ប្រាសាទព្រះគោ សាងសង់ឡើងពីឥដ្ឋ បែមុខទៅទិសខាងកើត មានកំពែង ៣ជាន់ កំពែងខាងក្រៅមានទំហំ ៥០០ ម៉ែត្រ គុណនឹង ៤០០ ម៉ែត្រ និងមានគោបុរៈ នៅខាងលិច និងខាងកើត។ នៅផ្នែកកណ្ដាលខាងកើត មានរូបគោនិន្ ទ៣ បែទៅរកប្រាសាទ។ បើធ្វើដំណើរពីភ្នំពេញ ចូលដល់ស្រុកប្រាសាទបាគង បត់ឆ្វេងនឹងដល់ប្រាសាទបាគងមុន រួចហើយទើប ទៅដល់ប្រាសាទព្រះគោ ដែលមានទីតាំង ស្ថិតនៅពីខាងឆ្វេងដៃ ចូលពីផ្លូវជាតិលេខ៦ ចម្ងាយជិត ២០០ ម៉ែត្រ ក្នុងភូមិឪឡោក ឃុំប្រាសាទបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ចម្ងាយប្រមាណ ១២ គីឡូម៉ែត្រ ពីទីរួមខេត្ត។
ប្រាសាទព្រះគោនេះ សាងសង់ឡើងនៅក្នុងរជ្ជកាល ព្រះបាទឥន្ទ្រវរ្ម័នទី១ (៨៧៧-៨៨៦) មុនប្រាសាទបាគង រយៈពេល ២ឆ្នាំ។ ចំណែកឯតួប៉មប្រាសាទទាំងអស់មាន ៦ សង់លើខឿនតែមួយ ចែកជាពីរជួរ ដោយជួរមុខ មានប្រាសាទចំនួន ៣ និងជួរក្រោយ មានប្រាសាទចំនួន ៣ ដូចគ្នា។ ប្រាសាទទាំង៦ នេះ គឺព្រះបាទឥន្ទ្រវរ្ម័នសាងឡើង ដើម្បីឧទ្ទិសថ្វាយ ដល់ព្រះឥសូរផង និងដល់បុព្វការីរបស់ទ្រង់ផង ដូចជាប្រាង្គមួយឈ្មោះ ស្រីប ឬថិវីទ្ទ្រេស្វរៈ សម្រាប់ថ្វាយដល់ ព្រះបិតារបស់ទ្រង់។ រីឯ ប្រាង្គស្រីប ឬទ្ទ្រេទេវី សម្រាប់ថ្វាយដល់ ព្រះមាតារបស់ទ្រង់។ ប្រាង្គស្រីបរមេស្វរៈ សម្រាប់ថ្វាយដល់ ព្រះបិតុលារបស់ទ្រង់ គឺព្រះបាទជ័យវរ្ម័នទី២ ក្សត្រដំបូងនៃសម័យអង្គរ។ ប្រាង្គស្រីធរណិន្ទ្រទេវី សម្រាប់ថ្វាយដល់ ព្រះមហេសីរបស់ ព្រះបាទជ័យវរ្ម័នទី ២។ ប្រាង្គស្រីរុទ្រេស្វរៈ សម្រាប់ថ្វាយដល់ ជីតាខាងព្រះមាតា។ ប្រាង្គចុងក្រោយមិនស្គាល់ឈ្មោះ សម្រាប់ថ្វាយដល់ ជីដូនខាងព្រះមាតា។
គេគ្រាន់តែស្គាល់ ឈ្មោះប្រាង្គដូចបាន រៀបរាប់ប៉ុណ្ណោះ ប៉ុន្តែចំពោះឈ្មោះទាំងនេះ ត្រូវនឹងប្រាង្គណាមួយ ឱ្យពិតប្រាកដនោះ ពុំទាន់មានឯកសារណាមួយ បញ្ជាក់ឡើយទេ។ ប្រាសាទព្រះគោ ក៏ជាតង្វាយចំពោះព្រះសូរផងដែរ ព្រោះមានរូបសំណាកគោនិន្ទចំនួន ៣ បែមុខទៅប្រាសាទ ជាសក្ខីភាពស្រាប់៕