១០ ឆ្នាំទៀត ថៃនឹងក្លាយជាប្រទេស ឈានមុខគេលើការតម្លើង និងផលិតរថយន្តធំជាងគេនៅអាស៊ីអាគ្នេយ៍

ថៃ ដែលបច្ចុប្បន្នជាប្រទេស ឧស្សាហកម្ម ធំជាងគេទី​២ នៅអាស៊ីអាគ្នេយ៍ បានកំពុងដំណើរការយ៉ាងរលូន ទៅលើវិស័យជាច្រើន រួមបញ្ចូលទាំងការតម្លើងគ្រឿងម៉ាស៊ីន និងគ្រឿងចក្រធំៗ។ ជាក់ស្ដែងរោងចក្រខ្នាតយក្សជាច្រើន កំពុងបើកដំណើរការជាប្រចាំនៅថៃ រួមមានរោងចក្រ Honda, Toyota, Yamaha, Kawasaki និងម៉ាកល្បីៗទៀតជាច្រើន ដែលក្នុងមួយឆ្នាំ ថៃអាចផលិត ឬតម្លើងគ្រឿងម៉ាស៊ីនជាម៉ូតូ និងរថយន្តបានរាប់លានគ្រឿង ហើយបន្តលក់ទៅកាន់ទីផ្សារបរទេស រួមមានប្រទេសកម្ពុជាផងដែរ ដែលទទួលទិញម៉ូតូ និងរថយន្តភាគច្រើន។

យោងតាមប្រភពព័ត៌មានក្នុងស្រុករបស់ថៃ បានចេញផ្សាយកាលពីម្សិលមិញនេះបានឲ្យដឹងថា ប្រទេសថៃ នឹងក្លាយទៅជាប្រទេសធំជាងគេ​ និងជាប្រទេសផ្គត់ផ្គង់គ្រឿងចក្រ គ្រឿងម៉ាស៊ីនធំជាងគេបំផុត​ នៅអាស៊ីអាគ្នេយ៍នា ឆ្នាំ២០៣០ ខាងមុខ ជាមួយនឹងអត្រាផលិតបានយ៉ាងហោចណាស់ ២,៥ លានគ្រឿងក្នុងមួយឆ្នាំ ដោយក្នុងនោះមានចំនួនយ៉ាងតិច ២០០,០០០ គ្រឿង គឺជារយន្តទំនើប ប្រើប្រាស់ថាមពលអគ្គិសនី ដោយមិនប្រើប្រាស់សាំង ឬប្រេងឥន្ធៈ។ លោក Adisak Rohitasune នាយកប្រតិបត្តិនៃវិទ្យាស្ថានផលិតរថយន្តថៃ (The Thailand Automotive Institute) បានឲ្យដឹងអំពីចក្ខុវិស័យ និងជំហានដើរទៅមុខរបស់ថៃ ទៅលើវិស័យចល័តនាថ្ងៃអនាគត បានឲ្យដឹងថា “បច្ចុប្បន្នថៃ អាចផលិតយានយន្តបានប្រមាណជា​ ២លានគ្រឿង ក្នុងមួយឆ្នាំ ដោយគ្រឿងម៉ាស៊ីនទាំងនោះ គឺប្រើប្រាស់ម៉ាស៊ីនសាំង។ នៅឆ្នាំ ២០៣០ ប្រទេសថៃ នឹងក្លាយទៅជាមូលដ្ឋានផលិតកម្ម ដ៏សំខាន់មួយ នៃយានយន្តទំនើបនៅក្នុងតំបន់ ដែលមានសមត្ថអាចផលិតយានយន្តបានប្រមាណជា ២,៥ លានគ្រឿងក្នុងមួយឆ្នាំ ដោយក្នុងនោះមាន ១,៥ លានគ្រឿង គឺជារថយន្តសម្រាប់ប្រើប្រាស់នៅក្នុងផ្ទៃប្រទេសថៃផ្ទាល់ ដោយក្នុងចំនោមនោះមាន ១៥% ឬ ២២៥,០០០ គ្រឿងគឺជារថយន្តប្រភេទ BEVs​ និងមាន ៦០% ផ្សេងទៀតជារថយានយន្ត ដែលមានម៉ាស៊ីនសាំង និងម៉ាស៊ីនស្វយ័តទំនើប”។

លោក Adisak បានបន្ថែមទៀតថា​ “យានយន្ត បម្រើសេវាកម្មសាធារណៈផ្សេងទៀតដូចជា ទុកទុក រថយន្តក្រុង ម៉ូតូកង់បី តាក់ស៊ីម៉ែត្រ និងម៉ូតូឌុប នានា​ នឹងមានការវិវឌ្ឍន៍ខ្លួន ទៅប្រើប្រាស់អគ្គិសនីភាគច្រើន។ សព្វថ្ងៃនេះរថយន្តប្រហែលជា ១៥ លានគ្រឿងនៅប្រទេសថៃនៅបន្តប្រើប្រាស់សាំង តែឆ្នាំ ២០៣៦ នឹងមាន ១,២ លានគ្រឿង ប្រើប្រាស់ម៉ាស៊ីនដំណើរការដោយថាមពលអគ្គិសនី ដែលសាកថ្ម ហើយដំណើរការ បានចម្ងាយឆ្ងាយ”។  នៅឆ្នាំ ២០៣០ ខាងមុខ តម្លៃនារការផលិតរថយន្ត និងសេវកម្មពាក់ព័ន្ធផ្សេងទៀត នឹងឈានដល់ ១ សែនកោដិដុល្លារអាមេរិក ហើយថៃនឹងអភិវឌ្ឍន៍ខ្លួន ដើម្បីទទួលបានប្រាក់ចំណូលបន្ថែមទៀតតាមនិន្នាការនេះ។ វិទ្យាស្ថានរបស់លោក បានធ្វើការស្នើវិធានការជាច្រើន សម្រាប់គោលបំណងរួមមានការរៀបចំរចនាសម្ព័ន្ធ ពន្ធដារ និងការលើកទឹកចិត្តបន្ថែមទៀត ក្នុងការគាំទ្រទោដល់រថយន្តស្អាតដែលជួយទៅដល់បរិស្ថានផែនដី និងអ្នកដែលបានទិញ។

ការវិវឌ្ឍន៍ខ្លួនរបស់ផលិតកម្មរថយន្តនៅប្រទេសថៃនេះ គឺជាការបោះជំហានដ៏ធំមួយ ដែលរួមចំនែកក្នុងការកាត់បន្ថយផ្សែងពុល នៅតាមបណ្ដាប្រទេសជិតខាង ខណៈពេលបច្ចុប្បន្ន ការអភិវឌ្ឍន៍គ្រឿងម៉ាស៊ីន ដំណើរការដោយថាមពលអគ្គិសនី បានប្រសើរថែមមួយកម្រិតទៀតហើយ ហេតុដូច្នេះ ១០ ឆ្នាំទៅមុខទៀត ម៉ាស៊ីនដើរដោយអគ្គិសនី និងជួយច្រើនទៅដល់យានយន្តគ្រប់ប្រភេទ​ ដែលធ្វើដំណើរតាមផ្លូវ មិនថានៅតាមទីក្រុង ទីជនបទ រថយន្តលក្ខណៈគ្រួសារ រថយន្តដឹកទំនិញ ។ល។

 

 

 

 

 

ប្រភពមកពីThailand Business News