ប្រាសាទតានៃ បានកសាងឡើង ក្នុងសតវត្សទី១២ ដោយព្រះបាទជ័យវរ្ម័នទី៧ ដែលអ្នកទេសចរភាគច្រើន មើលរំលង


ប្រាសាទតានៃ គឺជាប្រាសាទមួយ ដែលមានទេសភាព និងរចនាបថដ៏ស្រស់ស្អាត។ មានទីតាំងក្នុងព្រៃ និងផ្លូវចូលជាច្រក ផ្លូវលំតូចមួយនោះ ដូច្នេះមិនសូវមាន អ្នកទេសចរច្រើនទេ ដែលបានទៅដល់ប្រាសាទមួយនេះ។ ប្រាសាទតានៃ មានទីតាំងនៅខាងកើត ប្រាសាទតាកែវឆ្ពោះទៅ ខាងជើងប្រហែល៨០០ម៉ែត្រ។ ប្រាសាទតានៃ កសាងឡើងក្នុងសតវត្សទី១២ ដោយព្រះបាទជ័យវរ្ម័នទី៧ ដើម្បីឧទ្ទិសដល់ ព្រះពុទ្ធសាសនាមហាយាន។

កំពែងទី១ ជាថែវព័ទ្ធជុំវិញ និងមានច្រកទ្វារចេញចូល តូចៗចំនួន៤ នៅទិសធំទាំង៤។ នៅក្នុងបរិវេណកំពែងទី១ មានតួប៉មចំនួន២ ហោត្រៃ១ នៅផ្នែកខាងត្បូង និងមានច្រកផ្លូវមួយ ភ្ជាប់ពីតួប៉មខាងលិចទៅខ្លោងទ្វារខាងជើង។ កំពែងទី២ ស្ថិតនៅចំងាយប្រមាណ ១០ម៉ែត្រពីកំពែងទី១ ដែលផ្នែកខាងកើតមានសំណង់ តូចៗរាងការ៉េជាច្រើន សង់តម្រៀបគ្នាស្របតាមកំពែង។ កំពែងខាងក្រៅមានទំហំ ១៩០ម៉ែត្រ គុណនឹង១៦០ម៉ែត្រ ដែលមានជញ្ជាំងពី ថ្មបាយក្រៀមធ្វើ ពុំទាន់រួចរាល់ និងមានខ្លោងទ្វារ២ នៅផ្នែកខាងកើត និងខាងលិច។ ប្រាសាទតានៃ មានកសិណទឹកមួយជាន់ រាងជាអក្សរ U និងខឿនរាងកាកបាទមួយ នៅផ្នែកខាងកើត។ តានៃជាសំណង់ប្រាសាទ ដ៏ពិសេសមួយ ស្ថិតនៅក្នុងទ្រង់ទ្រាយដើម នៅចំកណ្តាលព្រៃ ពុំទាន់មានការជួសជុល ឬអភិរក្ស ជាដុំកំភួននៅឡើយ។ បន្ទាប់ពីចុះការអង្កេតផ្ទាល់ នៅលើទីតាំង គេបានកំណត់មូលហេតុចម្បងៗ ដែលបណ្តាលឲ្យ មានការខូចខាតទៅលើប្រាសាទ ក្នុងនោះរួមមាន កត្តារចនាសម្ព័ន្ធ៖ ដែលបណ្តាលមកពី អាយុកាល និងរចនាសម្ព័ន្ធផ្ទាល់។

