ត្រួសៗ អំពីប្រវត្តិរបស់ប្រាសាទព្រះខ័ន ខេត្តសៀមរាប


ប្រសិនបើអ្នក ជាអ្នករស់នៅខេត្ដសៀមរាប នោះប្រាកដណាស់នឹង ស្គាល់ច្បាស់ហើយ អំពីប្រាសាទព្រះខ័ន ដោយឡែកសម្រាប់អ្នកមួយចំនួន ដែលរស់នៅឆ្ងាយ ពីខេត្ដនេះវិញ ក៏ប្រហែលជាមិនធ្លាប់ បានស្គាល់លម្អិតអំពី ប្រវត្ដិប្រាសាទនេះច្រើន ប៉ុន្មានឡើយ។ ដូច្នេះនៅក្នុងថ្ងៃនេះ ក្រុមការងារយើង នឹងលើកយកប្រវត្ដិត្រួសៗ ក៏ដូចជាដើមចម នៃការកសាងប្រាសាទនេះឡើង អត្ថន័យនៃឈ្មោះ ប្រាសាទព្រះខ័ន និងរឿងរ៉ាវផ្សេងៗ ដែលទាក់ទងនឹងប្រាសាទនេះជាដើម។

ប្រាសាទព្រះខ័ន មានទីតាំងស្ថិត ក្នុងបរិវេណឧទ្យានអង្គរ ដែលមានចំងាយប្រមាណជា ៤៧គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប។ ប្រាសាទនេះក៏ស្ថិតនៅក្នុង ក្រុមប្រាសាទវង់ធំ និងមានចម្ងាយប្រមាណ ៣គីឡូម៉ែត្រ ពីប្រាសាទបាយ័ន និង១,៥គីឡូម៉ែត្រ ពីទ្វារដីឆ្នាំង ដែលជាទ្វារអង្គរធំ ទិសខាងជើងជាដើម។ ប្រាសាទព្រះខ័ន មានរាងបួនជ្រុងទ្រវែង មានវិមាត្រប្រវែង ៨០០ ម៉ែត្រ x ៧០០ ម៉ែត្រ សង់ឡើងនៅរជ្ជកាល ព្រះបាទជ័យវរ្ម័នទី៧។

តែបើក្រលេកមើល ក្បាច់រចនានៃប្រាសាទនេះវិញ មើលទៅមានលក្ខណៈ ដូចជាប្រាសាទបន្ទាយក្តី និងប្រាសាទតាព្រហ្មផងដែរ។ ប្រាសាទព្រះខ័ន ត្រូវបានសាងសង់ឡើង នៅក្នុងរជ្ជកាល ព្រះបាទជ័យវរ្ម័នទី៧ តែពុំបានសង់រួច នៅក្នុងសម័យព្រះអង្គទេ គឺមហាក្សត្រក្រោយៗ បានសង់បន្ថែមជាបន្ដបន្ទាប់ នៅគ្រឹស្តសតវត្សរ៍ទី១២ ដល់ទី ១៣។ ប្រាសាទព្រះខ័ន ត្រូវបានកសាងឡើង នៅក្នុងសតវត្សរ៍ទី១២ ក្នុងឆ្នាំ១១៩១ ដោយព្រះបាទជ័យវរ្ម័នទី៧ ដើម្បីឧទ្ទិសចំពោះ លទ្ធិព្រះពុទ្ធសាសនាមហាយាន។

ព្រះអង្គ បានកសាងព្រះបរមរូប ព្រះបាទធរណិន្ទ្រវរ្ម័នទី២ជាព្រះវរបិតា ជាទេវរាជតំណាង ព្រះពោធិសត្វលោកេស្វរៈ ដូចគ្នានឹងប្រាសាទតាព្រហ្ម ដែលព្រះអង្គបានកសាង ព្រះបរមរូបព្រះវរមាតា ជ័យរាជចូឌាមណី ជាទេវរាជតំណាង ព្រះនាងប្រាជ្ញាបារមីតា។ យោងតាមសិលាចារឹក បានចារថា ប្រាសាទនេះសាងសង់នៅ សមរភូមិចុងក្រោយ ដែលព្រះបាទជ័យវរ្ម័នទី៧ បានផ្តួលរំលំពួកចាម។

ក្រៅពីនេះ ប្រាសាទព្រះខ័នក៏មានតួនាទី ធ្វើជាកន្លែងសម្រាប់ ព្រះមហាក្សត្រធ្វើការផង ជាសកលវិទ្យាល័យផង និងសម្រាប់គោរពប្រតិបត្តិ សាសនាចម្រុះ ទាំងព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនាផងដែរ។ ប្រាសាទព្រះខ័ន ក៏ធ្លាប់ជាសមរភូមិប្រយុទ្ធ ប្រឡាក់ទៅដោយថ្លុកឈាម នៅពេលកងទ័ពចាមវាយលុក និងគ្រប់គ្រងក្រុងអង្គរ នៅឆ្នាំ១១៧៧ ប៉ុន្តែត្រូវបានព្រះបាទជ័យវរ្ម័នទី៧ ធ្វើសង្គ្រាមដណ្តើមយកជ័យ បានមកវិញនៅឆ្នាំ ១១៨១។

ចំពោះអត្ថន័យឈ្មោះ នៃប្រាសាទនេះវិញ គឺពាក្យថា ព្រះខ័ន មានន័យថាដាវ។ តាមការស្រាវជ្រាវនៅពេលថ្មីៗ នេះ ប្រជាជនយល់ថា ប្រាសាទព្រះខ័ន ជាទីកន្លែងដាក់គ្រឿង សម្រាប់ធ្វើសឹក។ ដូច្នេះ ព្រះខ័ន គឺជាឈ្មោះទំនើបនៅរក្សា ឈ្មោះពីបុរាណ ពោលគឺ «ជ័យស្រី» នេះមានន័យថា «ព្រះខ័ន» និងមានន័យម៉្យាងទៀតថា «ម្លូ»។ ដូច្នេះឈ្មោះនៃប្រាសាទមានន័យថា «ព្រះខ័នជ័យ ឬដាវជ័យ» ដែលយកឈ្មោះពីបុរាណ«ជ័យស្រី» ដែលមានន័យថា «ទីក្រុងជ័យជំនះដ៏ពិសិដ្ឋ»