តើប្រទេសណាខ្លះនៅតែបន្ដទិញប្រេងពីរុស្ស៊ី?


ទោះបីជាមានការដាក់ទណ្ឌកម្ម និងការហាមឃាត់ របស់ប្រទេសជាច្រើន ជាពិសេសតំបន់អឺរ៉ុប ក្នុងការនាំចូលប្រេង ពីប្រទេសរុស្ស៊ីក៏ដោយ ក៏រុស្ស៊ីនៅតែអាចនាំចេញ ប្រេងឥន្ធនៈហ្វូស៊ីល បានតម្លៃរហូតដល់ទៅ 97,7 ពាន់លានដុល្លារ ក្នុងរយៈពេល 100 ថ្ងៃដំបូង ចាប់តាំងពីការបើកសង្គ្រាម ទៅលើអ៊ុយក្រែនមក ហើយជាជាមធ្យម រុស្ស៊ីអាចនាំចេញប្រេង បានតម្លៃ 977 លានដុល្លារ ក្នុងមួយថ្ងៃៗ។ ដូច្នេះ តើប្រេងឥន្ធនៈហ្វូស៊ីល ប្រភេទណាខ្លះ ត្រូវបានរុស្ស៊ីនាំចេញ ហើយនរណាខ្លះជាអ្នក នៅតែបន្ដនាំចូល ឥន្ធនៈទាំងនោះពីរុស្ស៊ី?

យោងតាម ទិន្នន័យជារូបភាព Infographic ដែលដកស្រង់ដោយស្ថាប័ន Niccolo Conte និង Govind Bhutada របស់ Visual Capitalist ដែលជាអ្នកតាមដាន ប្រទេសនាំចូលដ៏ធំបំផុត នៃការនាំចេញប្រេងឥន្ធនៈហ្វូស៊ីល របស់រុស្ស៊ីក្នុងអំឡុងពេល 100 ថ្ងៃដំបូងនៃសង្រ្គាម រាប់ចាប់ពីខែកុម្ភៈ ដល់ចុងខែមិថុនា កន្លងទៅនេះ និងដោយផ្អែកលើ ទិន្នន័យពីមជ្ឈមណ្ឌលស្រាវជ្រាវថាមពល និងខ្យល់ស្អាត ( CREA ) បានបង្ហាញថា យ៉ាងហោចណាស់ នៅមានប្រទេសចំនួន ២០ ដែរ ដែលនៅបន្ដនាំចូល ប្រេងពីរុស្ស៊ី គ្រាន់តែអាស្រ័យលើ ចំនួនតិច ឬច្រើនប៉ុណ្ណោះ។ ក្នុងនោះមាន ប្លុកសហភាពអឺរ៉ុបមានចំនួន 61% នៃប្រាក់ចំណូលនាំចេញ ប្រេងឥន្ធនៈហ្វូស៊ីល របស់រុស្ស៊ីក្នុងរយៈពេល 100 ថ្ងៃដំបូង នៃការចាប់ផ្ដើម វិបត្ដិសង្រ្គាមនៅអ៊ុយក្រែន។

ស្ថិតក្នុងចំណោមប្រទេស ជាសមាជិកនៃសហភាពអឺរ៉ុប និងណាតូ មានអាល្លឺម៉ង់ អ៊ីតាលី និងហូឡង់ ជាអ្នកនាំចូលប្រេង ពីរុស្ស៊ីធំជាងគេ។ ចំណែក ប្រទេសចិនបានវ៉ាដាច់ អាល្លឺម៉ង់ជាអ្នក នាំចូលធំជាងគេ ដោយបាននាំចូលប្រេងរុស្ស៊ីជិត 2 លានបារ៉ែល ដែលជាការកើនឡើង 55% បើធៀបនឹងឆ្នាំមុន។ ក្រៅពីនេះ ការកើនឡើងដ៏ធំបំផុត នៃការនាំចេញប្រេងរបស់រុស្ស៊ី គឺបានមកពីប្រទេសឥណ្ឌា ដែលជាអ្នកទិញ 18% នៃការនាំចេញប្រេង របស់រុស្ស៊ីទាំងអស់ ក្នុងរយៈពេល 100 ថ្ងៃ។

តែយ៉ាងណាមិញ ជាការឆ្លើយតប ទៅនឹងការឈ្លានពានរបស់រុស្សី ទៅលើអ៊ុយក្រែន មានប្រទេសជាច្រើន បានចាត់វិធានការណ៍យ៉ាងតឹងរ៉ឹង ប្រឆាំងនឹងរុស្ស៊ី តាមរយៈការដាក់ទណ្ឌកម្ម លើការនាំចេញ រួមទាំងឥន្ធនៈហ្វូស៊ីលផងដែរ។ ក្នុងនោះសហរដ្ឋអាមេរិក និងស៊ុយអែតបានហាមឃាត់ ការនាំចូលឥន្ធនៈហ្វូស៊ីល របស់រុស្ស៊ីទាំងស្រុង ជាមួយនឹងបរិមាណ នាំចូលប្រចាំខែធ្លាក់ចុះ 100% និង 99% នៅក្នុងខែឧសភា រៀងៗខ្លួន។ ម្យ៉ាងវិញទៀត នៅលើមាត្រដ្ឋានពិភពលោក បរិមាណនាំចូល ឥន្ធនៈហ្វូស៊ីលប្រចាំខែ របស់ប្រទេសរុស្ស៊ីបានធ្លាក់ចុះ 15% នៅក្នុងខែឧសភា ដែលជាការបង្ហាញពី អារម្មណ៍នយោបាយអវិជ្ជមាន ជុំវិញប្រទេសនេះ។