កត្តាសម្ភារសំណង់៖ សម្ភារសំណង់ស្ថាបត្យកម្ម ប្រាសាទតានៃ ត្រូវបានប្រើប្រាស់ លាយគ្នារវាងថ្មភក់ និងថ្មបាយក្រៀម។ កន្លែងតភ្ជាប់នៃ សម្ភារសំណង់ទាំងពីរ ប្រភេទនេះ គឺពុំមានតុល្យភាពគ្នា ដែលជាមូលហេតុនាំឲ្យ រចនាសម្ព័ន្ធទាំងមូល ស្ថិតនៅក្នុងភាពអត់លំនឹង។ ថ្មបាយក្រៀម មានផ្ទុកទៅដោយជាតិកៅឡាំងច្រើន និងមានរន្ធធំៗជាច្រើន នៅក្នុងផ្ទៃរបស់ថ្ម ដែលអាចអនុញ្ញាតឲ្យទឹក អាចជ្រាបចូលទៅខាងក្នុងរចនាសម្ព័ន្ធ របស់វាយ៉ាងងាយ។ បន្ទាប់មកសារធាតុកៅឡាំង ចាប់ផ្តើមរលាយ ហើយក្នុងពេលជាមួយគ្នានោះដែរ ជីវចម្រុះក៏ចាប់ផ្តើម មានជីវិតនៅជាប់លើ ផ្ទៃថ្មទាំងនោះ។ កត្តារូបសាស្ត្រ៖ កត្តានេះមានពាក់ព័ន្ធនឹង អាកាសធាតុ ពន្លឺ និងទឹក ជាកត្តាចម្បង ក្នុងការបង្កើតឲ្យមាន ជីវចម្រុះមកភ្ជាប់ខ្លួនជាមួយនឹងថ្មប្រាសាទ។ ជីវចម្រុះដែលមកភ្ជាប់ខ្លួន ជាមួយនឹងថ្មប្រាសាទបាន ធ្វើឲ្យថ្មប្រាសាទទាំងនោះរងនូវការខូចខាត។ ការប្រែប្រួលកម្រិត សីតុណ្ហភាពខ្ពស់ និងទាបបានជះ ឥទ្ធិពលទៅលើសមាសធាតុ នៃរចនាសម្ព័ន្ធរបស់ប្រាសាទ ដែលអាចបណ្តាល ឲ្យមានស្នាមប្រេះ និងប្រែប្រួលពីទម្រង់ដើមរបស់វា។ សត្វល្អិតធ្វើរូង នៅផ្នែកខាងក្នុងគ្រឹះ និងនៅតាម ជញ្ជាំងថ្មបាយក្រៀម និងរុក្ខជាតិដែលដុះគ្របពីលើប្រាសាទ និងដើមឈើដែលដុះលើ រចនាសម្ព័ន្ធរបស់ប្រាសាទ។

កាលពីឆ្នាំ១៩៩៩ ប្រាសាទតានៃ ត្រូវបានជ្រើសរើស ធ្វើជាមជ្ឈមណ្ឌលបណ្តុះបណ្តាល ស្តីពីការថែរក្សា ជួសជុលឡើងវិញ និងគ្រប់គ្រងបេតិកភណ្ឌវប្បធម៌។ ក្រោយមកចាប់ពីឆ្នាំ ២០០១ ដល់ឆ្នាំ២០១២ អាជ្ញាធរជាតិអប្សរា និងវិទ្យាស្ថានជាតិស្រាវជ្រាវ មរតកវប្បធម៌ នៃទីក្រុងតូក្យូប្រទេសជប៉ុន បានបង្កើតគម្រោង សហប្រតិបត្តិការរួមគ្នាមួយ ក្នុងគោលបំណង សិក្សាស្រាវជ្រាវ អំពីការខូចខាតនៃថ្មប្រាសាទ ក្នុងតំបន់អង្គរ ដែលបណ្តាលមកពី ជីវសាស្ត្រចម្រុះ ដោយអនុវត្តជាពិសេស នៅប្រាសាទតានៃ។ បន្ទាប់ពីបញ្ចប់ គម្រោងស្រាវជ្រាវនោះមក នៅក្នុងខែមករា ឆ្នាំ២០១៣ អាជ្ញាធរជាតិអប្សរា និងវិទ្យាស្ថានជាតិ ស្រាវជ្រាវមរតកវប្បធម៌ នៃទីក្រុងតូក្យូប្រទេសជប៉ុន ក៏បានរៀបចំ សិក្ខាសាលាមួយស្តីពី ការអភិរក្សថ្មប្រាសាទ ក្នុងឧទ្យានអង្គរ ដើម្បីផ្សព្វផ្សាយពី លទ្ធផលដែលបាន ស្រាវជ្រាវដោយអ្នកជំនាញការ ផ្សេងៗអស់រយៈពេល ១០កន្លងមក។

នាយកដ្ឋានអភិរក្សប្រាសាទ ក្នុងឧទ្យានអង្គរ និងបុរាណវិទ្យា បានស្នើឲ្យមានគម្រោងអភិរក្ស និងលើកតម្លៃប្រាសាទតានៃ នោះឡើង។ ភាគីវិទ្យាស្ថានជាតិស្រាវជ្រាវ មរតកវប្បធម៌ នៃទីក្រុងតូក្យូប្រទេសជប៉ុន ក៏បានប្រកាសចូលរួម នៅក្នុងគម្រោងនេះ ជាមួយនឹងការបណ្តុះបណ្តាល ផ្នែកបច្ចេកទេសដល់បុគ្គលិករបស់ អាជ្ញាធរជាតិអប្សរាផងដែរ៕