កម្ពុជា នឹងរៀបចំព្រឹត្តិការណ៍ អង្គរសង្ក្រាន្តឡើងវិញ នាខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ!


ភ្នំពេញ៖ ព្រឹត្តិការណ៍អង្គរសង្គ្រាន្ត ដែលតែងតែប្រារព្ធ ធ្វើឡើងនាឱកាសពិធីបុណ្យចូលឆ្នាំខែ ប្រពៃណីជាតិ នឹងចាប់ផ្ដើមធ្វើឡើងវិញហើយ នាខែមេសា ឆ្នាំ២០២៣ ខាងមុខ នេះបើយោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ថ្លែងក្នុងឱកាសបិទព្រឹត្តិការណ៍ កីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិលើកទី១ នៅពហុកីឡដ្ឋានមរតកតេជោ កាលពីល្ងាចថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា នឹងរៀបចំឡើងវិញ នូវព្រឹត្តិការណ៍អង្គរសង្គ្រាន្តឆ្នាំថ្មី បន្ទាប់ពីអាកខាន ពុំបានធ្វើឡើងដោយសារតែ ជំងឺកូវីដ-១៩ កាលពីឆ្នាំ២០២០ ដល់ឆ្នាំ ២០២២ នេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា “ខ្ញុំក៏សូមបញ្ជាក់ជូន ចំពោះបងប្អូនជនរួមជាតិ នៅទូទាំងប្រទេសឲ្យបានជ្រាបថា នៅចូលឆ្នាំខ្មែរ ខែមេសា ឆ្នាំ២០២៣ខាងមុខនេះ យើងនឹងធ្វើអង្គរសង្ក្រាន្ត សាជាថ្មីម្តងទៀត ពេលនោះសង្ឃឹមថា កីឡាល្បុក្កតោរបស់យើង នឹងក្លាយទៅជានិមិត្តរូប ដ៏សំខាន់ នៃការជួបជុំនៅក្នុង អង្គរសង្ក្រាន្តនៅពេលនោះ”។ សម្ដេចថ្លែងបន្ថែមទៀតថា “ការដែល គុនល្បុក្កតោ របស់កម្ពុជា ឆាប់ទទួលបាន ការចុះក្នុងបញ្ជីបេតិកភណ្ឌ វប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ ក៏មានចំណែកនៃការរៀបចំ បង្ហាញក្បាច់គុននេះ ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នាពេលកន្លងមកផងដែរ”។

សូមជម្រាបថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នឹងប្រារព្ធធ្វើឡើងបីថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ ខាងមុខ។ ព្រឹត្តិការណ៍នេះ បានរួមចំណែកយ៉ាងខ្លាំងក្លា ក្នុងការលើកមុខមាត់ វប្បធម៌ជាតិខ្មែរ ជួយទៅដល់វិស័យទេសចរណ៍ និងទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ឱ្យចូលមកកម្សាន្ត និងសិក្សាស្វែងយល់អំពី អរិយធម៌មរតក ដូនតាខ្មែរ ដ៏រុងរឿង៕