ប្រាសាទតាកែវ ជាស្ថាបត្យកម្មសំណង់បុរាណដ៏ធំ សាងសង់ពីថ្មភក់ នៅចុងសតវត្សទី១០ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៥


ប្រាសាទតាកែវ មានទីតាំងស្ថិតនៅក្នុងភូមិរហាល ឃុំនគរធំ ក្រុងសៀមរាប ខេត្តសៀមរាប។ សង់នៅ សតវត្សទី១០ ក្នុងរជ្ជកាល ព្រះបាទជ័យវរ្ម័នទី៥ ពីថ្មភក់ មានទំហំ១០០ម៉ែត្រ x ១២០ម៉ែត្រ។ សាងសង់នៅសតវត្សទី១០ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៥  ហើយប្រាសាទតាកែវ ត្រូវបានកសាងបង្អើយដោយ ព្រះបាទសូរ្យវរ្ម័នទី១ ដែលបានឡើងសោយរាជ្យ នៅដើមសតវត្សរ៍ទី១១ ទន្ទឹមនឹងនោះ ព្រះអង្គក៍អោយគេ ស្ថាបនាឲ្យចប់ជាស្ថាពរ។

ប្រាសាទតាកែវនេះ កសាងដោយព្រះបាទជយវរ្ម័នទី៥ នៅក្នុងគ្រឹស្តសករាជ ៩៧៤ ដើម្បីឧទ្ទិសថ្វាយព្រះឥសូរ។ ព្រះមហាក្សត្រអង្គនេះ បានឡើងសោយរាជ្យសម្បត្តិ ក្នុងវ័យកុមារភាព ដោយមានព្រះជន្ម ១៧ ព្រះវស្សា ដូច្នេះដោយមានព្រះរាជគ្រូ ជាឧត្តមទីប្រឹក្សាផងនោះ ព្រះអង្គបានបញ្ជាអោយ គេកសាងទីក្រុងថ្មីមួយ ឈ្មោះថា “ជយេន្រ្ទនគរី” ដែលមានប្រាសាទភ្នំ “ហេមគិរី” នៅចំកណ្តាល ហើយតាមការប៉ាន់ស្មាន ប្រាសាទហេមគិរីនេះ គឺត្រូវនឹងប្រាសាទតាកែវ នេះឯង។

ថ្វីត្បិតតែប្រាសាទតាកែវ គ្មានក្បូរក្បាច់រចនា ដូចប្រាសាទនានា នៅតំបន់អង្គរ ប៉ុន្តែត្រូវបាន អ្នកទេសចរខ្លះៗ លាន់មាត់ថា ប្រាសាទនេះ ដូនតាខ្មែរ ធើ្វមិនទាន់ហើយក្តី ក៏រូបរាងដ៏ស្រស់ច្រឡឹង របស់ប្រាសាទបាន ទាក់ទាញអារម្មណ៍ អ្នកទេសចរខ្លាំងណាស់ ដោយសារតែមាន សិលាចារឹកឆ្លុះបញ្ចាំង ឲ្យដឹងថាជា “ហេមគិរី” បូជនីយដ្ឋានកណ្តាលនៃទីក្រុង “ជយេន្រ្ទនគរគិរី” របស់ព្រះបាទជ័យវរ្ម័នទី៥៕