផ្ទៃប្រទេស របស់វៀតណាម មានភាពល្អប្រសើរដំបូង និងឈានដល់ការប្រកាសអាសន្ន នាពេលក្រោយក៏ដោយ។ ឈានដល់ឆ្នាំ ២០២២ ពិសេសគឺត្រីមាសទី២ កន្លងទៅ ការផ្គត់ផ្គង់ទីផ្សារខុនដូ នៅវៀតណាម ចាប់ផ្ដើមកើនឡើងខ្ពស់ឡើងវិញ  និងបន្តរហូតដល់ឆ្នាំ២០២៣ នេះបើយោងតាមការព្យាករណ៍៕